សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីបុណ្យឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ អញ្ជើញរៀបចំពិធី បុណ្យគម្រប់ខួប ១០ឆ្នាំ និងខួបកំណើត ១០០ឆ្នាំ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងបុណ្យគម្រប់ខួប ២៥ឆ្នាំ ឧទ្ទិស កុសលជូនដល់វិញ្ញាណក្ខន្ធ មហាឧបាសិកា ឌី ប៉ុក ដែលពិធីបុណ្យត្រូវ នេះបានរៀបចំ នៅវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។

សូមជម្រាបថា ឪពុកបង្កើតសម្ដេចតេជោ ហ៊ុន សែន អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង បានទទួលអនិច្ចកម្មនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។ ជានិច្ចជាកាល សម្ដេចតេជោ តែងបង្ហាញនូវក្ដីនឹកអាល័យដល់ឪពុកម្ដាយជានិច្ច ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានពណ៌នាក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចថា អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគធិបតី ហ៊ុន នាង ជាមនុស្សប្រុសតែម្នាក់គត់ដែលបានផ្តល់ឱវាទដល់សម្តេចតាំងពីនៅក្មេងខ្ចីរហូតដល់ដង្ហើមចុងក្រោយរបស់អ្នកឧកញ៉ា បើទោះបីសម្តេចមានឋានៈខ្ពង់ខ្ពស់ គ្រប់គ្រងអំណាចរដ្ឋក៏នៅតែជាកូនរបស់លោកដដែល មិនអាចផ្លាស់ប្តូរឋានៈបានឡើយ ។

សំណេរសម្តេចតេជោបានបន្តថា សម្តេចបានធ្វើឱ្យឪពុកសម្តេចហូរទឹកភ្នែកច្រើនជាងគេ គឺនៅគ្រាដែលសម្តេចលាអ្នកមានគុណតាំងពីអាយុ ១៣ឆ្នាំ មកបន្តការសិក្សានៅរាជធានីភ្នំពេញ ធ្វើការងារធ្ងន់ៗ ក្នុងឋានៈជាកូនសិស្សលោកនៅវត្តនាគវ័ន្ត និងលោកឪពុកបានយំនៅពេលសម្តេចថ្វាយបង្គំលា ដើម្បីចូលបម្រើកងទ័ពរបស់សម្តេចឪនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧០ ដើម្បីតស៊ូប្រឆាំងនឹងរបបចក្រពត្តិអាមេរិក ក្នុងចន្លោះឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ និងដឹកនាំចលនាតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ឆ្លងដែនចូលក្នុងប្រទេសវៀតណាម ថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ យកជីវិតធ្វើជាដើមទុន ដើម្បីរំដោះប្រជាជន និងប្រទេសជាតិ នៅថ្ងៃ ៧មករាឆ្នាំ១៩៧៩។

កាលនៅមានជន្មាយុនៅឡើយ អ្នកមានគុណទាំងទ្វេបានបំពេញតួនាទីជាមាតាបិតា ជីដូនជីតា ប្រកបដោយព្រហ្មវិហារធម៌ទាំង៤ គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា យ៉ាងល្អប្រសើរ ចំពោះបុត្រា បុត្រី បុត្រប្រសារ ចៅៗ ចៅទួត និងចំពោះប្រជាពលរដ្ឋទូទៅផងដែរ។ ជាពិសេសលោកទាំងទ្វេបានបូជាអស់ពីកម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងបុព្វហេតុបម្រើប្រទេសជាតិ មាតុភូមិ ប្រជាពលរដ្ឋ និងជាមហាពុទ្ធសាសនូបត្ថម្ភដ៏ខ្ពង់ខ្ពស់ទៀតផង។

កាលនៅវ័យក្មេង អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក បានចូលរួមដង្ហែតាមសម្តេចព្រះមហាវីរក្សត្រ ព្រះវរៈរាជបិតាឯករាជ្យជាតិ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ ក្នុងព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមទាមទារឯករាជ្យ រហូតដល់ព្រះរាជាណាចក្រកម្ពុជាទទួលបានឯករាជ្យជាតិនៅឆ្នាំ១៩៥៣ ព្រមទាំងបានផ្តួចផ្តើមកសាងវត្តព្រះបារមីវង្កតបុរី តាំងពីទសវត្ស១៩៨០ និងកសាងសមិទ្ធផល បន្សល់ទុកស្នាដៃយ៉ាងច្រើនអនេកក្នុងវិស័យព្រះពុទ្ធសាសនា និងក្នុងសង្គមកម្ពុជា ដែលគិតជាទឹកប្រាក់មានចំនួនច្រើនលានដុល្លារអាមេរិក ទុកសម្រាប់ប្រគេនព្រះសង្ឃ និងឱ្យពុទ្ធបរិស័ទប្រជាពលរដ្ឋ សាធារណជនទូទៅប្រើប្រាស់ជាគុណប្រយោជន៍នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៅស្ទើរគ្រប់រាជធានី-ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជារហូតដល់សព្វថ្ងៃ។

ក្នុងន័យបន្តមរតកសមិទ្ធផលពីអ្នកមានគុណទាំងទ្វេ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានអនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញដឹកនាំការសាងសង់ព្រះវិហារថ្មី កែលំអហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពនៅក្នុងបរិវេណវត្តព្រះបារមីវង្កតបុរី ឱ្យកាន់តែល្អប្រសើរ និងក្លាយជាបូជនីយដ្ឋានមួយដ៏ស្រស់បំព្រងសក្តិសមទីគោរពសក្ការៈបូជាក្នុងព្រះពុទ្ធសាសនា ក្នុងសម័យតេជោ នៃសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ៕


ដោយ ៖ វណ្ណលុក