នៅចុងខែមិថុនា ដល់ដើមខែកក្កដានេះ សត្វត្រដក់ធំបានវិលត្រលប់មករកចំណីក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅជាបណ្តើរៗហើយ

ភ្នំពេញ៖ នៅចុងខែមិថុនា និង ដើមខែកក្កដា ឆ្នាំ២០២៣នេះ គេបានឃើញ សត្វត្រដក់ធំ បានវិលត្រលប់មករកចំណីក្នុងតំបន់ដីសើមនេះ មានចំនួន ៨ ក្បាល ។ នេះបើតាមការឱ្យដឹងពីសំណាក់អង្គការជីវិតនិងធម្មជាតិនៅកម្ពុជា។

គួរបញ្ជាក់ថាត្រដក់ធំ មានឈ្មោះជាភាសាអង់គ្លេស Greater Adjutant និងឈ្មោះវិទ្យាសាស្រ្ត Leptoptilos dubius និង ជាប្រភេទសត្វស្លាបជិតផុតពូជលើពិភពលោក ដែលមាននៅក្នុងបញ្ជីក្រហមរបស់IUCN។

អង្គការជីវិតនិងធម្មជាតិនៅកម្ពុជាបានបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី ១២ខែ កក្កដាឆ្នាំ ២០២៣ ថា សត្វត្រដក់តែងតែមានវត្តមានមករកចំណីក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ ជារៀងរាល់ឆ្នាំ ចាប់ពីខែ មិថុនា ដល់ខែ សីហា រឺ កញ្ញា (អាស្រ័យលើ កម្ពស់ទឹកជំនន់) និងជាទៀងទាត់។

ត្រដក់វាមានប្រវែងខ្លួន ១៤៥-១៥០ស.ម ហើយសត្វពេញវ័យ បណ្តោយដងខ្លួនធំ ឆ្នូតផ្ទាំងស្លាបលើពណ៌ប្រផះ មានរោមសនៅគល់ក ។ ពេលបន្តពូជ មានពណ៌ខ្មៅគល់ចំពុះ និងកពណ៌ស្លាទុំ។

បើតាមការចុះផ្សាយតាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាននាកន្លងមកបានឱ្យដឹងដែរថា៖ទីជម្រករបស់សត្វប្រភេទនេះតែងតែរស់នៅ ព្រៃរនាម(ព្រៃលិចទឹកតាមរដូវ) តំបន់ដីសើម និងព្រៃល្បោះ មានបនា្ទយពងកូនយ៉ាងធំនៅតំបន់រ៉ាមសារព្រែកទាល់ ដែលជាតំបន់ស្នូលនៃ បឹងទន្លេសាបប្រទេសកម្ពុជា និងជាបនា្ទយពងកូនធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ ហើយក៏ជាបន្ទាយពងកូនធំជាងគេទីពីរនៅលើពិភពលោក បន្ទាប់ពីតំបន់អាសាម ប្រទេសឥណ្ឌា។ សត្វត្រដក់វាស៊ី ត្រី កណ្តុរ កង្កែប និងជួនកាលស៊ីគំរង់ និងស៊ីកូនសត្វស្លាបដទៃនៅរដូវបន្តពូជម្តងម្កាល។

ចំពោះរដូវបន្តពូជ ចាប់ពីខែវិច្ឆិកា ដល់ខែមេសា មានពងចំនួនពី២-៤។ បន្ទាប់ពីបន្តពូជពងកូននៅតំបន់បឹងទន្លេសាប សត្វប្រភេទនេះបាននាំកូនចៅផ្លាស់ទី ទៅកាន់តំបន់ដីសើមផ្សេងៗទៀតក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាងដើម្បីរស់នៅ និងរកចំណី។ ជាក់ស្តែងត្រដក់ធំតែងមានវត្តមានជាប្រចាំនៅអាហារដ្ឋានត្មាតក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង ចាប់ពីខែសីហា ដល់ខែកញ្ញា និងមានវត្តមាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវចន្លោះចាប់ពីខែមិថុនា ដល់ខែសីហា។ សត្វនេះ ត្រឡប់មកកាន់តំបន់បឹងទន្លេសាបវិញ នៅរដូវបន្តពូជ។ កត្តាគំរាមកំហែងសំខាន់ៗទៅលើប្រភេទសត្វនេះគឺការប្រមាញ់ និងប្រមូលពងកូនពីកន្លែងបន្តពូជ ការជួញដូរ ការបាត់បង់ទីជម្រក និងការរំខានដោយសកម្មភាពមនុស្ស ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner