សិង្ហបុរី បានទម្លាក់ជប៉ុនចេញពីចំណាត់ថ្នាក់កំពូលនៃប្រទេសដែលមានលិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុត

សិង្ហបុរី៖ សិង្ហបុរី បានក្លាយជាប្រទេសដែលមានលិខិតឆ្លងដែនដ៏មានឥទ្ធិពលជាងគេបំផុតនៅលើពិភពលោក ដោយបានយកឈ្នះប្រទេសជប៉ុនដែលតែងតែស្ថិតនៅចំណាត់ថ្នាក់កំពូលតារាង។

យោងតាមរបាយការណ៍សន្ទស្សន៍លិខិតឆ្លងដែនហេនលី (Henley Passport Index) ប្រជាជនសិង្ហបុរី អាចធ្វើដំណើរទៅកាន់ប្រទេសនៅទូទាំងពិភពលោករហូតដល់ទៅ១៩២ប្រទេសដោយមិនចាំបាច់ត្រូវការទិដ្ឋាការ។តួលេខនេះ មានចំនួនច្រើនជាងគេបង្អស់ បើធៀបទៅនឹងប្រទេសដទៃទៀត។

គួររំឭកថា សិង្ហបុរីបានជាប់ចំណាត់ថ្នាក់កំពូលចុងក្រោយបង្អស់កាលពីឆ្នាំ២០២១ ក្រោយមកក៏ត្រូវប្រទេសជប៉ុនដណ្ដើមបានតំណែងកំពូលនោះវិញនៅឆ្នាំ២០២២។ ចំពោះប្រទេសអាល្លឺម៉ង់ អ៊ីតាលី និងអេស៉្បាញវិញ បានជាប់នៅចំណាត់ថ្នាក់លេខ២ ដោយអ្នកកាន់លិខិតឆ្លងដែនប្រទេសទាំងពីរនេះ អាចការធ្វើដំណើរទៅកាន់ប្រទេសចំនួន ១៩០ ប្រទេសដោយមិនចាំបាច់ត្រូវការទិដ្ឋាការ។

ប្រទេសជប៉ុនធ្លាប់បានជាប់ចំណាត់ថ្នាក់លេខ ១ ចំនួនបួនដងរួចមកហើយក្នុងរយៈពេលប្រាំ ឆ្នាំចុងក្រោយនេះ ប៉ុន្តែក៏បានធ្លាក់ទៅជាប់ចំណាត់ថ្នាក់លេខ ៣ វិញនៅឆ្នាំនេះ ដោយប្រជាជនជប៉ុនអាចធ្វើដំណើរទៅកាន់ប្រទេសចំនួន ១៨៩ ប្រទេសដោយមិនចាំបាច់ត្រូវការទិដ្ឋាការ។

យ៉ាងណាមិញ ប្រទេសមួយចំនួនទៀតក៏បានជាប់ចំណាត់ថ្នាក់លេខ ៣ ដូចទៅនឹងជប៉ុនផងដែរ ក្នុងនោះរួមមាន ប្រទេសបារាំង អូទ្រីស ហ្វាំងឡង់ ស៊ុយអែត លុចសំបួ និងកូរ៉េខាងត្បូង។ រីឯសហរដ្ឋអាមេរិកដែលបានជាប់ចំណាត់ថ្នាក់លេខ ១ កាលពីឆ្នាំ២០១៤ បានធ្លាក់ចុះមកនៅលេខ ៨ ដែលជាចំណាត់ថ្នាក់ទាបបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។

លោក ហ្គ្រេក លីនសេ (Greg Lindsay) អ្នកបច្ចេកទេសផ្នែកទីក្រុង នៅវិទ្យាស្ថាន Cornell Tech បានលើកឡើងថា «ការធ្លាក់ចុះចំណាត់ថ្នាក់ជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ អាចបណ្តាលមកពីកង្វះការយោគយល់ទិដ្ឋាការគ្នាទៅវិញទៅមកជាមួយប្រទេសផ្សេងៗ»។ លោក លីនសេ បានបញ្ជាក់នៅក្នុងការវិភាគដែលអមជាមួយសន្ទស្សន៍លេខចំណាត់ថា្នក់ទាំងនោះថា «មូលហេតុនៃការធ្លាក់ចុះរបស់សហរដ្ឋអាមេរិក គឺមិនពិបាកពន្យល់នោះទេ នោះគឺថាសហរដ្ឋអាមេរិកមិនបានព្យាយាមធ្វើរឿងនេះនោះឡើយ»។

ចាប់ពីចំណាត់ថ្នាក់ទី១ រហូតដល់ទី១០ មានប្រទេសរហូតដល់ទៅ ៣៤ ឯណោះដែលជាប់ចំណាត់ថ្នាក់នៅចន្លោះនេះ។ ក្នុងនោះ សហរដ្ឋអាមេរិកមានកំណើនយឺតខ្លាំងបំផុតនៅក្នុងសន្ទស្សន៍ពិន្ទុស្ដីពីឥទ្ធិពលលិខិតឆ្លងដែននៅចន្លោះពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២៣ ដោយមានការកើនឡើងត្រឹមតែ ១២ ប្រទេសតែប៉ុណ្ណោះដែលប្រជាជនអាមេរិកអាចធ្វើដំណើរទៅបានដោយមិនចាំបាច់ទិដ្ឋាការ។

ផ្ទុយទៅវិញ ស្ថិតក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះដូចគ្នា ប្រទេសសិង្ហបុរីបានបង្កើនចំនួនប្រទេសដែលប្រជាជនសិង្ហបុរីអាចធ្វើដំណើរទៅបានដោយមិនចាំបាច់ទិដ្ឋាការរហូតដល់ទៅ ២៥ ប្រទេស។ ចំនួននេះបានធ្វើឱ្យសិង្ហបុរីឈានពីចំណាត់ថ្នាក់លេខ ៥ ទៅកាន់ចំណាត់ថ្នាក់លេខ១ លើគេតែម្ដង។

ដោយឡែក ប្រទេសអាហ្វហ្កានីស្ថានត្រូវបានចាត់ថ្នាក់ថាជាប្រទេសដែលមានលិខិតឆ្លងដែនដ៏មានឥទ្ធិពលតិចបំផុត ដោយការធ្វើដំណើរទៅកាន់ប្រទេសផ្សេងទៀតដោយមិនចាំបាច់ត្រូវការទិដ្ឋាការបានត្រឹមតែ ២៧ ប្រទេសប៉ុណ្ណោះ បន្ទាប់មកគឺប្រទេសយេម៉ែន ប៉ាគីស្ថាន ស៊ីរី និងអ៊ីរ៉ាក់។

គួរដឹងដែរថា Henley & Partners ជាក្រុមហ៊ុនប្រឹក្សាផ្នែកអន្តោប្រវេសន៍ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ (London)។ ក្រុមហ៊ុននេះតែងតែបានចងក្រងចំណាត់ថ្នាក់ប្រចាំឆ្នាំ ដោយប្រើទិន្នន័យពីសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA)។ តួលេខនៃសន្ទស្សន៍នេះផងដែរ ជាការចាត់ថ្នាក់ប្រទេសដោយផ្អែកលើចំនួនគោលដៅដែលពលរដ្ឋរបស់ខ្លួនអាចទៅទស្សនាបានដោយមិនចាំបាច់មានទិដ្ឋាការ៕
ប្រែសម្រួលដោយ៖ ធា សុណា

ads banner