កាត់ទោសអតីតអនុរដ្ឋមន្ត្រីការបរទេសវៀតណាម ករណីទទួលសំណូករៀបចំជើងហោះហើរពេលមាន Covid19
ហាណូយ៖ អតីតអនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសវៀតណាមត្រូវជាប់គុក ១៦ឆ្នាំ ពីបទទទួលសំណូកក្នុងការរៀបចំជើងហោះហើរ ក្នុងពេលផ្ទុះជំងឺកូវីដ១៩។
អតីតអនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក To Anh Dung ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១៦ឆ្នាំ ខណៈដែលមន្ត្រីបីនាក់ផ្សេងទៀតត្រូវបានកាត់ទោសមួយជីវិត កាលពីថ្ងៃសុក្រ សប្តាហ៍នេះ ពីបទទទួលសំណូកក្នុងការរៀបចំជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ កាលពីពេលផ្ទុះ Covid-19 ។
មន្ត្រីដែលទទួលការកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត គឺអតីតប្រធាននាយកដ្ឋានកុងស៊ុលក្រោមក្រសួងការបរទេស Nguyen Thi Huong Lan, អតីតលេខាអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល Pham Trung Kien និងលោក Vu Anh Tuan អតីតមន្ត្រីនៅនាយកដ្ឋានគ្រប់គ្រងជនអន្តោប្រវេសន៍ ក្រោមក្រសួងសន្តិសុខសាធារណៈ។
យ៉ាងណាមិញ តុលាការប្រជាជនទីក្រុងហាណូយបាននិយាយថា លោក Kien បានរួចផុតពីការកាត់ទោសប្រហារជីវិត ដែលត្រូវបានណែនាំដោយរដ្ឋអាជ្ញា ខណៈដែលលោកបានបង្ហាញពីវិប្បដិសារី ហើយបានប្រគល់ប្រាក់ចំនួន ៤២.២ ពាន់លានដុង ឬ ១.៧៨ លានដុល្លារ។
តុលាការបាននិយាយថា ទន្ទឹមនឹងនោះ លោក Dung និង Lan បានទទួលប្រាក់យ៉ាងច្រើនជាសំណូក ដែលធ្វើឱ្យមានបញ្ហាធ្ងន់ធ្ងរក្នុងសង្គម និងប្រជាជនបាត់បង់ជំនឿ ដូច្នេះ ពួកគេសមនឹងទទួលការកាត់ទោស ធ្ងន់ធ្ងរជាងអ្វីដែលព្រះរាជអាជ្ញាបានណែនាំ។ ព្រះរាជអាជ្ញាបានផ្តល់អនុសាសន៍ ១៦ ឆ្នាំសម្រាប់លោក Dung និង ១៩ឆ្នាំ សម្រាប់ លោក Lan ។
ពួកគេទាំងបួននាក់ស្ថិតក្នុងចំណោមជនជាប់ចោទរាប់សិបនាក់ទៀត ពីបទទទួលសំណូកផ្តល់សំណូក ការបំពានអំណាច និង បទឆបោក ជាដើម ដោយពួកគេត្រូវបានកាត់ទោសជាប់ក្នុងពន្ធនាគារ ចន្លោះពី ជាង១ឆ្នាំទៅ ១២ឆ្នាំ។
គួររម្លឹកថា ក្នុងឆ្នាំ ២០២០ និង ២០២១ រដ្ឋាភិបាលបានរៀបចំជើងហោះហើរដើម្បី នាំពលរដ្ឋវៀតណាមដែលជាប់គាំងនៅបរទេសត្រឡប់មកវិញ ក្នុងពេលមានជំងឺរាតត្បាត។ អាជីវកម្មដែលចង់ដំណើរការជើងហោះហើរត្រូវទទួលបានការយល់ព្រមពីក្រសួងការបរទេស បន្ទាប់ពីមានការវាយតម្លៃពីក្រសួងមួយចំនួនទៀត។ ជើងហោះហើរជាង ១០០០ បាននាំមនុស្សជាង ២០ម៉ឺននាក់មកវៀតណាមវិញ ពីប្រទេស និងដែនដីចំនួន ៦២ ៕ ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត