នាយករដ្ឋមន្ត្រីថៃ បញ្ជាឲ្យតាមចាប់ខ្លួនអ្នកបង្កៃ និងបំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកក ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន

ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានចេញបញ្ជាឲ្យសមត្ថកិច្ចតាមប្រមាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ចំពោះក្រុមជនដៃដល់ដែលស្ថិតនៅពីក្រោយហេតុការណ៍បង្កៃ និងបំផ្ទុះគ្រាប់បែកជាច្រើនករណី នៅតាមទីតាំងប្រជុំជនសំខាន់ៗក្នុងរាជធានីបាងកក។

សូមរំលឹកថា ករណីផ្ទុះគ្រាប់បែកជាបន្តបន្ទាប់ បានកើតឡើងកាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុន នៅទីតាំងប្រមាណ៧កន្លែងនៅក្នុងទីក្រុងបាងកក ក្នុងនោះរួមមាន នៅសួនច្បារខាងមុខអគារមជ្ឈមណ្ឌលរដ្ឋាភិបាលថៃ ឈាងវឌ្ឍនា ក្នុងសង្កាត់ឡាក់ស៊ី នៅបរិវេណស្ថានីយរថភ្លើងផ្លូវអាកាស ឆុងណនស៊ី BTS ក្បែរអគារខ្ពស់មហានគរ ក្នុងសង្កាត់ បាងរ៉ាក់ និងនៅផ្លូវតូចមួយកន្លែងលេខ ៥៧/១ ជាប់ដងផ្លូវរាមាទី៩ (Rama 9) ក្នុងសង្កាត់ សួនលួង ដែលជាលទ្ធផលនោះ មនុស្ស៤នាក់បានទទួលរងរបួស ប៉ុន្តែមិនមានអ្នកបាត់បង់ជីវិតឡើយ។

ស្របពេលជាមួយគ្នានេះដែរ បុរសពីរនាក់ត្រូវបានចាប់ខ្លួន ហើយបើតាមអាជ្ញាធរថៃ ជនសង្ស័យទាំងពីរនាក់នោះ មកពីតំបន់ភាគខាងត្បូងជាប់នឹងប្រទេសម៉ាឡេស៊ី ដែលជាកន្លែងមានការវាយប្រហារជាញឹកញាប់ពីក្រុមសកម្មប្រយុទ្ធ ប៉ុន្តែមិនទាន់ច្បាស់ទេថា ពួកគេមានទំនាក់ទំនងជាមួយពួកឧទ្ទាមដែរ ឬក៏អត់ឡើយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner