ព្យុះទីហ្វុង តាលីម នឹងបក់បោកទៅដល់ចិនដីគោកភាគខាងត្បូងនាល្ងាចថ្ងៃចន្ទនេះ
ប៉េកាំង៖ រដ្ឋបាលឧតុនិយមចិនបានប្រកាសថា ព្យុះទីហ្វុងតាលីម (Talim) នឹងបក់បោកទៅដល់ចិនដីគោកភាគខាងត្បូងនៅល្ងាចថ្ងៃចន្ទនេះ ខណៈអាជ្ញាធរមូលដ្ឋានព្រមានមិនឱ្យប្រជាជនចេញពីផ្ទះបិទទីសាធារណៈ និងលុបចោលជើងហោះហើរជាដើម។
បើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ រដ្ឋបាលឧតុនិយមចិនបានចេញការប្រកាសអាសន្នពណ៌ទឹកក្រូច ដែលជាសញ្ញាព្រមានហានិភ័យកម្រិតខ្ពស់បំផុតទី២ ដោយនិយាយថា ព្យុះទីហ្វុងថាលីម នឹងវិវត្តក្លាយជាព្យុះដ៏សាហាវនៅពេលវាបកបោកទៅដល់ចិនដីគោក ពោលគឺនៅតាមបណ្ដោយឆ្នេរសមុទ្រភាគខាងត្បូង ចាប់ពីឆ្នេរខេត្តក្វាងទុង រហូតទៅដល់កោះហៃណាន។
ភ្នាក់ងារព្យាករណ៍អាកាសធាតុជាតិចិនដដែល បានជំរុញឱ្យអាជ្ញាធរក្នុងខេត្តក្វាងទុង និងកោះហៃណាន ត្រៀមខ្លួនដើម្បីឆ្លើយតបនឹងព្យុះទីហ្វុងមួយនេះ។ នៅព្រឹកថ្ងៃចន្ទ ភ្នាក់ងារព្យាករណ៍អាកាសធាតុក្រុងហុងកុង បានព្យាករណ៍ថា ល្បឿនខ្យល់នៃព្យុះនឹងបោកបក់នៅលើសមុទ្រក្នុងល្បឿនចន្លោះពី ៦៣-១១៧ គីឡូម៉ែត្រ ដោយកម្រិតខ្យល់បោកបក់អាចលើសពី ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ប៉ុន្តែក្រោយមក ភ្នាក់ងារដដែលបានទម្លាក់ការព្យាករណ៍ ហើយថា គិតត្រឹមម៉ោង ២ រសៀល ផ្ចិតនៃព្យុះតាលីម ស្ថិតនៅចម្ងាយប្រហែល ២៨០ គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងហុងកុង។
ចំណែកឯមជ្ឈមណ្ឌលឧតុនិយមចិនវិញ បានព្យាករណ៍ថា ខ្យល់នឹងបក់បោកខ្លាំងនៅលើសមុទ្រក្បែរបណ្ដាខេត្ត និងតំបន់ភាគខាងត្បូង ហើយឆ្នេរសមុទ្រភាគនិរតី រួមមានក្នុងខេត្ត Guangxi និងភាគខាងជើងកោះហៃណាន នឹងមានភ្លៀងធ្លាក់ខ្លាំងពី ២៥០ មីលីម៉ែត្រ ទៅ ២៨០ មីលីម៉ែត្រ។
អាជ្ញាធរមូលដ្ឋានក្នុងកោះហៃណាន បានស្នើសុំឱ្យកប៉ាល់នៅក្នុងដែនទឹកក្បែរៗនោះ ត្រឡប់ទៅកំពង់ផែ ហើយសេវាឆ្លងដពីកោះទៅកាន់ខេត្តក្វាងទុង ត្រូវផ្អាកជាបណ្ដោះអាសន្នសិន។ ចំណែកឯជើងហោះហើរនៅក្នុងខេត្តភាគខាងត្បូងរបស់ចិនទាំង២ ត្រូវបានបិទ និងពន្យារពេលហោះហើរផងដែរ។
ជាមួយគ្នានេះ ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា អាជ្ញាធរក្រុង Haikou នៃកោះហៃណាន បានប្រកាសឱ្យមានការផ្អាកថ្នាក់រៀន ការងារ ជើងហោះហើរ អាជីវកម្ម និងសកម្មភាពទីសាធារណៈផ្សេងៗទៀត ចាប់ពីថ្ងៃត្រង់ថ្ងៃចន្ទទៅ ដោយតម្រូវឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ៕ ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ Typhoon Talim forecast to hit southern China late Monday