គជប ដឹកជញ្ជូនសន្លឹកឆ្នោត និងសម្ភារៈពាក់ព័ន្ធចេញតាមគោលដៅ (Video Inside)

សម្ភារៈសំខាន់ៗ ដែលបម្រើដល់ការបោះឆ្នោត ត្រូវបានដឹកជញ្ជូនចេញទៅគោលដៅ ក្នុងរាជធានី និងខេត្តទាំង២៥ហើយ នៅថ្ងៃអង្គារ៍ទី១៨កក្កដានេះ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា បានថ្លែងថាសម្ភារៈទាំងនោះរួមមានសន្លឹកឆ្នោត, ត្រាសម្ងាត់ និងទឹកខ្មៅលុបមិនជ្រះ និងសម្ភារៈសំខាន់ៗមួយចំនួនទៀត ដែលត្រូវបានបានដឹកចេញពីឃ្លាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីទៅប្រគល់ជូនតាមគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោតទាំង២៥ នៅទូទាំងប្រទេសសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

លោកបានបញ្ជាក់ថា ការវេចខ្ចប់សន្លឹកឆ្នោតសម្រាប់ដឹកជញ្ជូនទៅតាមបណ្តាខេត្តននីមួយៗ បានខ្ចប់ដោយស្រទាប់កៅស៊ូ និងស្រទាប់ក្រដាសធម្មតាជាច្រើនស្រទាប់ ដើម្បីធានាសុវត្ថិភាព។ ការដឹកជញ្ជូនបានបែកចែកតម្រាយផ្លូវធ្វើដំណើរ៨ខ្សែ ដោយមានការសហការជាមួយក្រសួងមហាផ្ទៃ និងមានក្បួនកងការពាររក្សាសន្លឹកឆ្នោតផងដែរ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបោះពុម្ពសន្លឹកឆ្នោតជាង១៣លានសន្លឹក និងបែងចែកជាពីរប្រភេទ ក្នុងនេះប្រភេទទីមួយ គឺជាប្រភេទសន្លឹកឆ្នោតដែលនឹងបញ្ជូន ទៅការិយាល័យបោះឆ្នោតជាង២ពាន់៣០០ការិយាល័យ និងប្រភេទទីពីរ គឺសន្លឹកឆ្នោតជាង១លាន ២សែនសន្លឹក គឺតម្កល់ទុកនៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោត សម្រាប់ត្រៀមបម្រុង ដើម្បីដោះស្រាយបញ្ហាជាយថាហេតុណាមួយដែលអាចនឹងកើតឡើង។

ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោបាយចំនួន១៨ ខណៈតួលេខនៃប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ដែលត្រូវចូលរួម មានជាង៩លាន ៧សែននាក់, ការិយាល័យដែលត្រូវបម្រើដល់ការបោះឆ្នោត នៅទូទាំងប្រទេសមានជាង២ម៉ឺនការិយាល័យ៕

ads banner