យុវជនម្នាក់បើករថយន្តNISSANបុកបង្គោលភ្លើងបណ្ដាលឲ្យបោកក្បាលនឹងចង្កូតស្លាប់មួយរំពេច
ភ្នំពេញ ៖ យុវជនម្នាក់ទំនងជាស្រវឹងបានបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនហើយជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ពេញទំហឹងបណ្ដាលឲ្យបោកនិងចង្កូតរថយន្តបាក់កស្លាប់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ២៨គ្រួសារ កែងនិងផ្លូវហាន់ណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា សពរងគ្រោះមានឈ្មោះ ឌៀប ជុងគៀប ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបតុបតែងរថយន្តស្នាក់នៅសង្កាត់មិត្តភាព ខណ្ឌ៧មករា។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើទំនងជាស្រវឹងស្រាបើករថយន្តម៉ាកNISSAN ពាក់ស្លាកលេខបាត់ដំបង2A-5801ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរថយន្តរេចង្កូតមកខាងឆ្វេងដៃធ្លាក់ផ្លូវបេតុង ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឹផ្លូវពេញទំហឹងបណ្ដាលឲ្យបោកផ្ទប់ជាមួយចង្កូតរថយន្តបាក់កស្លាប់ភ្លាមៗនៅក្នុងរថយន្ត ហើយរថយន្តខូចខាតមួយកំណាត់មុខស្ទើរទាំងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុង រងចាំដោះស្រាយនៅពេលក្រោយ។ចំណែកសពរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅតំលក់ទុក នៅវត្តទឹកថ្លាធ្វើបុណ្យតាមប្រពៃណី៕ធ.ដ




