សហរដ្ឋអាមេ៉រិកព្រមានចិនជាមុន អំពីការដំឡើងពន្ធថ្មីទៀតលើទំនិញចិន
សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិក លោក ដូណាល់ ត្រាំ បានបង្គាប់ឲ្យទីប្រឹក្សាពាណិជ្ជកម្មរបស់លោក គឺលោក រ៉ូប៊ឺត ឡាយធីហ្សឺ ប្រាប់ទៅកាន់ចិន ជាមុនថា ការដំឡើងពន្ធថ្មីៗបន្ថែមទៀតនឹងត្រូវធ្វើឡើង ។
លោក ត្រាំ បានបង្គាប់ដូច្នេះ ក្រោយប្រធានាធិបតីអាមេ៉រិករូបនេះ ត្រៀមដំឡើងពន្ធ១០ភាគរយលើទំនិញចិនទំហំ៣០០ពាន់លានដុល្លារផ្សេងទៀត ដែលនាំចូលមកអាមេ៉រិក បន្ទាប់ពីលោកមើលឃើញថា កិច្ចចរចាពាណិជ្ជកម្មរវាងភាគីទាំងពីរ ដែលទើបចាប់ផ្តើមឡើងវិញនៅទីក្រុងសៀងហៃនាពេលថ្មីៗនេះ មិនទទួលបានវឌ្ឍនភាពគួរឲ្យកត់សម្គាល់អ្វី ។
ទន្ទឹមគ្នានោះដែរ លោក ដូណាល់ ត្រាំ ក៏បានសរសេរសារបង្ហោះអំពីប្រកាសពីការសម្រេចចិត្តដំឡើងពន្ធថ្មីនេះ នៅលើបណ្តាញសង្គមធ្វីតធើតែម្តង ខណៈចំណាត់ការនេះ នឹងត្រូវចូលជាធរមាននៅថ្ងៃទី០១ ខែកញ្ញាខាងមុខ ហើយផលិត ផលដែលត្រូវបង្កើនការយកពន្ធ ក្នុងនោះមានចាប់ពីទូរស័ព្ទដៃស្មាតហ្វូន រហូតដល់សំម្លៀកបំពាក់ ៕ធ.ដ



