លោក ពូទីន និងលោក ម៉ូឌី សន្ទនាតាមទូរសព្ទ ពិភាក្សាអំពីអ៊ុយក្រែន និងការបះបោរប្រដាប់អាវុធ
មូស្គូ:កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានពិភាក្សាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី (Narendra Modi) អំពីការវិវត្តស្ថានភាពជុំវិញប្រទេសអ៊ុយក្រែន និងយុទ្ធសាស្ត្រដែលទីក្រុងមូស្គូបានដោះស្រាយបញ្ហាការបះបោរដោយទាហានស៊ីឈ្នួលប្រដាប់អាវុធកាលពីប៉ុន្មានថ្ងៃមុន។ នេះបើយោងតាមការលើកឡើងរបស់ទីក្រុងក្រឹមឡាំង និងទីក្រុងញូវដេលី។
ទីក្រុងមូស្គូ បានឱ្យដឹងថា លោក ម៉ូឌី បានសម្តែងការគាំទ្រចំពោះដំណោះស្រាយដែលវិមានក្រឹមឡាំងបានធ្វើឡើង ពោលគឺការសម្រេចចិត្តរបស់មេដឹកនាំរុស្ស៊ីក្នុងការដោះស្រាយជាមួយការបះបោរដោយក្រុមទាហានស៊ីឈ្នួល វ៉ែកណឺ (Wagner) កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន។
រដ្ឋាភិបាលឥណ្ឌាបានប្រកាសថា ក្នុង.អំឡុងពេលសន្ទនារបស់ពួកគេទាំងពីរ លោក ពូទីន ដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលតាមអនឡាញ ស្ដីពីកិច្ចសហប្រតិបត្តិការសៀងហៃ ជាមួយលោក ម៉ូឌី នៅថ្ងៃអង្គារខាងមុខនេះ បានធ្វើបច្ចុប្បន្នភាពឱ្យលោកនាយករដ្ឋមន្ត្រី ម៉ូឌី បានដឹងអំពីព្រឹត្តិការណ៍ដែលបានកើតឡើងថ្មីៗនៅក្នុងប្រទេសរុស្ស៊ី។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីលោក ម៉ូឌី បានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលថ្មីៗនេះទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដែលទាំងសហរដ្ឋអាមេរិក និងឥណ្ឌាបានបង្ហាញពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយ៉ាងជិតស្និទ្ធបំផុតនៅក្នុងពិភពលោក។
គួរដឹងដែរថា ឥណ្ឌា មិន បាន ថ្កោលទោស រុស្ស៊ី ដែលជា សម្ព័ន្ធមិត្ត ចាស់ របស់ខ្លួន ជុំវិញ ការឈ្លានពានទឹកដីប្រទេស អ៊ុយក្រែននោះ ទេ ហើយឥណ្ឌា បាន ជំរុញ ភាគីជម្លោះ ទាំងពីរ ឱ្យ ដោះស្រាយ ការខ្វែងគំនិត គ្នា តាមរយៈ ការទូតវិញ។ លោក ម៉ូឌី បានប្រាប់លោក ពូទីន កាលពីឆ្នាំមុនថា សម័យសព្វថ្ងៃនេះមិនមែនជាសម័យធ្វើសង្រ្គាមនោះទេ។
ទីក្រុងញូវដេលីបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ខណៈដែលកំពុងពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន នាយករដ្ឋមន្ត្រី ម៉ូឌី បានរំលឹកឡើងវិញ នូវការអំពាវនាវរបស់លោកឱ្យមានការសន្ទនា និងការដោះស្រាយតាមរយៈការទូត»។
ដោយឡែក មេបញ្ជាការក្រុមទាហានស៊ីឈ្នួល វ៉ែកណឺ របស់រុស្ស៊ី លោក យ៉េវហ្គេនី ព្រីហ្គោស៊ីន (Yevgeny Prigozhin) បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល តាមរយៈការបានដឹកនាំការបះបោរប្រដាប់អាវុធកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន។ យ៉ាងណាក៏ដោយ លោកបានប្រាប់ទៅកាន់ទាហានឱ្យដកថយវិញ ខណៈដែលក្រុមយុទ្ធជនរបស់លោកទាំងអស់នោះ បានចូលទៅជិតទីក្រុម៉ូស្គូ។
យោងតាមក្រុមសន្តិសុខឥណ្ឌាបានឱ្យដឹងថា កាលពីថ្ងៃពុធ ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក អាជីត ដូវ៉ាល (Ajit Doval) បាននិយាយទៅកាន់សមភាគីរបស់លោកគឺ លោក នីកូឡាយ ផាធ្រូហ្សេវ (Nikolai Patrushev) អំពីបញ្ហានៃការបះបោរដែលបានបរាជ័យនោះផងដែរ។ គួរបញ្ជាក់ថា ឥណ្ឌានៅតែពឹងផ្អែកទៅលើទីក្រុងម៉ូស្គូ ជាពិសេសតម្រូវការការពារជាតិ និងបានបង្កើនការនាំចូលប្រេងពីរុស្ស៊ីដែលមានតម្លៃថោកយ៉ាងខ្លាំង ដែលធ្វើឱ្យលោកខាងលិចមានការខកចិត្តខ្លាំងផងដែរ៕
ប្រែសម្រួល:ធា សុណា