រដ្ឋមន្ត្រីក្រសួងអប់រំ ផ្តល់អនុសាសន៍ល្អ ដល់ប្រតិភូកាយរឹទ្ធិជាតិកម្ពុជា សម្រាប់ការបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ

ភ្នពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូកាយរឹទ្ធិជាតិកម្ពុជា ដឹកនាំដោយលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជា បានចូលជួបសម្តែងការគួរសម ទទួលអនុសាសន៍ និងជម្រាបលាសម្រាប់ការធ្វើដំណើរនៅយប់រំលងអាធ្រាតនៃថ្ងៃដដែល ដើម្បីទៅចូលរួមការបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំដល់ប្រតិភូយុវជនកាយរឹទ្ធិទាំងអស់ ត្រូវលើកតម្កើង និងរក្សាឱ្យបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូររបស់ជាតិ និយាយជារួម និងកិត្តិយសរបស់យុវជនកាយរឹទ្ធិកម្ពុជានិយាយដោយឡែក តាមរយៈការចូលរួមគ្រប់សកម្មភាពនានាក្នុងជំរំ សិក្សារៀនសូត្រនូវជំនាញ បំណិនថ្មីៗ និងធ្វើខ្លួនឱ្យក្លាយទៅជាទូតសុច្ឆនៈ ក្នុងការផ្សព្វផ្សាយវប្បធម៌របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ តាមរយៈការប្រាស្រ័យទាក់ទងល្អក្នុងស្មារតីមិត្តភាព និងសន្តិភាពជាមួយសមាជិកជំរំមកពីប្រទេសដ៏ទៃទៀត។

សូមជម្រាបថា នេះជាលើកទី៦ ហើយដែលកម្ពុជា បានចូលរួមការក្នុងការបោះជំរំកាយរឹទ្ធិពិភពលោក ហើយសម្រាប់ការបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់១២ ខែសីហា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ កាយរឹទ្ធិជាតិកម្ពុជា បានជ្រើសរើស និងចាត់បញ្ជូនយុវជនកាយរឹទ្ធិចំនួន ៤៧រូបដើម្បីចូលរួម ស្នាក់នៅ និងអនុវត្តសកម្មភាពពេលលេញសម្រាប់ការបោះជំរំ ជាមួយនឹងប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់កាយរឹទ្ធិជាតិកម្ពុជា ចូលរួមជាភ្ញៀវកិត្តិយសកម្រឹតថ្នាក់ដឹកនាំ ចូលរួមក្នុងពិធីបើក សម្របសម្រួល ពិនិត្យ និងវាយតម្លៃលើការចូលរួម និងការរៀបចំកម្មវិធី ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner