ថៃនឹងវ៉ាវៀតណាម ក្លាយជាប្រទេសនាំចេញអង្ករលំដាប់លេខ២
បាងកក៖ ថៃអះអាងថា ខ្លួននឹងវ៉ាឈ្នះវៀតណាម ក្នុងនាមជាប្រទេសនាំចេញអង្ករច្រើនជាងគេ លំដាប់លេខ២ របស់ពិភពលោក។
អ្នកនាំពាក្យរដ្ឋាភិបាល លោក អានុចា បូរ៉ាប៉ាឆៃស្រ៊ី (Anucha Burapachaisri) បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា ប្រទេសថៃកំពុងស្ថិតនៅលើផ្លូវ ដើម្បីវ៉ាវៀតណាមជាអ្នកនាំចេញអង្ករធំជាងគេទីពីររបស់ពិភពលោក នៅឆ្នាំ២០២៣ បន្ទាប់ពីការនាំចេញរបស់ខ្លួនក្នុងរយៈពេល ៤ ខែដំបូងបានកើនឡើងដល់ ២.៦២ លានតោន។
នេះតំណាងឱ្យការកើនឡើង ១៤.៤១% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដោយរដ្ឋាភិបាលឥឡូវនេះ បានប៉ាន់ប្រមាណថា ការនាំចេញអង្ករសរុប នៅឆ្នាំ ២០២៣ នឹងលើសពី ៨ លានតោន លើសពីចំនួនសរុបកាលពីឆ្នាំមុន ដែលមានចំនួន ៧.៦៩ លានតោន ដែលធ្វើអោយប្រទេសថៃស្ថិតក្នុងចំណាត់ថ្នាក់ទីបី ក្នុងចំណោមអ្នកនាំចេញអង្ករ ក្នុងពិភពលោកនោះ។ ពេលនោះដែរ អ្នកនាំចេញច្រើនជាងគេ គឺឥណ្ឌា និង លេខ២ គឺវៀតណាម។

លោកអ្នកនាំពាក្យរដ្ឋាភិបាលរូបនេះបានមានប្រសាសន៍ថា «ការបង្កើនការនាំចេញអង្ករ គឺជាលទ្ធផលនៃយុទ្ធនាការបន្តរបស់រដ្ឋាភិបាលសម្រាប់ការកែលម្អពូជស្រូវ ដែលបណ្តាលឱ្យមានការបន្ថែមពូជស្រូវថ្មីចំនួន២១ ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ» ដោយលោកបន្ថែមថា យុទ្ធនាការនេះក៏មានគោលបំណងអភិវឌ្ឍពូជស្រូវចំនួន ១២ បន្ថែមទៀតផងដែរ ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។
លោក អានុចា (Anucha) បានកត់សម្គាល់ថា រដ្ឋាភិបាលក៏បានជំរុញការតាំងពិព័រណ៍ពាណិជ្ជកម្ម និងការចរចាជាមួយដៃគូពាណិជ្ជកម្មដែលមានស្រាប់ ក៏ដូចជាការស្វែងរកអតិថិជននៅក្នុងទីផ្សារថ្មីៗ ដូចជាហុងកុង ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី និងជប៉ុន៕ ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត