គណបក្សប្រជាជនកម្ពុជា ប្រកាស និងសុំការគាំទ្រពីជនរួមជាតិនូវកម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍នយោបាយជាប្រវត្តិសាស្ត្រមួយដែលមានសារៈសំខាន់ជាទីបំផុតចំពោះជាតិយើង។ ការសម្រេចចិត្តខាងនយោបាយរបស់ប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោតនេះ ដើម្បីជ្រើសរើសយកគណបក្សណាមួយឱ្យបន្តដឹកនាំប្រទេស គឺមានលក្ខណៈកំណត់ចំពោះជោគវាសនាអនាគតរបស់ជាតិ និងប្រជាជនយើងផ្ទាល់។
សម្ដេចតេជោ បានបង្ហាញជំនឿថា បងប្អូនជនរួមជាតិដែលបានមើលឃើញជាក់ស្តែងរួចហើយនូវការរីកចម្រើនរបស់ប្រទេសកម្ពុជានៅក្នុងសុខសន្តិភាព ឯករាជ្យ ឯកភាព អធិបតេយ្យ និងបូរណភាពទឹកដីពេញលេញបច្ចុប្បន្ននេះ នឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងសម្ដេច ឱ្យដឹកនាំប្រទេសជាតិសម្រាប់នីតិកាលទី៧ ជាបន្តទៀត។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា គណបក្សប្រជាជនកម្ពុជា សូមប្រកាស និងសុំការគាំទ្រពីជនរួមជាតិនូវ «កម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨» ដើម្បីធានាការការពារសន្តិភាព និងនិរន្តរជាតិលើមាគ៌ានៃការអភិវឌ្ឍ និងការលើកស្ទួយជីវភាពប្រជាជនឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ លើមូលដ្ឋានកម្មវិធីនយោបាយនេះ គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវគោលជំហរជាយុទ្ធសាស្ត្រដូចខាងក្រោម ៖
១-ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ តាមប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរី ពហុបក្ស បែបសភានិយមឱ្យស្ថិតស្ថេរជានិរន្តរ៍ ព្រមទាំងពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ឱ្យចាក់គ្រឹះរឹងមាំក្នុងសង្គមជាតិ ដោយដើរទន្ទឹមនឹងការពង្រឹងនីតិរដ្ឋ រួមជាមួយនឹងការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស។

២-ពង្រឹងឯកភាពជាតិ និងប្ដេជ្ញាទប់ស្កាត់ និងកម្ចាត់គ្រប់ទម្រង់នៃនយោបាយ និងសកម្មភាពជ្រុលនិយម បង្កឡើងដោយបុគ្គល ឬក្រុមបុគ្គល ឬអង្គការចាត់តាំងនយោបាយណាមួយ ឬមជ្ឈដ្ឋានអមិត្តណាមួយដែលព្យាយាមញុះញង់បង្កការបែកបាក់ជាតិ បង្កើតភាពវឹកវរសង្គម បំផ្លាញសុខសន្តិភាព បង្កអស្ថិរភាពនយោបាយនៅកម្ពុជាតាមបែបឧទ្ទាម ដែលផ្ទុយទាំងស្រុងពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងរំលោភបំពានលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
៣-បន្តជ្រោងទង់មហាសាមគ្គីជាតិនៅក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សំដៅបង្រួបបង្រួមប្រមូលកម្លាំងប្រជាជាតិខ្មែរទាំងមូលដោយឥតប្រកាន់ពូជសាសន៍, ពណ៌សម្បុរ, វ័យ, ភេទ, ភាសា, ជំនឿសាសនា, និន្នាការនយោបាយ, អតីតកាល, ដើមកំណើតជាតិ, ឋានៈសង្គម, ធនធាន ឬស្ថានភាពឯទៀត ដើម្បីថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងរាល់សមិទ្ធផលសង្គមជាតិ ព្រមទាំងរួមសាមគ្គីគ្នាបន្តកសាង និងការពារមាតុភូមិឆ្ពោះទៅរកអនាគតដ៏រុងរឿង។
៤-បន្តអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ ការពារអធិបតេយ្យ និងបូរណភាពទឹកដី ប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅគ្រប់រូបភាព កសាងមិត្តភាព និងកិច្ចសហ-ប្រតិបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជាជាមួយប្រទេសទាំងអស់នៅលើសកលលោក និងអង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្មចំពោះ បុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ សហប្រតិបត្តិការ និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក ។

សម្ដេចបន្តថា កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឆ្នាំ ២០២៣-២០២៨ ជាការបន្តនៃកម្មវិធីនយោបាយ ឆ្នាំ ២០១៨-២០២៣ និងឆ្លើយតបទៅនឹងការវិវត្តន៍នៃសភាពការណ៍ជាក់ស្ដែងទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស។ កម្មវិធីនយោបាយនេះ ត្រូវបានកសាងឡើងដោយផ្តើមចេញពីឆន្ទៈ និងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន និងប្រកបដោយភាពប្រាកដនិយមដែលគណបក្សមានសមត្ថភាព និងលទ្ធភាពពិត ក្នុងការអនុវត្តឱ្យបានសម្រេច។ ក្នុងនាមជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់នីតិកាលទី៧ ខាងមុខនេះ សម្ដេចតេជោ បានត្រៀមរៀបចំរួចជាស្រេចនូវរបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល បន្តពីយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ សម្រាប់ជាឧបករណ៍ដឹកនាំអនុវត្តឱ្យបានសម្រេចជោគជ័យនូវ «កម្មវិធីនយោបាយ» របស់គណបក្ស ៕
អត្ថបទ៖ វណ្ណលុក , រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ