រុស្ស៊ី ធ្វើសមយុទ្ធយោធាជើងទឹកទ្រង់ទ្រាយធំប្រចាំឆ្នាំនៅដែនសមុទ្របាល់ទិច
អត្ថបទដោយ៖
Kien Sereyvuth
រុស្ស៊ី៖ សមយុទ្ធយោធាប្រចាំឆ្នាំ «Ocean Shield» បានចាប់ផ្តើមប្រព្រឹត្តទៅហើយ នៅសប្តាហ៍នេះ ដោយមានការចូលរួមពីកងទ័ពជាងមួយម៉ឺននាក់ ព្រមទាំងនាវា និងយន្តហោះជាច្រើនគ្រឿង នេះបើតាមក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃ ព្រហស្បតិ៍តម្សិលមិញ។
ប្រភពដដែលបានឱ្យដឹងទៀតថា លំហាត់ហ្វឹកហ្វឺនទ្រង់ទ្រាយធំនេះ នឹងបន្តធ្វើឡើងរហូតដល់ថ្ងៃទី០៩ ខែសីហាខាងមុខ នៅក្នុងដែនសមុទ្របាល់ទិច ហើយថាពលទាហានដែលចូលរួមមានចំនួនសរុប១ម៉ឺន៦៣៤នាក់ ខណៈនាវាមាន៤៩គ្រឿង និងយន្តហោះ៥៨គ្រឿង។
សូមរំលឹកថា សមយុទ្ធ «Ocean Shield» នៅសមុទ្របាល់ទិច ត្រូវបានរុស្ស៊ីរៀបចំឡើងជាលើកដំបូង កាលពីខែកញ្ញា ឆ្នាំ២០១៨ ដោយពេលនោះ រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានប្តេជ្ញាថា នឹងបន្តប្រារព្ធសមយុទ្ធយោធាជើងទឹកនេះឲ្យជាប់ជារៀងរាល់ឆ្នាំ៕ធ.ដ