ឯកឧត្តម អ៊ាង សុផល្លែត ចាត់ទុកថា « លោកពូ អ្នកមីង បងប្អូន អតីតយុទ្ធជន គឺជាកំលាំងចលករដ៏សំខាន់ ក្នុងការរួមចំណែកអនុវត្តគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ធ្វើឱ្យកម្ពុជាយើង មានសុខសន្តិភាព ការអភិវឌ្ឍ និងកិត្យានុភាព ទូទាំងប្រទេស និងលើឆាកអន្តរជាតិ»
(ខេត្តត្បូងឃ្មុំ)៖ ឯកឧត្តម អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានថ្លែងបញ្ជាក់ ក្នុងឱកាស ជួបសំណេះ សំណាល និងបំពាក់មេដាយជូន អតីតយុទ្ធជន ចំនួនជាង ២០០នាក់ នៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃសុក្រ ទី ៣០ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចូលរួមពី ឯកឧត្តម ឡាំ ឆន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លោកជំទាវ សាន្ត អារុណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
ឯកឧត្តមបានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំ និងក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ សូមគោរពដឹងគុណ ចំពោះការលះបង់គ្រប់បែបយ៉ាង របស់អតីតយុទ្ធជននៅទូទាំងប្រទស ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជា ស្ថាបនិកសន្តិភាព នាំអោយកម្ពុជាដ៏កម្សត់របស់យើងដែលកើតចេញពីផេះផង់សង្រ្គាម គំនរឆ្អឹង និងថ្លុកឈាម ក្លាយជាប្រទេសដែលមានសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍនៅទូទាំងប្រទេស មានកេរ្តិ៍ឈ្មោះលើសកលលោក ជាកម្ពុជាថ្មី ដែលមានសមត្ថភាព រៀបចំព្រឹត្តិការណ៍ធំៗ ពលរដ្ឋមានសមត្ថភាពអាចដណ្តើមបានជ័យលាភី និង មេដាយស្ទើរគ្រប់ជំនាញ។
ឯកឧត្តមបានសំណូមពរដល់ ពូ មីង ជួយធ្វើយ៉ាងណា ជំរុញ និង បំពេញនូវកង្វះខាតរបស់យើងខ្ញុំ ទាំងអស់គ្នា ក្នុងនាមជាអ្នកទទួលនូវផ្លែផ្កាពីសុខសន្តិភាព ដែលបានពីការលះបង់សាច់ស្រស់ ឈាមស្រស់ របស់ លោកពូ អ្នកមីង បងប្អូន អតីតយុទ្ធជន ដែលបានឆ្លងកាត់គ្រប់រសជាតិនៃ សង្គ្រាម ព្រោះថា «ក្មេងដើរលឿន ចាស់ស្គាល់ផ្លូវ»។
ឯកឧត្តមបានបន្តថា ដើម្បីតបស្នងនូវគុណូបការៈរបស់អតីតយុទ្ធជនទាំងអស់ យើងខ្ញុំជាក្រុមការងារអូររាំងឪ ប្តេជារក្សាអោយបាននូវសុខសន្តិភាព រួមចំណែកអភិវឌ្ឍន៍ និងបន្តកសាងសមិទ្ធិផលសម្រាប់កូនចៅជំនាន់ក្រោយទៀត។
ឯកឧត្តមក៏បាន ជូនពរដល់លោកពូ អ្នកមីង បងប្អូន អតីតយុទ្ធជន ទាំងអស់ សូមអោយមានសុខភាពល្អ និងអាយុវែង ដើម្បីមើលឃើញពីការអភិវឌ្ឍរុងរឿងជាបន្តទៀត របស់មាតុភូមិយើង ៕ ប្រភព ៖ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ






