ការនាំចេញគ្រាប់ពោតក្រហមរបស់កម្ពុជា មានការថយចុះ ច្រើននៅឆមាសទី១ ឆ្នាំ២០២៣
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការនាំចេញគ្រាប់ពោតក្រហមរបស់កម្ពុជានៅឆមាសទី១ ឆ្នាំ២០២៣នេះ សម្រេចបានក្នុងបរិមាណជាង ១៨ ០៥៣ តោន។ចំនួននេះថយចុះ ៧៨,៧៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងនាចុងសប្តាហ៍មុនថា ផលិតកម្មដំណាំមួយចំនួនមានការថយចុះ ដោយសារស្ថានភាពមិនច្បាស់លាស់ខាងទីផ្សារ និងបញ្ហាបម្រែបម្រួលអាកាសធាតុនាំឱ្យប៉ះពាល់ដល់ទិន្នផល និងគុណភាពនៃដំណាំ។ ម្យ៉ាងវិញទៀត ការនាំចេញដោយគ្មានការស្នើសុំវិញ្ញាបនបត្រភូតគាមអនាម័យ (ការនាំចេញក្រៅផ្លូវការ) តាមច្រក របៀងទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃមួយចំនួន មិនមានការកត់ត្រា។

បើតាមម្ចាស់សៃឡូ(ការនិយមហៅរបស់អ្នកជាប់ព្រំដែនប្រទេសថៃ)ឬដេប៉ូទទួលទិញនានា ដែលប្រមូលទិញគ្រាប់ពោតក្រហមនៅខេត្តប៉ៃលិន និងខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងនៅថ្ងៃទី១០ ខែកក្កដា ថា ការប្រមូលទិញពោតពីកសិករនៅក្នុងខេត្តទាំងពីរនេះទើបតែចាប់ផ្តើមប៉ុន្មានថ្ងៃនេះទេ ។គឺនៅដើមខែកក្កដានេះ។
អ្នកស្រី រី សាវិញ ម្ចាស់ដេប៉ូរីសាវិញនៅខេត្តប៉ៃលិន បាននិយាយថា ដេប៉ូរបស់អ្នកស្រី បានចាប់ផ្តើមទិញពោតក្រហមពីកសិករ កាលពីថ្ងៃទី៥ ខែកក្កដានេះ ដោយសារតែកសិករទើបតែចាប់ផ្តើមកាច់ពោតបណ្តើរៗ។ ឆ្នាំនេះការប្រមូលទិញពោតរបស់អ្នកស្រី អាចនឹងមានការធ្លាក់ចុះដោយសារតែកសិករប្រមូលផលពោតបានតិចដោយសារ ពោតខូចខាតច្រើន ដោយខ្លះស្កក ខ្លះមិនសូវមានគ្រាប់ ព្រោះតែគ្រោះរាំងស្ងួត។
អ្នកស្រី សាវិញ បានបញ្ជាក់ថា អ្នកស្រីទើបតែទិញបានតិចតួចដែរទេ ព្រោះកសិករទើបចាប់ផ្តើមកាច់ពោត។ មើលទៅឆ្នាំនេះ ប្រហែលប្រមូលទិញបានតិចជាងឆ្នាំមុនដោយសារពោតខូចច្រើន ព្រោះរាំងស្ងួតពេក ហើយតម្លៃវិញក៏មិនសូវល្អប៉ុន្មានដែរ បើតាមដំណឹងពីខាងថៃមក។ តែខាងអ្នកស្រីលក់ទៅខាងថៃផង និងលក់ឱ្យក្រុមហ៊ុនCPក្នុងប្រទេសផង ដោយក្រុមហ៊ុនក្នុងស្រុកបានតម្លៃគួរសមដែរ បើសិនជាពោតយើងល្អមានស្តង់ដារ ដែលគេចង់បាន។

អ្នកស្រីបានបន្តថា កន្លងទៅដេប៉ូរបស់អ្នកស្រីទិញបានចន្លោះមួយម៉ឺនតោន ទៅពីរម៉ឺនតោន ក្នុងមួយរដូវប្រមូលផល តែឆ្នាំនេះ។ ការប្រមូលទិញអាចនឹងធ្លាក់ចុះ ប៉ុន្តែត្រូវចាំមើលសិន ព្រោះអាកាសធាតុចាប់ផ្តើមល្អវិញខ្លះដែរ ដែលអាចឱ្យពោតលូតលាស់បានល្អជាងនេះ ដែលនឹងប្រមូលផលនៅវគ្គក្រោយ។
ស្រដៀងគ្នានេះដែរ អ្នកស្រី អេម សោភ័ណ្ឌ ម្ចាស់ដេប៉ូ ហ៊ីង សោភ័ណ្ឌ នៅខេត្តបាត់ដំបងបានប្រាប់ឱ្យដឹងដែរថា ខាងដេប៉ូរបស់អ្នកស្រីទើបតែចាប់ផ្តើមទិញពោតពីកសិករ បានបីថ្ងៃប៉ុណ្ណោះ ដោយមួយថ្ងៃទិញចន្លោះពី៥០ ទៅ៦០តោន ហើយជាទូទៅ ការប្រមូលទិញពោតពីកសិករ រៀងរាល់ឆ្នាំបានប្រហែលពីរទៅបីម៉ឺនតោន។
«ឆ្នាំនេះនៅក្នុងខេត្តបាត់ដំបងភាគច្រើន បានងាកចេញពីការដាំដំឡូងមី ទៅដាំដំណាំពោតវិញ ប៉ុន្តែឥឡូវប្រហែលកសិករត្រូវខកចិត្តហើយ ព្រោះពោតមិនសូវល្អដោយសាររាំងស្ងួតពេក ហើយតម្លៃក៏មិនសូវល្អដែរ។ យើងទិញពីកសិករតម្លៃ ៦៣០រៀល ក្នុងមួយគីឡូក្រាម ហើយលក់ឱ្យថៃវិញក្នុងតម្លៃ៦៥០រៀល ទៅ៦៧០រៀល។ ឥឡូវតម្លៃខាងថៃទិញចុះរាល់ថ្ងៃ។ យើងបារម្ភដែរ ខ្លាចនៅខាងថៃបញ្ចុះថ្លៃពេក យើងពិបាកទិញកសិករ ព្រោះថោកពេក គាត់មិនលក់ ហើយយើងពិបាកបង្វិលដើមទុន»។ នេះជាការបញ្ជាក់របស់អ្នកស្រី អេម សោភ័ណ្ឌ។
បើតាម អ្នកស្រី អេម សោភ័ណ្ឌដដែល កសិករនៅតំបន់ដែលអ្នកស្រីរស់នៅមានដាំដុះពោតច្រើនជាងឆ្នាំមុន ដោយខ្លះលែងដាំដំឡូងមី ដោយសារតែឃើញថា ពោតមានទីផ្សារជាង។ ដោយឡែក ការប្រមូលទិញពោតរបស់កសិករធ្វើឡើងក្នុងរយៈពេល១ខែ ឬលើសពីនេះ ដោយវាអាស្រ័យលើការប្រមូលផលរបស់កសិករដែរ។
យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា នៅក្នុងឆ្នាំ២០២២ ការនាំចេញពោតក្រហមទៅកាន់ប្រទេសថៃ និងវៀតណាម សម្រេចបាន ១៧២ ៨៩០ តោន៕ ដោយ៖ វណ្ណ សុជាតា
