គ.ជ.ប បញ្ចប់ការបោះពុម្ពសន្លឹកឆ្នោតជាង១៣លានសន្លឹកជាស្ថាពរ និងត្រៀមដឹកជញ្ជូនទៅតាមគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ចប់ការបោះពុម្ពសន្លឹកឆ្នោតជាង ១៣ លានសន្លឹក និងត្រៀមដឹកទៅតាមគោលដៅរាជធានីខេត្តនៅថ្ងៃទី១៨ ខែកក្កដា ខាងមុខនេះ សម្រាប់ប្រើប្រាស់ក្នុងការបម្រើឱ្យការបោះឆ្នោតជ្រើតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។
ឯកឧត្តម ហង្ស ពុទ្ធា សមាជិកគ.ជ.ប និងជាអ្នកនាំពាក្យគ.ជ.ប នៅថ្ងៃទី១០ ខែកក្កដា បានប្រាប់ឱ្យដឹងថា ការបោះពុម្ពសន្លឹកឆ្នោតជាង ១៣ លានសន្លឹកនេះ ត្រូវបានធ្វើទៅតាមលំដាប់លំដោយ និងផែនការ ដោយធ្វើការបោះពុម្ពសម្រាប់ខេត្តដែលនៅឆ្ងាយៗជាមុននិងចុងក្រោយបង្អស់ គឺការបោះពុម្ពសម្រាប់រាជធានីភ្នំពេញ ហើយក៏ត្រូវបានបញ្ចប់ជាស្ថាពរផងដែរ។

លោកបានបន្តថា ក្រៅពីធ្វើកិច្ចសន្យាជាមួយរោងពុម្ពហើយ គ.ជ.ប ក៏បានបញ្ជូនមន្ត្រីរបស់ខ្លួនទៅពិនិត្យមើលដោយផ្ទាល់នូវសន្លឹកឆ្នោតទាំង ១៣ លានសន្លឹកនេះផងដែរមុននឹងសម្រេច ដឹកជញ្ជូនយកទៅរក្សាបំរុងទុកខ្លះ ដែលមានចំនួនមួយលានសន្លឹក នៅតាមគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត សម្រាប់ប្រើប្រាស់ក្នុងពេលករណីចាំបាច់ និងប្រើប្រាស់នៅតាមការិយាល័យបោះឆ្នោត នៅទូទាំងប្រទេស។
ឯកឧត្តមមានប្រសាសន៍ថា ៖ «សន្លឹកឆ្នោត ដែលបានបោះពុម្ពជាង ១៣ លានសន្លឹកនេះ នឹងត្រូវដឹកបញ្ជូនទៅរក្សាទុកនៅតាមគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣ សម្រាប់ត្រៀមដឹកបញ្ជូនបន្តទៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត សម្រាប់ចែកចាយទៅការិយាល័យបោះឆ្នោត សម្រាប់ជូនប្រជាពលរដ្ឋបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣»។

អ្នកនាំពាក្យដដែលបានបន្តថា ៖ «ការងារនេះ យើងបញ្ចប់កាលពីប៉ុន្មានថ្ងៃមុន នឹងត្រៀមដឹកទៅរាជធានីខេត្ត ជាមួយនឹងការការពារសុវត្ថិភាពយ៉ាងម៉ត់ចត់ និងល្អប្រសើរ ដើម្បីធ្វើយ៉ាងណា កុំឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនាពេលខាងមុខ»។
បើតាមការបញ្ជាក់ពីឯកឧត្តម ហង្ស ពុទ្ធា ក្នុងដំណាក់កាលនៃការបោះពុម្ពសន្លឹកឆ្នោត រហូតទល់ពេលបញ្ចប់ជាស្ថាពរ គឺមានកំហុសតិចតួបបំផុត ហើយក៏ត្រូវបានកែតម្រូវ និងដោះស្រាយទាន់ពេលវេលាផងដែរ ជាមួយនឹងការធ្វើកំណត់ហេតុច្បាស់លាស់ក្នុងការបង្ហាញពីភាពទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតរបស់គ.ជ.ប។
ជាមួយគ្នានេះដែរ នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ថានិកហ្វិក លោក សំ គន្ធាមី នៅថ្ងៃទី១០ ខែកក្កដា បានប្រាប់ដែរថា ការបោះពុម្ពសន្លឹកឆ្នោតបញ្ចប់មុនដំណើការបោះឆ្នោតមកដល់ នេះ គឺជារឿងល្អ ព្រោះត្រូវដឹកជញ្ជូនទៅគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត សម្រាប់ត្រៀមទុកសម្រាប់ថ្ងៃបោះឆ្នោតតែម្តង។

លោកបានបន្តថា មិនត្រឹមតែប៉ុណ្ណោះ គ.ជ.ប ក៏នឹងបញ្ជូនហិបឆ្នោត បញ្ជីឈ្មោះបោះឆ្នោត ទឹកខ្មៅលុបមិនជ្រះ និងសម្ភារៈផ្សេងទៀតទៅជាមួយគ្នានៅពេលនោះផងដែរ។
ទោះជាយ៉ាងណា លោក សំ គន្ធាមី បានស្នើឱ្យមន្ត្រីគ.ជ.ប យកចិត្តទុកដាក់ពីការថែរក្សាសុវត្ថិភាពទាំងនៅក្នុងពេលដឹកជញ្ជូនសន្លឹកឆ្នោត រួមទាំងរក្សាឱ្យបានល្អចៀសវាងការខូចខាតសម្ភារៈបោះឆ្នោត ព្រោះពេលនេះជារដូវភ្លៀងធ្លាក់ ខណៈតំបន់មួយចំនួនអាចមានករណីភ្លៀង ខ្យល់ខ្លាំង ជាពិសេសតំបន់ដាច់ស្រយ៉ាល និងព្រៃភ្នំជាដើម។
សូមរម្លឹកដែរថា ការបោះពុម្ពសន្លឹកឆ្នោតជាង១៣លានសន្លឹកនេះ បានចំណាយថវិកាអស់ជាង២លានដុល្លារ ខណៈថវិកាសរុបសម្រាប់ចំណាយលើការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រទាំងមូល មានចំនួនជាង ៥០លានដុល្លារ៕ ដោយ៖ គឹម យុត្ថារ៉ូ