ប្រមុខការទូតកូរ៉េខាងត្បូង និងជប៉ុន ជួបគ្នានៅប្រទេសថៃ ដើម្បីពិភាក្សាពីទំនាស់ការទូត និងពាណិជ្ជកម្ម

កូរ៉េខាងត្បូង៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី កាង ឃ្យុងវ៉ា បានជួបជាមួយសមភាគីជប៉ុនលោក តារ៉ូ កូណូ នាថ្ងៃព្រហស្បតិ៍តនេះ នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងដៃគូនៅទីក្រុងបាងកក ដើម្បីដោះស្រាយទំនាស់ការទូត និងពាណិជ្ជកម្ម។

នាឱកាសនោះ លោកស្រី កាង បានស្នើត្រង់ៗឲ្យជប៉ុន រក្សាកូរ៉េខាងត្បូងក្នុងបញ្ជីអនុគ្រោះរបស់ខ្លួនដដែល ព្រោះបើជប៉ុនពិតជាដើរទៅមុខមួយជំហានទៀតនោះ ទំនាក់ទំនងទ្វេភាគីនឹងរងផលប៉ះពាល់ខ្លាំង។ លោកស្រី កាង ក៏បានព្រមាននៅចំពោះមុខលោក កូណូ ផងដែរថា កូរ៉េខាងត្បូងនឹងពិនិត្យឡើងវិញ នូវកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីដូចគ្នាផងដែរ ពោលគឺកិច្ចព្រមព្រៀងចែករំលែកព័ត៌មានចារកម្មរវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ជម្លោះពាណិជ្ជកម្មរវាងមហាអំណាចអាស៊ីសេដ្ឋកិច្ចទាំងពីរ ផ្ដើមចេញពីការរឹតត្បិតរបស់ជប៉ុនលើការនាំចេញសារធាតុគីមី ដែលចាំបាច់ក្នុងការផលិតបន្ទះឈីប និងទូរសព្ទឆ្លាតវៃទៅឲ្យកូរ៉េខាងត្បូង។ រីឯមូលហេតុដែលនាំឲ្យជប៉ុនចេញវិធានការបែបនេះ គឺបណ្ដាលមកពីការសម្រេចរបស់តុលាការកូរ៉េខាងត្បូង ដែលបញ្ជាឲ្យក្រុមហ៊ុនជប៉ុនសងថ្លៃជំងឺចិត្តដល់កម្មករកូរ៉េខាងត្បូង ដែលរងការបង្ខំឲ្យធ្វើការធ្ងន់កាលពីសម័យសង្គ្រាម៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner