ឥណ្ឌា​៖ មនុស្ស​​ ២៥នាក់​ស្លាប់​ក្នុង​ហេតុការណ៍​​រថ​យន្ត​ក្រុង​​បុក​បង្គោល​ ហើយ​ឆេះ​

ញូវដែលី៖មនុស្ស​​​ ២៥ នាក់​បាន​ស្លាប់​ និងប្រាំបីនាក់​ផ្សេង​ទៀត​បាន​រង​របួស​ ក្រោយ​ពេល​រថយន្ត​ក្រុ​ង​មួយ​គ្រឿង​បាន​បោក​ទៅ​បុក​បង្គោល​ភ្លើង​ហើយ​ក្រឡាប់​​​ឆេះ​​ នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ក្នុងរដ្ឋ​​ភាគ​ខា​ង​លិច​ Maharashtra ​របស់​​ឥណ្ឌា​ កាល​ពីម៉ោង​២​រំលង​អធ្រាត្រ​​នៃ​ព្រឹក​ថ្ងៃ​សៅរ៍​។ ​

​មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​ប្រចាំ​ក្រុងកើតហេតុ​​Buldhana នៃ​រដ្ឋ​​ Maharashtra លោក​ Baburao Mahamuni​បាន​ប្រាប់​AFPថា​ រថយន្ត​ក្រុង​​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​Pune​តាម​បណ្ដោយ​ផ្លូវល្បឿន​លឿន​ Samruddhi Mahamarg ​មុន​ពេល​បុក​បង្គោល​ភ្លើង​ហើយ​ក្រឡាប់​ឆេះ​​។ លោក​បន្ត​ថា ​៖ «​​​មាន​មនុស្ស​ប្រហែល​ពី​ ៣០​ ទៅ​ ៣៥​ នាក់​ជិះ​ឡាន​ក្រុង​នោះ​។​ មនុស្ស ​២៥​ នាក់​បាន​ស្លាប់ ​និង​ប្រាំបី​នាក់​ផ្សេង​ទៀត​បាន​រង​របួស​»​។

​រដ្ឋ​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​របស់​រដ្ឋ​លោក​ Girish Mahajan ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ​តៃកុង​ឡាន​ និង​​ព្រូ​ឡាន​​​ ត្រូវ​បាន​ចាប់​ខ្លួន​ ដើម្បី​សាក​សួរ​បន្ថែម​។ លោក​បន្ត​ថា​៖ «​តៃកុង​ឡាប​ប្រាប់​ថា​ កង់​រថយន្តក្រុង​​បែក​​ ហើយ​រេ​ទៅ​បុក​បង្គោល​ភ្លើង​។ ប៉ុន្តែ​វា​ហាក់​ដូច​ជា​គាត់​(តៃកុងឡាន​)ងុយ​ដេក​។ យើង​​​​នឹង​​ពិនិត្យ​​មើល​​ថា​​​តើ​​មាន​​អ្វី​​កើត​​ឡើង​​​»​​​។

លោក​ ​Mahajan ​បាន​បន្ថែម​ថា​ សាក​សព​ជន​រង​គ្រោះ​​បា​​ន​ឆេះ​​ដល់​មើល​មិន​ស្គាល់​ ​​ហើយ​ក្រុម​ការងារ​កំពុង​​ធ្វើ​កោសល្យ​វិច្ច័យ​​ដើម្បី​ជួយ​កំណត់​អត្តសញ្ញាណ​។​ ចំណែក​ឯ​ប៉ូលិស​កំពុង​បើក​ការ​ស៊ើប​អង្កេត​ ដោ​យ​អះ​អាង​ថា​ ក្មេង​ៗ​បី​នាក់​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ស្លាប់​។

ទីភ្នាក់ងារ​សារព័ត៌មាន​ Press Trust of India ​(PTI) បាន​ចុះ​ផ្សាយ​ដោយ​ស្រង់​សម្ដី​អ្នក​រួច​ជីវិត​ម្នាក់ ដែល​និយាយ​ថា​ ខ្លួន​ហក់​ចេញ​តាម​បង្អួត​នៅ​ពេល​ឡាន​ក្រឡាប់​។ សាក្សី​នៅ​នឹង​កន្លែង​កើត​ហេតុ​ម្នាក់​​ បាន​ប្រាប់​  PTI ថា​ ខ្លួន​បាន​ព្យាយាម​យក​មនុស្ស​ចេញ​ពី​ឡាន​ដែល​កំពុង​ឆេះ​ ប៉ុន្តែ​មិន​អាច​ជួយ​បាន​​ដោ​យ​សារ​ភ្លើង​ឆេះ​ខ្លាំង​ពេក​ ដែល​ធ្វើ​ឱ្យ​មនុស្ស​នៅ​ក្នុង​នោះ​ត្រូវ​ឆេះ​ទាំង​រស់​។

គួរ​បញ្ជាក់​ថា​ គ្រោះ​ថ្នាក់​នៅ​តាម​ដង​ផ្លូវ​ស្ទើរ​តែ​​ជា​រឿង​ធម្មតា​ទៅ​ហើយ​នៅ​ឥណ្ឌា​។ ​​ចំនួន​អ្នក​ស្លាប់​ដោយ​សា​រ​គ្រោះ​​ថ្នាក់​ចរាចរណ៍​​ក្នុង​ប្រទេស​នេះ​ រួម​ចំណែក​ ១១​ ភាគ​រយ​នៃ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ពិភព​លោក​​​​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារ​ពិភព​លោក​ ចេញ​ផ្សាយ​ក្នុង​ឆ្នាំ​ ២០២១​។

​​របាយការណ៍​ដដែល​​បាន​ប៉ាន់​ប្រមាណ​ថា​ មាន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ចំនួន​ ១៥០ ០០០ នាក់​​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ជា​រៀង​រាល់​ឆ្នាំ​ ឬ​​​ម្នាក់​​រៀង​រាល់​ ៤​ នាទី​ម្តង​ ​ខណៈ​​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ឥណ្ឌា​ប្រហែល​ ៧៥ ប៊ីលាន​ដុល្លារ​ត្រូវ​ខាត​បង់​ក្នុង​មួយ​ឆ្នាំ​ៗ​​៕

ប្រែសម្រួល៖ហួន ឌីណា

ប្រភព​៖ 25 dead after bus crashes and catches fire in India  https://www.channelnewsasia.com/asia/bus-crash-fire-india-dead-injured-3599806

ads banner