ឯកឧត្តម ថោង ខុន៖ កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ នឹងរួមចំណែកលើកស្ទួយវិស័យទេសចរណ៍តាមបណ្តាកោះ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឯកឧត្តម ថោង ខុន បានចាត់ទុកថា កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ដែលបានសាងសង់ឡើងនៅលើផ្ទៃដី ២២,០០០ម៉ែត្រការ៉េ នឹងចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ។ ពិសេសរួមចំណែកលើកស្ទួយវិស័យទេសចរណ៍តាមបណ្តាកោះនៅក្នុងខេត្តនេះថែមទៀត។

ក្នុងពិធីអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែខាងលើ កាលពីថ្ងៃទី៦ ខែកក្កដានេះ ឯកឧត្ដម ថោង ខុន បានថ្លែងថា នេះគឺជាសម្បទាទេសចរណ៍ដ៏មានសារៈសំខាន់ បានផ្តល់នូវភាពងាយស្រួលសន្តិសុខ
សណ្តាប់ធ្នាប់ល្អ ជូនដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទីនិងបង្កើតឱកាសការងារជូនពលរដ្ឋ។ ពិសេសថែមទាំងជួយលើកស្ទួយវិស័យទេសចរណ៍តាមបណ្តាកោះក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តកាន់តែច្រើនថែមទៀត។
ឯកឧត្តមបានបញ្ជាក់ថា៖« វិស័យទេសចរណ៍ “ទេសចរណ៍វប្បធម៌ និងធម្មជាតិ” ជាវិស័យអាទិភាពមួយយ៉ាងសំខាន់ក្នុងការជំរុញកំណើនម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម សំដៅជំរុញកំណើនសេដ្ឋកិច្ច និងធ្វើឱ្យមានការប្រែប្រួលផ្នែកហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ពិសេសជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។ វិស័យទេសចរណ៍កម្ពុជា បានរីកលូតលាស់គួរជាទីមោទន ដោយចាត់ទុកថាជា “មាសបៃតង” វាដើរតួនាទីជាចន្ទល់គន្លឹះមួយជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនចំណូលជាតិ ព្រមទាំងការបង្កើតការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋជាដើម»។
ឆ្លៀតពេលនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជំរុញឱ្យស្ថាប័នពាក់ពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាគិត រួមគ្នាធ្វើ រួមទទួលខុសត្រូវ ពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងវិស័យទេសចរណ៍ក្នុងតំបន់ថែមទៀត។

ជុំវិញរឿងនេះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានលើកឡើងថា ការបើកឱ្យប្រើប្រាស់កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុនាពេលនេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាល។
លោកបានបន្តថា កំពង់ផែទេសចរណ៍នេះ បានផ្តល់ការងារជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា។
អភិបាលខេត្តព្រះសីហនុ ក៏បានបង្ហាញក្តីជឿងជាក់ថា៖« តាមរយៈកំពង់ផែនេះ នឹងចូលរួមជំរុញកំណើនសេដ្ឋកិច្ចសង្គមតាមរយៈការបង្កើតការងារ ការវិនិយោគ ការកាត់បន្ថយភាពក្រីក្រទ្រទ្រង់ដល់ការអភិវឌ្ឍហេដ្ឋាវរចនាសម្ព័ន្ធពាក់ព័ន្ធ ចូលរួមការពារ និងអភិរក្សសម្បតិ្តវប្បធម៌ និងធនធានធម្មជាតិរបស់ប្រទេសជាតិ ពិសេសលើកកម្ពស់វិស័យទេសចរណ៍ ដែលជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានារបស់ជាតិ»។
បើតាមរដ្ឋបាលខេត្តព្រះសីហនុ ខេត្តនេះ មានកោះចំនួន ៣២ (ដោយក្នុងនោះ មានកោះចំនួន២ជាថ្មដុះ និងថ្មប៉ប្រះទឹកមានចំនួន៥ កោះ) មានផ្ទៃដី ១៦២,៣៩ គីឡូម៉ែត្រការ៉េ មានឆ្នេរសមុទ្រប្រវែង ១៧៥,៨១គីឡូម៉ែត្រ, និងមានព្រៃកោងកាង ១៣.៥០០ហិកតា ផ្កាថ្ម ១.១៩៨ហិកតា ព្រមទាំងស្មៅសមុទ្រ ២.៧១០ហិកតា។

ជាងនេះទៀត ខេត្តព្រះសីហនុ ជាខេត្តដែលមានវិស័យសេដ្ឋកិច្ចសំខាន់ៗ ព្រោះមានសក្ដានុពលរួមមាន កំពង់ផែសមុទ្រទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស មានចំនួន១១ ទីតាំង (៣កំពុងដំណើរការ និង៨ត្រៀមដំណើការ) អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតដែលត្រូវបានប្រសិទ្ធនាមជា “តារារៈនាទិសនិរតី” ។
កំពង់ផែខាងលើ គឺមានកំពង់ផែចេញ-ចូលអូបរទេសចរណ៍តូច ធំ រហូត ២០គ្រឿង អាចធ្វើការចេញចូលក្នុងពេលតែមួយ និងមានបុគ្គលិកបំរើការងារចំនួន ២២៥នាក់ លើផ្នែកសេវាកម្មទេសចរណ៍ ប្រកបដោយភាពស៊ីវិល័យ និងទំនើបថែមទៀត៕
ដោយ:បូរ ពេជ្រហ្សាលីន