អ.ស.ប ចាប់ផ្តើមបូមប្រេងពីកប៉ាល់ដឹកប្រេងដែលខូច ចេញពីប្រទេសយេម៉ែន
អង្គការសហប្រជាជាតិនិយាយថា ខ្លួនបានចាប់ផ្តើមផ្ទេរប្រេងជាងមួយលានបារ៉ែល ពីកប៉ាល់ដឹកប្រេងដែលច្រេះ ចេញពីឆ្នេរសមុទ្រនៃប្រទេសយេម៉ែនដែលហែកហួរដោយសង្រ្គាម។
អង្គការសហប្រជាជាតិ (អ.ស.ប) បាននិយាយ កាលពីថ្ងៃអង្គារ សប្តាហ៍នេថា ខ្លួនបានចាប់ផ្តើមផ្ទេរប្រេងមួយលានបារ៉ែលពីកប៉ាល់ដឹកប្រេងដ៏ច្រេះ ចេញពីប្រទេសយេម៉ែន ដែលហែកហួរដោយសង្រ្គាម ក្នុងគោលបំណងដើម្បីបញ្ចៀសការកំពប់ដោយមហន្តរាយ។
លោក David Gressly អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិប្រចាំប្រទេសយេម៉ែន បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា «យើងរំពឹងថា វានឹងចំណាយពេលប្រហែល ១៩ ថ្ងៃដើម្បីផ្លាស់ទី ប្រេង១.១ លានបារ៉ែលចេញពីនាវា»។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដែនសមុទ្រដ៏ស្មុគស្មាញឥឡូវនេះកំពុងដំណើរការនៅក្នុងសមុទ្រក្រហម ពីឆ្នេរសមុទ្រនៃប្រទេសយេម៉ែនដែលហែកហួរដោយសង្រ្គាម ដើម្បីផ្ទេរប្រេងមួយលានបារ៉ែលពី នាវា FSO Safer ដែលកំពុងរលួយ ទៅកាន់កប៉ាល់ជំនួស»។
យ៉ាងណាក៏ដោយ អ្នកជំនាញនិយាយថា ព្រមានពីភាពលំបាក ដោយសារសីតុណ្ហភាពរដូវក្តៅក្តៅខ្លាំង បំពង់ចាស់ និងអណ្តូងរ៉ែសមុទ្រដែលលាក់ខ្លួនក្នុងទឹកជុំវិញ សុទ្ធតែបង្កការគំរាមកំហែងជាសក្តានុពលដល់ប្រតិបត្តិការនេះ។
កប៉ាល់ដែលមានវ័យចំណាស់មួយគ្រឿងនេះបានផ្ទុកប្រេងក្នុងទំហំ ច្រើនជាងការកំពប់ប្រេងនៅក្នុងគ្រោះមហន្តរាយ Exxon Valdez ឆ្នាំ ១៩៨៩ នៅរដ្ឋអាឡាស្កា ដល់ទៅចំនួន ៤ដង៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
