លោកពូទីនថាត្រៀមប្រឈមមុខ ជាមួយ NATO
មូស្គូ៖ លោកប្រធានាធិបតី ពូទីន បញ្ជាក់ថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រឈមមុខ ជាមួយសម្ព័ន្ធយោធាណាតូ (NATO)។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ដោយអត្ថាធិប្បាយលើការប្រឈមមុខដាក់គ្នាដោយផ្ទាល់ដ៏មានសក្តានុពល រវាងយោធារុស្ស៊ី និងណាតូ។
លោកប្រធានាធិបតីបានអះអាងបែបនេះ ក្នុងពេលឆ្លើយសំណួរអំពីការប៉ះទង្គិចគ្នាថ្មីៗ ដែលពាក់ព័ន្ធនឹងយន្តហោះរុស្ស៊ី និងអាមេរិក នៅស៊ីរី។
លោកប្រធានាធិបតីរុស្ស៊ីបាននិយាយបញ្ជាក់ថា ទីក្រុងមូស្គូមិនចង់បានជម្លោះជាមួយប្លុកដែលដឹកនាំដោយលោកខាងលិចនោះទេ ប៉ុន្តែបានត្រៀមខ្លួនរួចជាស្រេចសម្រាប់លទ្ធផលណាមួយ។
លោកប្រធានាធិបតីបានបន្ថែមថា “គ្មាននរណាម្នាក់ចង់បាននោះទេ” ហើយលោកបន្ថែមទៀតដោយលើកឡើងពីខ្សែការពារជម្លោះមានស្រាប់ ដែលអនុញ្ញាតឱ្យមន្រ្តីរុស្ស៊ី និងសហរដ្ឋអាមេរិកនិយាយដោយផ្ទាល់ អំពី “ស្ថានភាពវិបត្តិណាមួយ” ។
លោកបានបន្ថែមថា ការដែលបន្ទាត់ទាំងនេះនៅតែដំណើរការ គឺបង្ហាញថា គ្មានភាគីណាចាប់អារម្មណ៍នឹងជម្លោះនោះទេ។ លោកពូទីនបានបន្ថែមថា “ប្រសិនបើនរណាម្នាក់ចង់បានវា – ហើយនោះមិនមែនជាយើង – នោះយើងត្រៀមខ្លួនរួចរាល់ហើយ” ។
លោក ឧត្តមនាវីឯក អូឡេក ហ្គូ រីណូវ (Oleg Gurinov) ប្រធានមជ្ឈមណ្ឌលបង្រួបបង្រួមរុស្ស៊ីសម្រាប់ស៊ីរីបាននិយាយថា យោធារុស្ស៊ីបានរាយការណ៍ពីឧប្បត្តិហេតុគ្រោះថ្នាក់សរុបចំនួន ២៣ ពាក់ព័ន្ធនឹងយន្តហោះរុស្ស៊ី និងក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ចាប់តាំងពីដើមឆ្នាំ ២០២៣ ។ លោកបានបន្ថែមថា ឧប្បត្តិហេតុភាគច្រើនបានកើតឡើង នៅក្នុងខែកក្កដា។
ទីក្រុងមូស្គូក៏បានព្រមានម្តងហើយម្តងទៀតចំពោះទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនអំពីហានិភ័យនៃជម្លោះផ្ទាល់ដែលអាចកើតមានរវាងរុស្ស៊ី និងអង្គការណាតូ ជាពិសេស ចំពេលជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន។ រុស្ស៊ីបាននិយាយថា ការបន្តផ្គត់ផ្គង់សព្វាវុធរបស់លោកខាងលិចដល់ក្រុងគៀវគ្រាន់តែពង្រីកអរិភាព និងធ្វើឱ្យអ្នកគាំទ្រលោកខាងលិចចូលរួមនៅក្នុងជម្លោះកាន់តែស៊ីជម្រៅ៕ ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត