សម្ដេចតេជោ ហ៊ុន សែន ៖ សម្ដេចមិនទាន់បញ្ចប់ការធ្វើ នយោបាយត្រឹមប៉ុណ្ណឹងទេ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេចមិនទាន់បញ្ចប់ការធ្វើនយោបាយត្រឹមប៉ុណ្ណឹងទេ ដោយការប្រកាសមុននេះ ដើម្បីកុំឱ្យ មានការធ្វើអត្ថា ធិប្បាយ ពាសវាលពាសកាល ។ នេះបើយោងតាម ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា “ខ្ញុំធ្វើជានាយករដ្ឋមន្ត្រី ចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ រហូតដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដោយធ្វើបាន ២០១៤សប្តាហ៍។បើគិតជាខែ គឺបាន ៤៦៣ខែ។បើគិតជាឆ្នាំ គឺបាន ៣៨ឆ្នាំ ៧ខែ ៨ថ្ងៃ។បើគិតជាថ្ងៃគឺបាន ១៤០៩៩ថ្ងៃ ជានាយករដ្ឋមន្ត្រីដែល វែងជាងគេលើពិភពលោក ហើយបើគិតពីពេលវេលា ដែល សម្ដេចបានចាប់ផ្ដើមនៅក្នុងឋានៈចាប់ពីរដ្ឋមន្ត្រីការបរទេស ពីថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្ដេច បានបំពេញការងារក្នុងរដ្ឋាភិបាល និងរាជរដ្ឋាភិបាល មានរយៈពេល ២៣២៨សប្តាហ៍ ត្រូវជា ៤៤ឆ្នាំ ៧ខែ ១៤ថ្ងៃ ហើយបើគិតពីការចាប់ផ្ដើម យកជីវិតធ្វើដើមទុនដើម្បីរំដោះប្រទេស ចាប់ថ្ងៃទី៧ មិថុនា ១៩៧៧ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ស្មើនឹង ២៤០៩សប្ដាហ៍ ត្រូវជាង ៤៦ឆ្នាំ ។
សម្ដេចបន្ថែមថា សម្ដេចមិនទាន់បញ្ចប់ការធ្វើនយោបាយ ត្រឹមតែប៉ុណ្ណឹងទេ អ្វីដែលសម្ដេចលើកឡើងមុននេះ គឺ ដើម្បីចង់បញ្ជាក់អំពីកិច្ចការសំខាន់ ២ចំណុច។ ទី១-គឺធ្វើ នាយករដ្ឋមន្ត្រីបានរយៈពេលប៉ុន្មាន ហើយមួយទៀត នៅ ក្នុងរយៈពេលធ្វើការក្នុងរាជរដ្ឋាភិបាលរយៈពេលប៉ុន្មាន ។
សម្ដេចបន្តថា នៅពេលបន្ទាប់ទៀត សម្ដេច នៅតែ ជា សមាជិកសភា ហើយបន្តជាប្រធានព្រឹទ្ធសភា នៅឆ្នាំ ក្រោយផងដែរ។ ដូច្នេះមិនទាន់បញ្ចប់ទេ។ សម្ដេចថា ពេលនេះ សម្ដេចមានអាយុជិតដល់ ៧២ឆ្នាំនៅប៉ុន្មានថ្ងៃ ខាងមុខ ។ដូច្នេះសម្ដេចប្រកាសមុននេះ គឺដើម្បីកុំឱ្យ មានការធ្វើអត្ថាធិប្បាយ ពាសវាលពាសកាល ៕ ដោយ វណ្ណលុក