ការធ្វើជំរឿនសត្វក្រៀលក្នុងឆ្នាំ២០២៣ មានការកើនឡើងរហូតដល់ ១៨០ក្បាល

ភ្នំពេញ៖ លទ្ធផលជំរឿនចុងក្រោយនេះកត់ត្រាបានសត្វក្រៀលមានចំនួនខ្ពស់បំផុត ក្នុងខែកុម្ភៈ គឺ ១៨០ក្បាល ។ សម្រាប់ តួលេខថ្មីនេះបង្ហាញសញ្ញាវិជ្ជមានបើប្រៀបធៀបទៅនិងលទ្ធផល ឆ្នាំ២០២២ ដែលរាប់បានតែ១៥៦ក្បាល និងឆ្នាំ២០២១រាប់បានតែ ១៦១ក្បាល។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។

បើតាម ឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងនៅថ្ងៃទី ៣០ ខែ កក្កដា ថា ក្រសួងបរិស្ថាន បានសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា (NLC), អង្គការសមាគមនអភិរក្សសត្វព្រៃ (WCS), អង្គការមូលនិធិសត្វក្រៀល (ICF) បានធ្វើជំរឿនសត្វក្រៀលនៅប្រទេស កម្ពុជាឆ្នាំ២០២៣ នៅតាមទីតាំងសំខាន់ៗក្នុងប្រទេសកម្ពុជានិងវៀតណាម ដូចជាតំបន់ដីសណ្តរទន្លេមេគង្គ តំបន់ជំវិញបឹងទន្លេសាប និងតំបន់ព្រៃរបោះខ្ពង់រាបភាគខាងជើងនិងឥសាន្ត។កាលបរិច្ឆេទនៃការធ្វើជំរឿងសត្វក្រៀល នៅប្រទេសកម្ពុជាគឺធ្វើឡើងនៅខែធ្នូ មករា កុម្ភៈ មីនា មេសា និង ខែ ឧសភា។លទ្ធផលជំរឿនចុងក្រោយនេះកត់ត្រាបានក្រៀលចំនួនខ្ពស់បំផុតក្នុងខែកុម្ភះគឺ១៨០ក្បាល តួលេខថ្មីនេះបង្ហាញសញ្ញាវិជ្ជមានបើប្រៀបធៀបទៅនិងលទ្ធផលឆ្នាំ២០២២ដែលរាប់បានតែ១៥៦ក្បាល និងឆ្នាំ២០២១រាប់បានតែ១៦១ក្បាល។ សត្វក្រៀល២ក្បាលបានកត់ត្រាបានក្នុងប្រទេសវៀតណាមក្នុងកំឡុងពេលជំរឿននេះ។

ឯកឧត្តមមបានឱ្យដឹងផងថា៖សំបុករបស់សត្វក្រៀលដែលជាសត្វកំពុងរងការគំរាមកំហែងជាសាកលមួយសំបុករួមទាំងសត្វក្រៀលពេញវ័យមួយគូ ត្រូវបាន់រគេប្រទះឃើញរស់នៅក្នុងទីជម្រកវាលទំនាបនៃតំបន់ទន្លេមេគង្គ ក្នុងដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ។ នេះជារបកគំហើញថ្មីបំផុតផ្អែកតាមសេចក្តីរាយការណ៍ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នេះ ពីក្រុមអ្នកវិទ្យាសាស្ត្ររបស់មន្ទីរបរិស្ថានខេត្តក្រចេះនៃក្រសួងបរិស្ថាន និងអង្គការ WWF កម្ពុជា។ កាលពីម្សិលមិញ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់អំពីវត្តមានរបស់សត្វក្រៀលមួយសំបុកនេះនៅក្នុងតំបន់នៃដែនជម្រក បន្ទាប់ពីពួកគេបានទទួលព័ត៌មានអំពីវត្តមានសត្វនេះពីប្រជាជនសហគមន៍ហើយបាន ចុះពិនិត្យ និងបានកត់ត្រាដល់ទីតាំងក្នុងតំបន់ទីជម្រកនោះ។

លោក អៀម សំអ៊ន់ ប្រធានកម្មវិធីស្រាវជ្រាវសត្វព្រៃរបស់អង្គការ WWF បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរកឃើញនេះ ដោយបានបញ្ជាក់ថាវាគឺជាកំណត់ត្រាវិទ្យាសាស្ត្រដំបូងបង្អស់នៃសំបុកសត្វក្រាលរួមជាមួយនឹងសត្វពេញវ័យបន្តពូជមួយគូផងដែរនៅក្នុងតំបន់ព្រៃលិចទឹកទន្លេមេគង្គសម្រាប់រយៈពេល២០ឆ្នាំកន្លងមកនេះ។

លោកបាននិយាយទៀតថា៖ របកគំហើញដ៏អស្ចារ្យនេះពិតជាជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងអភិរក្សបន្ថែមទៀតការពារក្នុងតំបន់ទីជម្រកពីសំណាក់ដៃគូរដ្ឋាភិបាលរបស់យើង សហគមន៍ អង្គការ WWF និងភាគីពាក់ព័ន្ធផ្សេងទៀត។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា៖ ចំពោះសត្វក្រៀលនេះ ក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់ជាក់ស្តែងនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣បានចេញសេចក្តីសំរេចបង្កើតក្រុមការងារអភិរក្សក្រៀលដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀតដើម្បីផ្តល់ជម្រកសុវត្ថិភាពដល់សត្វនេះតាមរយៈការអនុវត្តច្បាប់ ការស្រាវជ្រាវ ការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន និងការអបរ់ផ្សព្វផ្សាយ»។

លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មនៅកម្ពុជាបានលើកឡើងថា៖« ប្រទេសកម្ពុជា នៅមានវត្តមាន សត្វក្រៀលក្នុងទីជម្រកធម្មជាតិក្នុងចំនួនមួយគួរឱ្យកត់សំគាល់ ប៉ុន្តែ សត្វនេះកំពុងប្រឈម និងកត្តាគំរាមកំហែងជាច្រើនដែលយើងត្រូវរួមគ្នាដោះស្រាយជាបន្ទាន់ ។

គួរបញ្ជាក់សត្វក្រៀលជាប្រភេទបក្សីដែលមានទំងន់ធ្ងន់ និងខ្ពស់ជាងគេហើយអាចហើរបានក្នុងរយះចម្ងាយឆ្ងាយ ដែលបច្ចុប្បន្តកំពុងតែទទួលរងការគម្រាមកំហែងឈានទៅជិតផុតពូជអាស្រ័យដោយចំនួនប្រជាសាស្រ្តមានការថយចុះ។

តាមទិន្នន័យជំរឿនចំនួនកត់ត្រាបានខ្ពស់បំផុតនៅកម្ពុជានិងវៀតណាមមាន៨៧៨ក្បាលក្នុង២០០២ ធ្លាក់មកដល់១៥៦ក្បាលក្នុងឆ្នាំ២០២២៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner