រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបំពេញទស្សនកិច្ច នៅកូរ៉េខាងជើង
ព្យុងយ៉ាង៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីបានអញ្ជើញទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃអង្គារ សប្តាហ៍នេះ ដើម្បីប្រារព្ធខួបលើកទី ៧០ នៃបទឈប់បាញ់ ដែលបានបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣ ។
គណៈប្រតិភូយោធារុស្ស៊ីដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក ឧត្តមសេនីយ៍កងទ័ព Sergei Shoigu បានទៅដល់កូរ៉េខាងជើង ដោយគេឃើញលោករដ្ឋមន្ត្រីរុស្ស៊ីត្រូវបានស្វាគមន៍ នៅព្រលានយន្តហោះ ដោយសមភាគីកូរ៉េខាងជើង គឺលោក Kang Sun Nam ។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ចេញរូបភាពដែលបង្ហាញពីរដ្ឋមន្ត្រីការពារជាតិ Shoigu ទៅដល់កូរ៉េខាងជើងកាលពីថ្ងៃទី ២៥ ខែកក្កដា បង្ហាញពីគណៈប្រតិភូយោធាដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារជាតិឧត្តមសេនីយ៍កងទ័ព Sergei Shoigu” បានទៅដល់ប្រទេសកូរ៉េខាងជើង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ ជាមួយនឹងវីដេអូ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងបានថា លោក Shoigu បានទៅដល់ទីក្រុងព្យុងយ៉ាង សម្រាប់ការប្រារព្ធខួបលើកទី ៧០ នៃបទឈប់បាញ់ដែលបានបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣ ។
ជាមួយគ្នានេះ បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន RT ដោយបានចេញផ្សាយ ដកស្រង់សេចក្តីថ្លែងការណ៍មួយ ក្រសួងបានឲ្យដឹងថា គណៈប្រតិភូរុស្ស៊ីធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែកក្កដា ដើម្បី “ចូលរួមក្នុងពិធីបុណ្យក្នុងឱកាសខួបលើកទី៧០ នៃជ័យជំនះរបស់ប្រជាជនកូរ៉េ”។
សេចក្តីថ្លែងការណ៍បានបន្ថែមថា «ដំណើរទស្សនកិច្ចនេះនឹងជួយពង្រឹងទំនាក់ទំនងយោធារុស្ស៊ី-កូរ៉េខាងជើង ហើយនឹងក្លាយជាដំណាក់កាលដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ»។
ប្រភពបានបន្តថា រុស្ស៊ី និងកូរ៉េខាងជើងមានទំនាក់ទំនងជិតស្និទ្ធ តាំងពីសម័យសូវៀត។ កាលពីឆ្នាំ២០១៩ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើដំណើរទៅក្រៅប្រទេសដ៏កម្រមួយ ដោយជួបជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅទីក្រុង Vladivostok ភាគខាងកើតនៃប្រទេសរុស្ស៊ី៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
