កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ៖ សមិទ្ធផលនានា ៤៤ឆ្នាំកន្លងមកនេះ កើតឡើងពីបុព្វហេតុដ៏ត្រឹមត្រូវ និងកម្មវិធីនយោបាយច្បាស់លាស់ របស់ បក្សប្រជាជនកម្ពុជា

(កណ្តាល)៖ ក្នុងពិធីជួបសំណេះសំណាលជាមួយគណបក្សឃុំ ប្រធានមណ្ឌលសកម្មភាពបក្ស និងប្រធានក្រុមបក្ស ចំនួន ៩ឃុំ ក្នុងចំណោម ១៨ឃុំ នៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានថ្លែងថា សមិទ្ធផលនានារបស់គណបក្ស ប្រជាជនកម្ពុជា ក្នុងរយៈកាល ៤៤ឆ្នាំកន្លងមកនេះ គឺកើតឡើងពីបុព្វហេតុដ៏ត្រឹមត្រូវ និងកម្មវិធីនយោបាយច្បាស់លាស់របស់គណបក្ស ដែលត្រូវបានប្រែក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅរៀងរាល់អាណត្តិនយោបាយ បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោត។

ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានគូសបញ្ជាក់ថា «កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ដំណើរការនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ តាមរយៈការធ្វើពលីកម្មលើ ការកសាង ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ សេដ្ឋកិច្ច-សង្គម កាន់តែមានភាពរស់រវើក ហើយក៏បានបើកឱកាសរីកចម្រើនផ្នែកជីវភាពដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ទាំងក្នុងពេលបច្ចុប្បន្ន និងតកូនចៅជាច្រើនជំនាន់ទៅមុខទៀត»។ ជាមួយគ្នានេះដែរ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក៏បានអំពាវនាវដល់សមាជិក សមាជិកា និងប្រជាពលរដ្ឋ ចូលរួមបំពេញកាតព្វកិច្ចទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner