រថយន្តបុករះ ស្លាប់មនុស្សជិត៥០នាក់នៅកេយ៉ា

មនុស្សរាប់សិបនាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ នៅប្រទេសកេនយ៉ា។

ប៉ូលិសបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៤៨ នាក់បានស្លាប់ នៅពេលដែលរថយន្តដឹកទំនិញមួយបានបាត់បង់ការគ្រប់គ្រង និងបានបុករថយន្តផ្សេងទៀត និងអ្នកថ្មើរជើងនៅឯផ្លូវប្រសព្វដ៏មមាញឹកមួយ នៅភាគខាងលិចប្រទេសកេនយ៉ា កាលពីថ្ងៃសុក្រ សប្តាហ៍នេះ។

រូបភាពទូរទស្សន៍បានបង្ហាញពីទិដ្ឋភាពនៃការបំផ្លិចបំផ្លាញនៅកន្លែងកើតឧប្បត្តិហេតុ ដោយមានការខូចខាតនៃរថយន្តធុនតូចជាច្រើនគ្រឿង និងរថយន្តដែលក្រឡាប់ ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានតាមប្រមាញ់ ក្នុងភាពងងឹត ស្វែងរកមនុស្សដែលសង្ស័យថាជាប់គាំង។

មេបញ្ជាការប៉ូលិសក្នុងតំបន់ លោក Geoffrey Mayek បានប្រាប់ AFP បន្ទាប់ពីឧបទ្ទវហេតុនៅលើផ្លូវហាយវេ រវាងទីក្រុង Kericho និង Nakuru នៅម៉ោងប្រហែល ៦ និង ៣០ នាទីល្ងាចថា “រហូតមកដល់ពេលនេះ យើងអាចបញ្ជាក់បានថាអ្នកស្លាប់ចំនួន ៤៨ នាក់ ហើយយើងកំពុងសង្ស័យថា មនុស្សម្នាក់ ឬពីរនាក់នៅតែជាប់នៅក្រោមរថយន្ត”។

លោកបាននិយាយថា មនុស្ស ៣០ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ហើយបានប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យផ្សេងៗ ដោយព្រមានថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើង។

សាក្សីម្នាក់ឈ្មោះ Maureen Jepkoech បាននិយាយថា៖ «ខ្ញុំបានឃើញទិដ្ឋភាពអាក្រក់ណាស់ សាកសព និងឈាមពាសពេញ។

លោក Tom Mboya Odero មេបញ្ជាការប៉ូលីសប្រចាំតំបន់នៃ Rift Valley បាននិយាយថា រថយន្តដែលធ្វើដំណើរឆ្ពោះទៅកាន់ Kericho “បានបាត់បង់ការគ្រប់គ្រង និងបានបុករថយន្តចំនួន ៨ គ្រឿង ម៉ូតូជាច្រើនគ្រឿង មនុស្សដែលនៅតាមផ្លូវ អ្នកលក់ដូរ និងមនុស្សផ្សេងទៀតដែលប្រកបអាជីវកម្មផ្សេងទៀត”។

មេដឹកនាំប្រទេសកេនយ៉ា រួមទាំងប្រធានាធិបតី William Ruto បានសម្តែងការរំលែកទុក្ខរបស់ពួកគេបន្ទាប់ពីឧបទ្ទវហេតុដែលបានកើតឡើងនៅតំបន់ដ៏មមាញឹកដែលគេស្គាល់ថា ជាផ្លូវប្រសព្វ Londiani ។

រដ្ឋមន្ត្រីដឹកជញ្ជូនលោក Kipchumba Murkomen បាននិយាយនៅលើ Twitter ថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនឹងត្រូវបានអនុវត្តដោយការស៊ើបអង្កេតដើម្បីកំណត់ពីមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner