ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា៖ វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មសង្គ្រាមលើកទី១នេះ មានអត្ថន័យជាប្រវត្តិសាស្ត្រ និងបង្ហាញនូវសារជាសកល នៃសន្តិភាព និងការអត់ឱនឱ្យគ្នា
(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្ម ក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានលើកឡើងថា វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ មិនត្រឹមតែបង្ហាញពីការរឹតចំណងមិត្តភាពរវាងកម្ពុជា និងបារាំងនោះទេ ប៉ុន្តែក៏បានបង្ហាញនូវសារជាសកល នៃសន្តិភាព និងការអត់ឱនឲ្យគ្នា ។

ឯកឧត្តម អគ្គរដ្ឋទូត បានបន្តថា វិមាននេះ ពិតជាមានអត្ថន័យជាប្រវត្តិសាស្ត្រនៅក្នុងរាជធានីភ្នំពេញ ដែលបានបង្ហាញនូវការមិនបំភ្លេច និងមិនលុបបំបាត់ចោលនូវការចងចាំអតីតកាល និងការចងចាំមួយរបស់ប្រវត្តិសាស្ត្រ នៃសោកនាដកម្មមួយ របស់មនុស្សជាតិ ។

ឯកឧត្តម ហ្សាក់ ប៉ឺឡេ បានបន្តថា ការសាងសង់ឡើងវិញនេះ ក៏ជាការឆ្លើយតបទៅនឹងភាព ដ៏ឆ្កួតលីលារបស់ពួកខ្មែរក្រហម ដែលចង់លុបបំបាត់អតីតកាល ដោយយើងបានសាងសង់ឡើងវិញ ដើម្បីរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ដែលជាករណីកិច្ចរួមរបស់យើង ក្នុងការចងចាំជានិច្ចនូវអ្វីដែលធ្លាប់ជា និងនៅតែជាភាពគួរឲ្យស្អប់ខ្ពើមនៃសង្គ្រាម ហើយក៏សូមថ្លែងអំណរគុណដល់សម្ដេចតេជោ បានសាងសង់វិមាននេះឡើងវិញ ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំង បានបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមិនា ឆ្នាំ១៩២៥ មានការប្រារព្ធពិធីសម្ពោធវិមានរំលឹកដល់ជនជាតិកម្ពុជា និងជនជាតិបារាំងនៅកម្ពុជា ចំនួនជិត ២០០នាក់ ដែលបានបាត់បង់ជីវិត ក្នុងសង្គ្រាមលោកលើកទី១ ដែលការសម្ពោធនេះ ស្ថិតក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ ព្រះបាទ ស៊ីសុវត្ថិ ហើយវិមាននេះ ត្រូវបានកម្ទេចដោយពួកខ្មែរក្រហម នៅពេលពួកគេចូលកាន់កាប់រាជធានីភ្នំពេញ ៕


អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ