អាជ្ញាធរជាតិអប្សរា៖ខ្សែទស្សនាថ្មីនៅប្រាសាទចំនួនពីរនឹងអនុញ្ញាតឱ្យភ្ញៀវឆ្លងកាត់ផ្នែកសំខាន់ៗនៃ ផ្ទាំងនិងចម្លាក់សាច់រឿង

អត្ថបទដោយ៖
CPA

សៀមរាប៖អាជ្ញាធរជាតិអប្សរា នឹងដាក់ឱ្យដំណើរការសាកល្បងខ្សែទស្សនាថ្មី នៅប្រាសាទអង្គរវត្ត និងបន្ទាយស្រី នៅដើមខែសីហាខាងមុខនេះ ដើម្បីបង្កើនគុណភាពនៃការទស្សនា ក៏ដូចជាផ្តល់នូវបទពិសោធន៍ល្អៗជូនភ្ញៀវ ដែលខ្សែថ្មីនេះអនុញ្ញាតឱ្យឆ្លងកាត់ផ្នែកសំខាន់ៗដូចជា ផ្ទាំង និងចម្លាក់សាច់រឿងជាដើម។

សេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ចុះថ្ងៃទី​២០ខែកក្កដា ឆ្នាំ ២០២៣​ បានឱ្យដឹងថា ខ្សែទស្សនាថ្មីនេះគ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងចាប់ពីថ្ងៃទី០១ខែសីហាឆ្នាំ២០២៣តទៅ។
តាមរយៈ​​នេះ ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារចាំបាច់នានា ដូចជាជណ្តើរ រនាំង ខ្សែរបារ ស្លាកសញ្ញាប្រាប់ទិសដៅទស្សនា ផ្ទាំងព័ត៌មានបរិយាយពីចម្លាក់ នៅតាមជញ្ជាំង… ។ល។ ត្រូវបានរៀបចំថ្មី បន្ថែមរួចរាល់ ដើម្បីសម្រួលដល់ការដាក់ដំណើរការសាកល្បងនេះ។
អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា៖« ដើម្បីបង្កើនគុណភាពនៃការទស្សនា និងលើកតម្លៃប្រាសាទ ក៏ដូចជាផ្តល់នូវបទពិសោធន៍ល្អៗជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរាបានសិក្សាស្រាវជ្រាវ និងរៀបចំខ្សែទស្សនាថ្មីនៅប្រាសាទចំនួនពីរនេះឡើង»។

សម្រាប់ខ្សែទស្សនាថ្មីមានជម្រើសជាច្រើនជូនភ្ញៀវ ក្នុងនោះ នៅប្រាសាទអង្គរវត្ត មានបីជម្រើសដូចជា ខ្សែទស្សនារយៈពេលខ្លី “ទិសដៅទស្សនាបែបទេសចរ” រយៈពេលពីរម៉ោង ។ ខ្សែទស្សនារយៈពេលមធ្យម “ទិសដៅទស្សនាបែបជំនឿ-សាសនា” រយៈពេល២ម៉ោង៣០នាទី និងខ្សែទស្សនា រយៈពេលវែង “ទិសដៅទស្សនាបែបប្រវត្តិសាស្ត្រ” រយៈពេលបីម៉ោង។

ចំណែកនៅ ប្រាសាទបន្ទាយស្រី មានពីរជម្រើសដូចជា ជម្រើសរយៈពេលខ្លីមានរយៈពេល១ម៉ោង២០នាទី និងជម្រើសរយៈ ពេលវែងមានរយៈពេល១ម៉ោង៤០នាទី។

អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ចំពោះខ្សែទស្សនាថ្មីក្នុងប្រាសាទទាំងពីរខាងលើនេះ នឹងអនុញ្ញាតឱ្យភ្ញៀវទេសចរឆ្លងកាត់ផ្នែកសំខាន់ៗដូចជា ផ្ទាំង ចម្លាក់សាច់រឿង ចំណុចសំខាន់ដែលអាចទស្សនាបានទូលំទូលាយជាងកាលពីពេលមុនជាដើម។
ជាមួយគ្នានេះ អំឡុងពេលនៃការដាក់ដំណើរការសាកល្បងនេះ អាជ្ញាធរជាតិអប្សរា ក៏នឹងប្រើប្រាស់នូវវិធីសាស្ត្រក្នុងការស្ទង់មតិ ការរាប់ចំនួនភ្ញៀវ និងការដើរតាមភ្ញៀវ (Tracking)ផងដែរ។

ជាមួយនឹងការដាក់​ឱ្យដំណើរការខ្សែទស្សនាថ្មីនេះ អាជ្ញាធរជាតិអប្សរា សង្ឃឹមនឹងមានការចូលរួមសហការអនុវត្តសាកល្បងតាមការគួរពីក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទី ភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៏ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់។

សូមជម្រាបថា នៅក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២៣ កម្ពុជា​រកចំណូលបាន​ជាង ១៨​ លាន​ដុល្លារ ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​ចូល​កម្សាន្ត​រមណីយដ្ឋាន​ទចំនួន ៣ រួមមាន រមណីយ​ដ្ឋា​ន​អង្គរ​ ប្រាសាទ​កោះ
កែរ​ និង​លក់​សំបុត្រ​ទូក នៅ​កំពង់ផែ​ចុង​ឃ្នៀ​ស ដែល​គ្រប់គ្រង​ដោយ​គ្រឹះស្ថាន​អង្គរ ដោយ​កើន​ជាង ៦ ​ដង​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២៕

ដោយ៖ សុខ រក្សា

ads banner