ក្រសួងកសិកម្មនឹងពង្រាយមន្រ្តីកសិកម្មឃុំ ១ ៦០០ នាក់ក្នុងបេសកកម្មបម្រើកសិករ ១,៦លានគ្រួសារ

ភ្នំបេញ៖មន្រ្តីជាន់ខ្ពស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងថា ក្រសួងកំពុងពិភាក្សាជាមួយនាយកដ្ឋានពាក់ព័ន្ធដើម្បីបន្តរៀបចំផែនការពង្រាយមន្រ្តីកសិកម្មឃុំ ១ ៦០០ នាក់ក្នុងបេសកកម្មធ្វើការបម្រើកសិករ ១,៦ លានគ្រួសារ ឬស្មើនឹងចំនួនប្រជាជន ៧,៥ លាននាក់ នៅគ្រប់ភូមិឃុំទូទាំងប្រទេសចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ​២០២៨។

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១១ ខែកក្កដា​​ថា ការដាក់ព​ង្រា​យមន្រ្តីកសិកម្មឃុំយ៉ាងដូច្នេះគឺជាគោលនយោបាយសំ​ខាន់របស់ក្រសួងកសិកម្មសម្រាប់អាណត្តិក្រោយនេះ បើសិនជារាជរដ្ឋាភិបាលថ្មី នីតីកាលទី៧ ដឹកនាំដោយគណបក្សប្រ​ជា​ជនកម្ពុជា។

កញ្ញាបាន​ថ្លែងថា ៖ «គម្រោងនេះ ត្រូវបានអនុម័តដោយមហាសន្និបាតគណបក្សប្រជាជនកម្ពុជា ដោយរាជរដ្ឋាភិបាលអា​ណ​ត្តិថ្មីនេះ មានគម្រោងនឹងទម្លាក់ថវិកា ១០០ លានដុល្លារបន្ថែមទៀត សម្រាប់ទ្រទ្រង់ និងគាំទ្រគម្រោនេះ។ កន្លងទៅ ក្រ​សួ​​ងបានដាក់ពង្រាយមន្រ្តីកសិកម្ម ធ្វើជាគម្រោងសាកល្បងនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម រួចមកហើយ»។ ​

អ្នកនាំក្រសួងកសិកម្មបានបន្តថា មន្រ្តីកសិកម្ម ដែលដាក់ពង្រាយនៅតាមឃុំទូទាំងប្រទេស មានតួនាទីក្នុងការជួយគាំទ្រលើ​កការងារបច្ចេកទេស ទាំងបច្ចេកកសិកម្ម និងបច្ចេកទេសគ្រប់គ្រងហិរញ្ញវត្ថុ ជាពិសេសការណែនាំពីរបៀបប្រើប្រាស់ទឹ​ក ដើម្បីឱ្យសមស្របនឹងប្រភេទដំណាំដែលកសិករបានដាំដុះ។

កញ្ញា រចនា បានបញ្ជាក់បន្ថែមថា ៖ «ការងារអាទិភាពដ៏ធំបំផុត និងជាការយកចិត្តរបស់ក្រសួងដែរនោះ គឺមន្រ្តីក​សិកម្មឃុំទាំងអស់ ត្រូវជួយធ្វើយ៉ាងណា ឱ្យដំណាំដែលកសិករបានដាំដុះហើយមានទីផ្សារ មានន័យថា ណែនាំដល់ក​សិក​រឱ្យយល់ពីទីផ្សារ ដើម្បីផលិតឱ្យបានតាមចំនួនតម្រូវការទីផ្សារ ជៀសវាងការផលិតលើសឬខ្វះតម្រូវការ»។

បើតាមការលើកឡើងពី​កញ្ញា អ៊ឹម រចនា ក្រសួងរំពឹងថា គោលនយោបាយពង្រាយមន្រ្តីកសិកម្មឃុំ ១៦០០ នាក់ នៅទូទាំងប្រទេសនេះ នឹងមានប្រសិទ្ធភាព ហើយឆ្លើយតបនឹងសេចក្តីត្រូវការរបស់កសិករនៅទូទាំងប្រទេស ជាពិសេសទាក់ទងនឹងបច្ចេកទេស, ហិរញ្ញវត្ថុ និងការប្រែប្រួលអាកាសធាតុជាដើម។

លោក វណ្ណ ឫទ្ធី ប្រធាននាយកដ្ឋាននាំចេញកសិផល នៃក្រុមហ៊ុនអង្គរហ្រ្គីន យល់ឃើញថា វាជាការប្រសើរណាស់ នៅពេ​លដែលការធ្វើស្រែចម្ការរបស់កសិករ មានអ្នកជំនាញកសិកម្មនៅជិត ដើម្បី​ចៀសវាងការធ្វើហើយចាល់គ្មានទីផ្សារ និងការប្រើប្រាស់បច្ចេកទេសមិនបានត្រឹមត្រូវជាដើម។

លោកបានបញ្ជាក់ថា ៖ «កន្លងទៅយើងឃើញហើយថា បញ្ហាទីផ្សារ ជាបញ្ហាមួយដែលតែងតែកើតមាននៅពេលរដូវប្រមូលផ​ល។ ជាក់ស្តែង ស្វាយ នាពេលកន្លងទៅ​បានជួបហើយ ដែលបានធ្វើឱ្យកសិករបោះបង់របរដាំស្វាយនេះច្រើនដែរនៅឆ្នាំនេះ។ យើងសង្ឃឹមថា មន្រ្តីកសិកម្ម ដែលក្រសួងគ្រោងនឹងដាក់ពង្រាយនាពេលខាងមុខនេះ នឹងជួយដោះស្រាយបញ្ហាលំបា​ករបស់កសិករ ដែលបានជួបនាពេលកន្លងមកបានច្រើន ដើម្បីរុញវិស័យកសិកម្មកម្ពុជាឱ្យឈានមុខគេ ក្នុងនាមជាប្រ​ទេ​សធ្វើកសិកម្ម»។

ចំណែក លោក កាន់ គន្ធី នាយកក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC)​ ក៏បានអះអាងដែរ​ថា វាជាការ​ល្អណាស់ ប្រសិនបើកើតឡើងមែន  ព្រោះអាចជួយសម្រាលបន្ទុកក្រុមហ៊ុនក្នុងការចំណាយលើបុគ្គលិក ហើយជួយឱ្យក្រសួងធ្វើការជាមួយកសិករដោយផ្ទាល់ និងតាមដានការអនុវត្តន៍ផ្សេងៗ។

លោកបានប្រាប់​ថា ៖ «បើសិនជាមានមន្រ្តីជំនាញកសិកម្មគ្រប់ឃុំ វាល្អ។ ល្អត្រង់ចំណុចថា ខាងក្រសួងតាមរយៈមន្រ្តីក​សិកម្មឃុំអាចតាមដានការអនុវត្តន៍នានា នូវអ្វីដែលក្រសួងបានបង្រៀនដល់កសិករកន្លងមក តើអនុវត្តបានកម្រិតណា ជួបប​ញ្ហា​អីខ្លះកន្លងមកជាដើម»។

លោកបន្តថា ៖ «ម្យ៉ាងវិញទៀត​ កន្លងទៅខាងវិស័យឯកជនយើងបានវិនិយោគច្រើន លើមន្រ្តីកសិកម្មនេះនៅពេលដែលចុះតា​មឃុំម្តង ដូចនេះយើងអាចកាត់បន្ថយការចំណាយរបស់យើងបានដែរ»។

បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ គម្រោងសាកល្បង (ការដាក់ពង្រាយមន្ត្រីកសិកម្មតាមឃុំ) នាពេលកន្លងមកនេះ ក្រុមការងារមន្រ្តីកសិកម្មឃុំទាំងនោះ បានចុះជួយ​ណែនាំពីគម្រោងបាននៅគ្រប់១០ ឃុំ និងមេភូមិទាំង ៧៤ ភូមិនៃស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្រុមការងារនេះ បានចុះជួបធ្វើការផ្ទាល់ជាមួយនឹងកសិករនៅគ្រប់ភូមិ ដោយមានការចូលរួមជួយសហការពីមេភូមិ និងបា​នរៀបចំឱ្យ​មានសហគមន៍កសិកម្មនៅគ្រប់ឃុំដើម្បីងាយស្រួលផ្សាភ្ជាប់កសិករមកទីផ្សារ និងទទួលបានទុនបន្ថែមផងដែរ៕

ដោយ៖វណ្ណ សុជាតា

ads banner