រដ្ឋបាលខេត្តព្រះសីហនុអនុញ្ញាតឱ្យធ្វើដំណើរតាមកោះនិងចេញទូកនេសាទឡើងវិញតែត្រូវមានកំណត់
ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុអនុញ្ញាតឱ្យមានការធ្វើដំណើរទៅតាមគោលដៅកោះនានា និងបើកឱ្យប្រជានេសាទចេញទូកនេសាទឡើងវិញ ប៉ុន្តែត្រូវមានការកំណត់និងគោរពតាមលក្ខខណ្ឌសុវត្ថិភាព ខណៈកម្រិតរលកសមុទ្របានធ្លាក់ចុះមកនៅលើកម្រិតធម្មតាបន្តិច។
យោងតាមសារសំឡេងរបស់អភិបាលខេត្តព្រះសីហនុឯកឧត្តម គួច ចំរើន ជុំវិញបញ្ហាអាកាសធាតុនៅខេត្តព្រះសីហនុផ្ទាល់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣បានបញ្ជាក់ថា ផ្អែកតាមការតាមដានលើបញ្ហាអាកាសធាតុ បង្ហាញថារលកសមុទ្របានធ្លាក់ចុះមកនៅកម្រិតលើធម្មតាបន្តិច ហើយនៅមានភ្លៀងធ្លាក់បន្តបន្ទាប់ពេញមួយថ្ងៃ ដែលស្ថានការណ៍នេះអំណោយផលដល់ការធ្វើដំណើរតាមផ្លូវទូកឡើងវិញប៉ុន្តែនៅក្នុងសភាពការណ៍ប្រុងប្រយ័ត្ន។
បើទោះបីជាឯកឧត្តម គួច ចំរើន បានដាក់ចេញការសម្រេចឱ្យមានការធ្វើដំណើរតាមទូកទៅកាន់បណ្តាដីកោះនានាវិញ ប៉ុន្តែជាប្រភេទទូកធានាសុវត្ថិភាពដែលអ្នកដំណើរត្រូវមានអាវពោង ហើយត្រូវស្ថិតក្រោមការត្រួតពិនិត្យពីមន្ត្រីជំនាញ។
សម្រាប់ប្រជានេសាទនៅខេត្តព្រះសីហនុវិញ រដ្ឋបាលខេត្តក៏បានអនុញ្ញាតឱ្យចេញទូកនេសាទផងដែរ ប៉ុន្តែត្រូវមានរយៈពេលកំណត់ដោយមិនអាចចេញនេសាទច្រើនថ្ងៃបានឡើយ ចៀសវាងកើតមានហានិភ័យជាយថាហេតុ។ ត្រង់នេះឯកឧត្តមសង្កត់ធ្ងន់ថា៖«អាចចេញនេសាទរយៈពេលខ្លីៗ ទៅព្រឹកមកល្ងាច ។ទៅល្ងាចមកព្រលប់តែប៉ុណ្ណោះ មិនអនុញ្ញាតឱ្យចេញការនេសាទហួសថ្ងៃកំណត់ដែលអាចមានហានិភ័យកើតឡើង ដែលលំបាកក្នុងការទំនាក់ទំនង និងចាត់វិធានការនានា»។
ការអនុញ្ញាតឱ្យចេញទូកទៅតាមគោលដៅឡើងវិញនេះឯកឧត្តម គួច ចំរើន បញ្ជាក់ថា ដោយមានសំណូមផ្ទាល់ពីប្រជាពលរដ្ឋ ក្នុងតម្រូវការផ្នែកដឹកជញ្ជូនស្បៀងអាហារ និងការធ្វើដំណើរ ហើយផ្អែកលើភាពអំណោយផលនៃអាកាសធាតុបន្តិចបន្តួចផង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកក្កដាកន្លងទៅ ឯកឧត្តម គួច ចំរើន និងគណៈអភិបាលខេត្តព្រះសីហនុ បានអន្តាគមន៍បញ្ជូនកប៉ាល់ទេសចរណ៍ចំនួនប្រាំគ្រឿង ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរសរុប៧០៨នាក់ មកកាន់ដីគោកវិញដោយសុវត្ថិភាព ខណៈពួកគេបានជាប់គាំងនៅក្រុងកោះរ៉ុង ដោយឥទ្ធិពលខ្យល់ព្យុះមានភ្លៀង ខ្យល់កន្ត្រាក់ រលកសមុទ្រខ្ពស់ៗដែលមិនអាចឱ្យទូកកាណូត ឬអូប៊័រ ធ្វើដំណើរនៅលើផ្ទៃសមុទ្របាន។
តាមរយៈការប្រកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកក្កដាកម្ពុជាទទួលឥទ្ធិពលជ្រលងខ្យល់ព្យុះទី៤ ឈ្មោះ តាលីម(TALIM) និងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គូរ។ លក្ខណៈនេះ ធ្វើឱ្យតំបន់មាត់សមុត្រទទួលរងភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ហើយមានខ្យល់បក់ខ្លាមង និងមានរកសមុទ្រកម្ពស់ខ្ពស់នៅលើផ្ទៃសមុទ្រ៕
ដោយ៖ សំបាន ច័ន្ទដារ៉ា



