សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ចំពោះអ្នកសង្កេតការណ៍អន្តរជាតិចំនួន៣៣៣នាក់ មកពី៦៥ប្រទេស ដើម្បីចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតសកល នាថ្ងៃទី២៣ ខែកក្កដា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាល សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម លោកជំទាវ ទាំង៣៣៣នាក់ មកពី៦៥ប្រទេស និងស្ថាបន័អន្តរជាតិ ដែលបាននិងកំពុងអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើយោងតាមបណ្តាញសង្គមតេឡេក្រាមរបស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានសូមថ្លែងអំណរគុណចំពោះឯកឧតម្តប្រធានសភា ប្រទេសម៉ាឡេស៊ី និងឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីស្សូ ដែលអញ្ជើញមកដើម្បីសង្កេតការណ៍ដោយផ្ទាល់។ សម្តេចក៏បានសូមថ្លែងអំណរគុណ ឯកឧត្តមអតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រធាន អនុប្រធានរដ្ឋសភាទាំង១១រូប ដែលបានចំណាយពេលវេលាធ្វើដំណើរមកកាន់កម្ពុជា ដើម្បីធ្វើជាសាក្សីនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “យើងធ្លាប់បានបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ ៦លើករួចមកហើយ និងលើកទី៧ ឆ្នាំ២០២៣នេះ មានអ្នកសង្កេតការណ៍មកពីក្រៅប្រទេសច្រើនបំផុត និងមានឥស្សរជនជាន់ខ្ពស់ច្រើនបំផុតមកចូលរួមសង្កេតការណ៍”៕
ដោយ៖ពលជ័យ

ads banner