ឯកឧត្តម លី ធុជ៖ កម្ពុជា-កាណាដា នឹងបន្តពង្រីកកិច្ចសហការដើម្បីសម្រេចគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរមីនកម្ពុជា បានចាត់ទុកប្រទេសកាណាដារួមចំណែកសំខាន់ដល់ដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា ខណៈប្រទេសទាំងពីរ ក៏នឹងបន្តពង្រីកកិច្ចសហការគ្នាបន្ថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅកម្ពុជាគ្មានមីនឆ្នាំ ២០២៥ ផងដែរ។
ការលើកឡើងដូច្នេះពីសំណាក់ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងពិធីអបអរសាទរខួបលើកទី ១៥៦ នៃទិវាជាតិរបស់ប្រទេសកាណាដា និងខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងកាណាដា និងព្រះរាជាណាចក្រកម្ពុជា ជាមួយលោកជំទាវ Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា កាលថ្ងៃទី៤ ខែកក្កដា។

ឯកឧត្តមបានថ្លែងថា រយៈពេលជិត ៧០ឆ្នាំមកនេះ កម្ពុជា និងកាណាដា បានកសាងនូវទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ។ ក្នុងនោះ លោកថា កាណាដាបានដើរតួនាទី និងរួមចំណែកយ៉ាងសំខាន់សម្រាប់ដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា។
ឯកឧត្តម លី ធុជ រំលឹកដែរថាកាណាដា បានផ្តល់ការគាំទ្រដល់វិស័យពាណិជ្ជកម្ម ការវិនិយោគ សកម្មភាពមីន ការរក្សាសន្តិភាព ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនួយមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាច្រើន ។កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងកម្ពុជា-កាណាដា នឹងបន្តរីកចម្រើនទាំងក្នុងវិស័យទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរនាពេលអនាគតថែមទៀត។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តម លី ធុជ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល និងជាប្រធានអាជ្ញាធរមីន ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រទេសកាណាដាក្នុងវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា និងជាប្រវត្តិសាស្ត្រ តាមរយៈកម្មវិធីរួមគ្នារបស់អាជ្ញាធរមីន និងអង្គការ UNDP ព្រមទាំងបានប្តេជ្ញាគាំទ្រការងារបោសសម្អាតមីនឱ្យកម្ពុជាសម្រេចនូវគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។
យោងតាមរបាយការណ៍ពីអាជ្ញាធរមីន បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ មានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ មានចំនួន ២១នាក់។ តួលេខនេះ បានថយចុះ ៤៨ភាគរយ បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ ដែលមានជនរងគ្រោះចំនួន ៤០នាក់។
សូមបញ្ជាក់ថា តាមរយៈខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងកាណាដា និងព្រះរាជាណាចក្រកម្ពុជានេះដែរ គឺត្រូវបានភាគីកម្ពុជា-កាណាដា បានអះអាងថា គឺពិតជាបានបង្ហាញពីសន្ទុះថ្មីមួយទៀត នៃការរីកចម្រើនពាណិជ្ជកម្មទ្វេភាគី ការងើបឡើងវិញនៃភ្ញៀវទេសចរកាណាដាមកកម្ពុជា ពិសេសបានផ្តល់នូវកម្លាំងជំរុញថ្មីក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែខ្លាំងថែមទៀត៕

ដោយ៖ បូរ ពេជ្រហ្សាលីន