រុស្ស៊ី ព្រមានប្រឆាំងកប៉ាល់ដែលធ្វើដំណើរទៅអ៊ុយក្រែន ដោយចាត់ទុកថា ជាផ្នែកមួយនៃសង្រ្គាម
មូស្គូ៖ ប្រទេសរុស្ស៊ីបានព្រមានប្រឆាំងនឹងកប៉ាល់ដែលធ្វើដំណើរទៅកាន់កំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ដោយចាត់ទុកថា វាជាផ្នែកមួយនៃសង្រ្គាម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការលើកឡើងរបស់រុស្ស៊ីយ៉ាងដូច្នេះ ធ្វើឡើងក្រោយក្រុងកៀវអះអាងថា ខ្លួននឹងបង្កើតផ្លូវដឹកជញ្ជូនបណ្តោះអាសន្ន ដើម្បីបន្តការនាំចេញគ្រាប់ធញ្ញជាតិរបស់ខ្លួន បន្ទាប់ពីក្រុងមូស្គូដកខ្លួនចេញពីកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន លើការដឹកជញ្ជូនផលិតស្បៀងអាហារចេញពីកំពង់ផែសមុទ្រខ្មៅ ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយក្នុងសេចក្ដីថ្លែងការណ៍លើបណ្ដាញផ្ញើសារតេឡេក្រាម នៅថ្ងៃពុធថា ចាប់ពីពាក់កណ្ដាលយប់(ថ្ងៃព្រហស្បតិ៍)ទៅ ខ្លួននឹងចាត់ទុកកប៉ាល់ទាំងអស់ដែលធ្វើដំណើរទៅកាន់អ៊ុយក្រែនថាអាចនឹងផ្ទុកទំនិញយោធាក្នុងនាមក្រុងកៀវ ហើយកប៉ាល់ទាំងនោះ មិនថាដាក់ទង់ជាតិប្រទេសអ្វីក៏ដោយ នឹងត្រូវចាត់ទុកថាពាក់ព័ន្ធនឹងជម្លោះនៅអ៊ុយក្រែន។
ក្រសួងការពារជាតិរុស្ស៊ីនិយាយថា ខ្លួននឹងអនុវត្តគោលជំហរថ្មីចំពោះកប៉ាល់នៅក្នុងសមុទ្រខ្មៅ ប៉ុន្តែមិនបានគូសបញ្ជាក់ពីសកម្មភាពអ្វី ដែលខ្លួនអាចនឹងធ្វើចំពោះកប៉ាល់ទាំងនោះៗទេ។
បន្ថែមពីនេះ ក្រសួងក៏បាននិយាយផងដែរថា រុស្ស៊ីប្រកាសថា ផ្នែកភាគអាគ្នេយ៍ និងភាគពាយ័ព្យនៃដែនទឹកអន្តរជាតិក្នុងសមុទ្រខ្មៅ គ្មានសុវត្ថិភាពសម្រាប់ការធ្វើនាវាចរណ៍នាពេលនេះទេ ប៉ុន្តែមិនបានផ្ដល់ព័ត៌មានពីតំបន់ទាំងនោះឱ្យលម្អិតជាក់លាក់នោះទេ។
គួរបញ្ជាក់ថា មុនការព្រមានរបស់រុស្ស៊ី ,ប្រទេសអ៊ុយក្រែនបាននិយាយថា ខ្លួនកំពុងបង្កើតផ្លូវដឹកជញ្ជូនបណ្តោះអាសន្នឆ្លងកាត់ដែនទឹករ៉ូម៉ានី ដែលជាប្រទេសមួយជាប់សមុទ្រខ្មៅដូចគ្នា។ លោក Vasyl Shkurakov រដ្ឋមន្ត្រីស្តីទីរបស់អ៊ុយក្រែនសម្រាប់សហគមន៍ ដែនដី និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បាននិយាយក្នុងលិខិតផ្ញើទៅកាន់ទីភ្នាក់ងារដឹកជញ្ជូនរបស់អង្គការសហប្រជាជាតិ អង្គការដែនសមុទ្រអន្តរជាតិថា៖ «គោលដៅរបស់យើងគឺដើម្បីជួយសម្រួលដល់ការបិទការដឹកជញ្ជូនអន្តរជាតិនៅតំបន់ភាគពាយ័ព្យនៃសមុទ្រខ្មៅ»។
គួរបញ្ជាក់ថា ការប្រកាសទាំងអស់ពីភាគីទាំងសងខាងកាលពីថ្ងៃពុធ ធ្វើឡើងខណៈអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Adam Hodge បានអះអាងថា រុស្ស៊ីកំពុងពិចារណាលើការវាយប្រហារលើកប៉ាល់ស៊ីវិលនៅក្នុងសមុទ្រខ្មៅ ហើយបន្ទាប់មក ទម្លាក់កំហុសទៅលើកងកម្លាំងអ៊ុយក្រែន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
វាក៏ធ្វើឡើងផងដែរ ខណៈរុស្ស៊ីរងការចោទប្រកាន់ជាថ្មី ថាយកស្បៀងអាហារធ្វើជាអាវុធ ដែលធ្វើឱ្យរងគ្រោះប្រជាជនជាច្រើនជុំវិញពិភពលោក ដែលពឹងអាស្រ័យលើផលិតផលស្បៀងនាំចេញពីអ៊ុយក្រែន តាមរយៈការគម្រាមកំហែងវាយប្រហារលើកប៉ាល់នៅដែនទឹកអន្តរជាតិក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នា និងការវាយប្រហារទីក្រុងកំពង់ផែអូដេសា របស់អ៊ុយក្រែន រយៈពេល២យប់ជាប់គ្នា។
គួររំឭកថា ក្រោយចាប់ផ្ដើមឈ្លានពានអ៊ុយក្រែនទូទាំងប្រទេសកាលពីចុងខែកុម្ភៈ រុស្ស៊ីបានបិទផ្លូវនាំចេញពីកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន រហូតទាល់តែកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងតួកគី បានសម្រេចឡើង ដែលឱ្យកំពង់ផែអ៊ុយក្រែនបើកឡើងវិញ ហើយអាចនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនទៅកាន់ទីផ្សារពិភពលោក។
វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងដកខ្លួនចេញពីកិច្ចព្រមព្រៀង ក្រោយពីធ្វើការត្អូញត្អែរជាច្រើនខែមកហើយថា ការព្រមព្រៀងគ្នាជុំវិញការនាំចេញអាហារ និងជីរបស់រុស្ស៊ីមិនដំណើរការដោយរលូន។ ជាមួយគ្នានេះ ទីក្រុងមូស្គូក៏បានចោទប្រកាន់អ៊ុយក្រែនផងដែរថា ប្រើប្រាស់ច្រករបៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដើម្បីធ្វើការវាយប្រហារលើរុស្ស៊ី។
ការដកខ្លួនរបស់រុស្ស៊ីចេញពីកិច្ចព្រមព្រៀងនាំចេញធញ្ញជាតិ បានរងការថ្កោលទោសជាអន្តរជាតិ ដោយសារវាបង្កការភ័យខ្លាចឡើងវិញអំពីការកើនឡើងតម្លៃ និងកង្វះគ្រាប់ធញ្ញជាតិ និងអាហារជុំវិញពិភពលោក ។ជាពិសេសក្នុងបណ្តាប្រទេសក្រីក្រនៅទ្វីបអាហ្រ្វិក ដែលពឹងផ្អែកលើគ្រាប់ធញ្ញជាតិអ៊ុយក្រែន។
ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយម្តងទៀតកាលពីថ្ងៃពុធថា ទីក្រុងមូស្គូនឹងមិនវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងវិញទេលុះត្រាតែការទាមទារមួយចំនួនរបស់រុស្ស៊ីត្រូវបានបំពេញ៕ ប្រែសម្រួល៖ ហួន ឌីណា