លោក ពូទីន និងមេដឹកនាំអាហ្វ្រិកដទៃទៀតចូលរួមទិវាកងទ័ពជើងទឹកប្រចាំឆ្នាំរបស់រុស្ស៊ី
មូស្គូ៖ មេដឹកនាំរុស្សី នៅថ្ងៃទី៣០ ខែកក្កដានេះ បានលើកសរសើរកងទ័ពជើងទឹករបស់រុស្ស៊ី នៅក្នុងសន្ទរកថានៅឯពិធីអបអរសាទរទិវាកងទ័ពជើងទឹកប្រចាំឆ្នាំរបស់ប្រទេសរុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបង្ហាញពីកម្លាំងយោធារបស់រុស្ស៊ី ជាមួយនឹងនាវាចម្បាំង, នាវាមុជទឹកនុយក្លេអ៊ែរ និងនាវិកជាច្រើនរូប នៅក្នុងទិវាកងទ័ពជើងទឹកប្រចាំឆ្នាំរបស់ប្រទេសរុស្ស៊ី ដែលធ្វើឡើងនៅឈូងសមុទ្រហ្វាំងឡង់ និងនៅលើដងទន្លេណាវ៉ា ក្នុងទីក្រុង St Petersburg នៅថ្ងៃទី៣០ ខែកក្កដានេះ។
ដោយមិនមានការលើកឡើងពីជម្លោះនៅអ៊ុយក្រែននៅក្នុងសន្ទរកថារបស់ខ្លួន លោក ពូទីន បានសាទរពីភាពក្លាហានរបស់ក្រុមនាវិកនាវាចម្បាំង និងនាវាមុជទឹកនុយក្លេអ៊េរ។ លោក ពូទីន បន្តថា ក្នុងនាមជាជនជាតិរុស្ស៊ី ទាហានជើងទឹករបស់យើងបានបង្ហាញពីវីរភាពពិត និងការប្រយុទ្ធដោយក្លាហាន ដូចបុព្វបុរសដ៏អស្ចារ្យរបស់ពួកយើង។
លោក ពូទីន បន្ថែមថា សព្វថ្ងៃនេះ រុស្ស៊ីកំពុងអនុវត្តដោយទំនុកចិត្តនូវធាតុសំខាន់ៗ នៃគោលនយោបាយដែនសមុទ្រជាតិរបស់ខ្លួន ហើយកំពុងពង្រឹងអំណាចដល់កងទ័ពជើងទឹកឱ្យបានជាប់លាប់។ បើតាមវិមានក្រឹមឡាំង នាវាចម្បាំង, កូនទូកប្រយុទ្ធ និងនាវាមុជទឹកនុយក្លេអ៊ែរសរុប ៤៥គ្រឿង បានចូលរួមក្នុងក្បួនដង្ហែជាមួយនឹងកងទ័ពជើងទឹកប្រហែល ៣,០០០នាក់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា




