សម្ដេចតេជោ ហ៊ុន សែន ចេញសារពិសេសជុំវិញការលើកពេលជំនួបជាមួយកម្មករ-កម្មការិនី ទៅក្រោយការរៀបចំរដ្ឋាភិបាលថ្មីរួចរាល់
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានចេញសារសម្លេងពិសេស ជុំវិញការលើកពេលជំនួបជាមួយកម្មករ-កម្មការិនី ទៅក្រោយការរៀបចំរាជរដ្ឋាភិបាលថ្មីរួចរាល់ ។ យោងតាមសារសំឡេងពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ថា សម្ដេច នឹងធ្វើការបកស្រាយអំពីការបង្កើតរដ្ឋាភិបាលថ្មីនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ខាងមុខ ក្នុងពិធីសម្ពោធផ្លូវក្រវ៉ាត់ក្រុង ។
ក្នុងសារជាសំឡេងនេះសម្តេចតេជោ ហ៊ុន សែន បានសុំការអនុគ្រោះពីកម្មករ-កម្មការិនីទាំងអស់ ដែលមិនបានចុះសួរសុខទុក្ខតាមការសន្យា ក្រោយបោះឆ្នោត ប៉ុន្តែដោយសារកត្តាពេលវេលា និងកត្តានៃការរៀបចំរាជរដ្ឋាភិបាលថ្មី។ សម្តេចថា នឹងបកស្រាយបញ្ហានេះនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ខាងមុខ នៅពេលសម្ពោធផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ ។
សម្តេចតេជោ បានបន្តថា សូមគោរពជូនក្មួយៗ កូនៗកម្មករ-កម្មការិនីទាំងអស់ កាលពីចុះសួរសុខទុក្ខសំណេះសំណាលជាមួយកម្មករ-កម្មការិនីនៅតាមរោងចក្រទាំងអស់ ខ្ញុំបានសន្យាថា បោះឆ្នោតហើយ នៅត្រឹមថ្ងៃទី ២៧ ខែកក្កដា ខ្ញុំនឹងចាប់ផ្ដើមចុះសួរសុខទុក្ខកម្មករបន្តទៀតនៅ ១០គោលដៅ ក្នុងរាជធានី-ខេត្តផងដែរ ប៉ុន្តែដោយសារកត្តាពេលវេលា និងកត្តានៃការរៀបចំរដ្ឋាភិបាលថ្មី ។
សម្តេចតេជោ ហ៊ុន សែន បានសូមអភ័យទោសពីកម្មករ-កម្មការិនីទាំងអស់ ដែលមានការអាក់ខាន មិនបានទៅសួរសុខទុក្ខតាមការសន្យា ប៉ុន្តែត្រូវលើកទៅពេលក្រោយការបង្កើតរដ្ឋាភិបាលថ្មី ព្រោះឥឡូវនេះ ស្ថិតនៅក្នុងដំណាក់កាលរដ្ឋាភិបាលចាំផ្ទះ។
សម្ដេចចង់ឱ្យអ្វីៗកើតឡើងនៅក្នុងដំណាក់កាលរាជរដ្ឋាភិបាលថ្មី ដែលត្រូវជួបចំពោះក្មួយៗ កូនចៅជាកម្មករ-កម្មការិនីទាំងអស់ ដូច្នេះសូមបញ្ជាក់ឡើងវិញថា យើងនឹងជួបគ្នានៅក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី លទ្ធភាពខ្ពស់បំផុតមាននាយករដ្ឋមន្ត្រីថ្មី ទៅសួរសុខទុក្ខកម្មករ-កម្មការិនីរបស់យើង ជំនួសនាយករដ្ឋមន្ត្រីចាស់ ដែលនេះជាលទ្ធភាពអាចកើត ឡើងនៃរាជរដ្ឋាភិបាលថ្មី ដែលមានទាំងនាយករដ្ឋមន្ត្រីថ្មី ហើយខ្ញុំនឹងមិនទៅណាទេ ខ្ញុំនឹងបកស្រាយបញ្ហានេះ នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ នៅពេលសម្ពោធផ្លូវខ្សែក្រវ៉ាត់ក្រុង ។
សម្ដេចបញ្ជាក់ថា នឹងនិយាយរឿងនេះនៅពេលនោះ។ តែចាំបាច់ ខ្ញុំត្រូវចេញសារ ដោយសារខ្ញុំមានគម្រោងទៅជួបជាមួយនឹងកម្មករ-កម្មការិនី នៅថ្ងៃទី២៧ ខែកក្កដា ខាងមុខនេះ ប៉ុន្តែត្រូវបានអាក់ខាន និងលើកពេល ៕
ដោយ ៖ វណ្ណលុក