៨១ថ្ងៃទៀត អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនឹងត្រូវសម្ពោធដាក់ប្រើប្រាស់ (Video Inside)

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នឹងចាប់ផ្តើមបើកដំណើរការក្នុងរយៈពេល ៨១ថ្ងៃទៅមុខទៀត គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ។ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានជូនដំណឹងនៅថ្ងៃទី២៧ ខែកក្កដាថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងគ្រោងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ តទៅ។

អាកាសយានដ្ឋានថ្មីនេះ មានទីតាំងស្ថិតនៅភូមិក្រៀលពង នៃឃុំពពេល និងភូមិប្រវ៉ាល នៃឃុំតាយ៉ែក ស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។ ឈ្មោះជាផ្លូវការរបស់អាកាសយានដ្ឋានថ្មីនេះ ត្រូវបានដាក់ឈ្មោះជាផ្លូវការថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ»។

អាកាសចរស៊ីវិលបានបញ្ជាក់ថា គ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញ តាមផ្លូវអាកាស ដែលកំពុងប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប បច្ចុប្បន្ននឹងធ្វើការរៀបចំផ្ទេរទាំងស្រុង និងតែមួយលើកគត់ ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ ព្រលានយន្តហោះអន្តរជាតិថ្មីនេះ បានចាប់ផ្តើមសាងសង់នៅ ថ្ងៃទី១៥ មីនា ឆ្នាំ២០២០ ក្នុងទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំណតសម្រាប់ចតអាកាសយានចំនួន៣៨ ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាស បាន៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន១២លាននាក់ ក្នុងមួយឆ្នាំចាប់ពី២០៤០។

ព្រលានយន្តហោះថ្មីនេះ អាចផ្ទុកទំនិញតាមផ្លូវអាកាសចំនួន១ម៉ឺនតោនសម្រាប់ឆ្នាំ២០២៣ និងកើនដល់២ម៉ឺន៦ពាន់០០០ តោនក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០, ព្រមទាំងអាចទទួលជើងហោះហើរបានពី៦ម៉ឺន៥ពាន់៨០០ជើងក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៣ ទៅ១១ម៉ឺន២ពាន់៧០០ ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០ទៅ៕

ads banner