សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ឯកឧត្តម លោកជំទាវ មកពី ៦៥ប្រទេស និងស្ថាប័ន អន្តរជាតិ ដែលបាននិងកំពុងអញ្ជើញមកកម្ពុជា ដើម្បីចូលរួមសង្កេតការណ៍ សម្រាប់ការ បោះឆ្នោតសកលខាងមុខនេះ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍ឯកឧត្តម លោកជំទាវ មកពី៦៥ប្រទេស និងស្ថាប័នអន្តរជាតិ ដែលបាននិងកំពុងអញ្ជើញមកកម្ពុជា ដើម្បីចូលរួមសង្កេតការណ៍ សម្រាប់ការបោះឆ្នោតសកល ខាងមុខនេះ ។ នេះបើតាមបណ្ដាញទំនាក់ទំនងសង្គមធ្វីតទ័ររបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបង្ហោះនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារស្វាគមន៍ដូច្នេះថា៖ “ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម លោកជំទាវ ទាំង ៣៣៣នាក់ មកពី ៦៥ ប្រទេស និង ស្ថាប័នអន្តរជាតិដែលបាន និងកំពុងអញ្ជើញមកកាន់ ព្រះរាជាណាចក្រ កម្ពុជា ដើម្បីចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។

សម្ដេចបន្តថា៖ ខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានសភាប្រទេសម៉ាឡេស៊ី និងឯកឧត្តម នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីស្សូ ដែលអញ្ជើញមកកម្ពុជា ដើម្បីសង្កេតការណ៍ដោយផ្ទាល់។

ខ្ញុំក៏សូមថ្លែងអំណរគុណ ឯកឧត្តមអតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រធាន អនុប្រធានរដ្ឋសភាទាំង១១រូបដែលបានចំណាយពេលវេលាធ្វើដំណើរមកកាន់កម្ពុជា ដើម្បីធ្វើជាសាក្សីនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

សម្ដេចតេជោ បានលើកឡើងថា យើងធ្លាប់បានបោះឆ្នោតសកលជ្រើសរើស តំណាង រា ស្ត្រ៦លើករួចមកហើយ និងលើកទី៧ ឆ្នាំ២០២៣នេះ មានអ្នកសង្កេតការណ៍មកពី ក្រៅ ប្រទេសច្រើនបំផុត និងមានឥស្សរជនជាន់ខ្ពស់ច្រើនបំផុតមកចូលរួម សង្កេតការណ៍ ” ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ប្រព្រឹត្តទៅនៅថ្ងៃ អាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។ បើតាមតួលេខរបស់ គ.ជ.ប ប្រជាពលរដ្ឋចំនួន ៩ ៧១០ ៦៥៥នាក់ ក្នុងនោះស្រី ៥ ១៦១ ៩០៩នាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលមានសិទ្ធិទៅបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner