កំណើនប្រាក់ ខែគោលរបស់ ជប៉ុនឡើងដល់កម្រិត ខ្ពស់ ក្នុងរយៈពេល ២៨ឆ្នាំ
តូត្យូ: គិតត្រឹមខែឧសភា ប្រាក់ឈ្នួលនៅប្រទេសជប៉ុនបានកើនឡើងក្នុងល្បឿនលឿនបំផុតក្នុងរយៈពេលជាង ២៨ ឆ្នាំមកនេះ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលបានចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា។ លើសពីនេះ គោលនយោបាយដំឡើងប្រាក់ឈ្នួលដែលកើតចេញពីកិច្ចពិភាក្សាគ្នានៅនិទាឃរដូវនេះ ក៏បានចាប់ផ្តើមចូលជាធរមានហើយ។
នៅក្នុងខែឧសភា ប្រាក់បៀវត្សរ៍មូលដ្ឋានបានកើនឡើងចំនួន ១,៨% បើធៀបទៅនឹងឆ្នាំមុន ដែលនេះជាការកើនឡើងដ៏ខ្ពស់បំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំ១៩៩៥ មក។ ធនាគារកណ្តាលជប៉ុនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវកំណើនប្រាក់ឈ្នួល ខណៈដែលខ្លួនកំពុងពិចារណាថាតើពេលណាដែលត្រូវលុបចេញនូវគោលនយោបាយជំរុញរូបិយវត្ថុ ពោលគឺជាគោលនយោបាយជំរុញពលរដ្ឋឱ្យទទួលបានកម្ចីពីធនាគារ និងការចំណាយប្រចាំថ្ងៃ។
យ៉ាងណាក៏ដោយ ទេសាភិបាលធនាគារកណ្ដាលជប៉ុន លោក កាស៊ូណូ អ៊ូអេដា (Kazuo Ueda) បានគូសបញ្ជាក់ម្តងហើយម្តងទៀតអំពីសារៈសំខាន់នៃការរក្សាគោលនយោបាយឱ្យនៅដដែល រហូតដល់ប្រាក់ឈ្នួលកើនឡើងគ្រប់គ្រាន់ដើម្បីរក្សាកំណើនតម្លៃប្រកបដោយនិរន្តរភាព ស្របតាមគោលដៅកំណើនអតិផរណា ២%។
ក្រុមសហជីពដ៏ធំបំផុតរបស់ប្រទេសជប៉ុនឈ្មោះថា រ៉េនហ្គោ (Rengo) បានប្រកាសឱ្យដឹងកាលពីថ្ងៃពុធថា សមាជិកសហជីពរបស់ខ្លួនបានសង្កេតឃើញកំណើនប្រាក់ឈ្នួល បានកើនឡើងខ្ពស់បំផុតក្នុងរយៈពេលបីទសវត្សរ៍មកនេះ។ ជាក់ស្ដែង ការចរចាដំឡើងប្រាក់ឈ្នួលនៅឆ្នាំនេះ បានសម្រេចដំឡើងជាមធ្យមគឺ ៣,៥៨%។
ក្រុមមន្ត្រី ក្រសួង ការងារ បានបញ្ជាក់ថា «លទ្ធផល ដែល បាន មក ពី កិច្ច ពិភាក្សា ស្ដីពីវិស័យការងារ នឹង ឆ្លុះ បញ្ចាំង ទៅ កាន់ស្ថានភាពដែលនឹងកើតឡើងនៅ រដូវក្តៅខាងមុខ»។ ក្នុងខែឧសភាពីមួយឆ្នាំទៅមួយឆ្នាំ ប្រាក់ចំណូលជាសាច់ប្រាក់សរុប ឬប្រាក់ឈ្នួលបន្ទាប់បន្សំ បានកើនឡើងចំនួន ២,៥% បើទោះបីជាមានការកើនឡើងត្រឹមតែ ០,៨% នៅក្នុងខែមេសាក៏ដោយ។
គួរដឹងដែរថា ក្រសួងបានប្រើប្រាស់សន្ទស្សន៍តម្លៃទំនិញដើម្បីគណនាប្រាក់ឈ្នួលពិតប្រាកដ ដែលរាប់បញ្ចូលទាំងតម្លៃអាហារ ប៉ុន្តែមិនរាប់បញ្ចូលថ្លៃជួលសមមូលនោះទេ។ យោងតាមសន្ទស្សន៍តម្លៃទំនិញនេះ បានបង្ហាញថាក្នុងខែឧសភា ក៏មានការកើនឡើង ប៉ុន្តែហាក់ដូចជាមានអត្រាទាបជាង គឺ ៣,៨% បើធៀបនឹងការកើនឡើង ៤,១% ក្នុងខែមេសា។
ប្រាក់ឈ្នួលពិតប្រាកដដែលស្មើនឹងអតិផរណា បានធ្លាក់ចុះ ១,២% ក្នុងខែឧសភា បើធៀបនឹងឆ្នាំមុន។ ការធ្លាក់ចុះនេះបានកើតឡើងក្នុងរយៈពេល ១៤ ខែជាប់គ្នា ដែលនេះបានសបញ្ជាក់ឱ្យឃើញថា អំណាចទិញរបស់គ្រួសារនៅជប៉ុនមានការថយចុះគួរកត់សម្គាល់។
ដោយឡែក នៅក្នុងខែឧសភា ប្រាក់បន្ថែមលើប្រាក់បៀវត្សរ៍បានកើនឡើង ២២,២% ខណៈដែលប្រាក់បន្ថែមម៉ោងកើនឡើង ០,៤% បើធៀបទៅនឹងឆ្នាំមុន។ ប្រាក់បន្ថែមលើប្រាក់បៀវត្សរ៍នេះអាចនឹងមានការប្រែប្រួលនៅរដូវបើកប្រាក់បន្ថែម ដែលធ្វើឡើងក្នុងខែវិច្ឆិកា ដល់ខែមករា និងខែមិថុនា ដល់ខែសីហា៕
ប្រែសម្រួល: ធា សុណា
ប្រភពព័ត៌មាន៖ Channel NewsAsia Japan’s base salary growth hits 28-year high in May