អត្តពលិកនគរបាលលើ១២ប្រភេទកីឡា ចេញទៅប្រជែងមេដាយព្រឹត្តិការណ៍នគរបាលពិភពលោក លើកទី១៨ នៅប្រទេសចិន
អង្គភាពកីឡានគរបាលជាតិកម្ពុជា បានបញ្ជូនប្រតិភូគ្រូបង្វឹក កីឡាករ-កីឡាការិនី នគរបាលជាតិចំនួន៩៦រូប លើ១២ប្រភេទកីឡា ដើម្បីទៅចូលរួមប្រកួតកីឡានគរបាល ពិភពលោក លើកទី១៨ (The 18th World Police and Fire Games) នៅសាធារណរដ្ឋប្រជាមានិតចិន ។

ថ្លែងនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញមុនចេញដំណើរកាលពីយប់មិញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ គ្រោងនឹងចាប់ផ្តើមប្រកួតនាថ្ងៃទី០៨ ដល់១៨សីហា នៅខេត្ត Cheng Du នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងនោះកម្ពុជាបញ្ជូន ១២ប្រភេទកីឡារួមមាន៖ តេក្វាន់ដូ, ការ៉ាតេ, យូដូ, ជឺជីតស៊ូ, ចំបាប់, វាយសី, វាយកូនឃ្លីលើតុ, ហែលទឹក, ទ្រីយ៉ាត្លុង, អត្តពលកម្ម, បាល់ឱប និងប្រណាំងទូកកានូ អត្តពលិកសរុប៩៦រូប ។

ឯកឧត្តម ជា ប៊ុនហេង បន្ថែមថា នេះគឺជាការចូលរួមប្រកួតប្រជែងជាលើកទី១ របស់កម្ពុជា ប៉ុន្តែឯកឧត្តម បង្ហាញការជឿជាក់ថា ប្រភេទកីឡាសក្តានុពលមួយចំនួនរបស់កម្ពុជា នឹងដណ្តើមនូវលទ្ធផលដ៏គាប់ប្រសើរមកជូនជាតិជាក់ជាមិនខាន ជាពិសេសតាមរយៈព្រឹត្តិការណ៍នេះ នឹងបង្កើនគុណភាពបច្ចេកទេស កាន់តែប្រសើរបន្ថែមទៀត មុនព្រឹត្តការណ៍ កីឡាស៊ីហ្គេម លើកទី៣០ ចុងឆ្នាំ២០១៩នេះ នៅប្រទេសហ្វីលីពីន ។

សូមបញ្ជាក់ថា ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីទាំង៩៦នាក់ទទួល បានការឧបត្ថម្ភ សំបុត្រ យន្តហោះពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខណៈការស្នាក់នៅ ហូប ចុកនៅកន្លែងប្រកួតទទួលបានការជួយឧបត្ថម្ភគាំទ្រពីម្ចាស់ផ្ទះចិន ៕ធ.ដ
