មនុស្សពីរនាក់ ស្លាប់ក្នុងហេតុការណ៍បាក់ស្ពានអាកាសកំពុងសាងសង់នៅថៃ
ថៃ៖ មនុស្សយ៉ាងហោចណាស់ពីរនាក់បានស្លាប់ និង១០នាក់ផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍បាក់កំណាត់ស្ពានអាកាសកំពុងសាងសង់នៅសង្កាត់ ឡាត់ ក្រាបាង(Lat Krabang)ក្នុងទីក្រុងបាងកក កាលពីល្ងាចថ្ងៃទី១០ ខែកក្កដា។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
កន្លែងដែលបាក់នោះ ស្ថិតនៅលើកំណាត់ស្ពាន ៥០០ ម៉ែត្រ ដែលជាផ្នែកមួយនៃគម្រោងស្ពានអាកាស On Nut-Lat Krabang របស់រដ្ឋបាលក្រុងបាងកក ដែលមានប្រវែងសរុប ២,២ គីឡូម៉ែត្រ។
បើតាមបាងកកប៉ុស្តិ៍ ការស៊ើបអង្កេតបឋមពីដើមហេតុបានរកឃើញថា គ្រឿងស្ទូចដែលកំពុងលើកកំណាត់ស្ពានបានក្រឡាប់ ដែលធ្វើឱ្យកំណាត់បេតុងនៃស្ពាននោះ បាក់ធ្លាក់ចុះមកសង្កត់លើឡាននៅខាងក្រោយ ខណៈគ្រឿងដែកផ្គុំសំណង់បានបាក់ខ្ទាតទៅបុកនឹងអាគារ ដែលនៅសងខាង។
នាយកសាលាខណ្ឌ Lat Krabang លោក Chatchaya Kamjan បាននិយាយថា ជនរងគ្រោះទី១ បានស្លាប់ភ្លាមៗ នៅពេលដែលកំណាត់ស្ពានដួលរលំ ហើយបន្តថា ជនរងគ្រោះទី២ដែលស្លាប់ ត្រូវបានរកឃើញដោយក្រុមរុករក និងជួយសង្គ្រោះ ពេលពួកគេចុះពិនិត្យនៅកន្លែងកើតហេតុ។
ក្រៅពីនោះ លោក Kamjan បានបញ្ជាក់ថា ជនរងគ្រោះទាំង១០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសម្រាកព្យាបាល។
មកទល់ព្រឹកថ្ងៃអង្គារនេះព័ត៌មានលម្អិតស្ដីពីការបាក់ និងថាតើនរណាជាអ្នកទទួលខុសត្រូវជុំវិញបញ្ហានេះ មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ខណៈការស៊ើបអង្កេតរបស់ប៉ូលិសថៃកំពុងដំណើរការ៕ ប្រែសម្រួល៖ ហួន ឌីណា