វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាកត្តាមួយចាំបាច់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានភាពរីកចម្រើន
ខេត្តកណ្ដាល៖ វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាកត្តាមួយចាំបាច់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឱ្យកាន់តែមានភាពរីកចម្រើន ។ ដើម្បីឱ្យការអភិវឌ្ឍមួយមានតុល្យភាព និងរឹងមាំយូអង្វែង ត្រូវតែមានការសិក្សាឱ្យបានល្អិតល្អន់ពីគ្រប់ជំនាញស្ថាប័នពាក់ព័ន្ធ ជាពិសេសត្រូវមាន ការសិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម(EIA) ដែលការសិក្សានេះស្ថិតក្រោមការ ត្រួតពិនិត្យរបស់ក្រសួងបរិស្ថាន ។
ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានលើកឡើងបែបនេះ ក្នុងសិក្ខាសាលា ស្ដីពីការចូលរួមប្រឹក្សា និងពិគ្រោះយោបល់ជាសាធារណៈ ទៅលើលទ្ធផល នៃការសិក្សាវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ។
ឯកឧត្តម ហាក់ សុខមករា បន្តថា៖ ផ្លូវនេះ នឹងផ្ដល់សារ:សំខាន់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍប្រទេសជាតិ ពីព្រោះផ្លូវនេះតភ្ជាប់រវាងតំបន់ប៉ូលសេដ្ឋកិច្ច សំខាន់ពីរគឺ រាជធានីភ្នំពេញ និងបាវិត ដោយឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង ហេតុដូច្នេះ គម្រោងសាងសង់នេះ នឹងជួយជំរុញកម្ពុជាឱ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ព្រមទាំងជួយកាត់បន្ថយ ភាពក្រីក្រ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលគឺ ផ្លូវ ទឹក ភ្លើង (អគ្គិសនី) និងធនធានមនុស្ស ដែលជាបង្គោលគ្រឹះ៤ ដ៏មាំដើម្បីឱ្យសង្គមជាតិមានការអភិវឌ្ឍ ៕
ដោយ-រ៉ាវុធ



