អ៊ុយក្រែននឹងចាប់ផ្តើមចរចាជាមួយអាមេរិកលើយន្តការធានាសន្តិសុខ
កៀវ៖ យោងតាមមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយរូបបានលើកឡើងកាលពីថ្ងៃទី៣០ ខែកក្កដា ថា អ៊ុយក្រែននឹងចាប់ផ្តើមពិគ្រោះយោបល់ជាមួយសហរដ្ឋអាមេរិកនៅសប្តាហ៍នេះ អំពីការផ្តល់ការធានាសន្តិសុខសម្រាប់ទីក្រុងកៀវ (Kyiv) ពាក់ព័ន្ធនឹងដំណើរការនីតិវិធីចូលជាសមាជិករបស់អង្គការណាតូ។
ការលើកឡើងរបស់អគ្គសេនាធិការរបស់ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) នេះ គឺជាការរំឭកទៅកាន់ក្រុមបណ្ដាប្រទេសទាំង ៧ ឬហៅកាត់ថា G7 ដែលធ្លាប់បានលើកឡើងអំពីគោលបំណងចង់ធានាសន្តិសុខក្នុងតំបន់ កាលពីកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅប្រទេសលីទុយអានីនៅដើមខែកក្កដានេះ។
អគ្គសេនាធិការ លោក អាន់ឌ្រី យឺម៉ាក (Andriy Yermak) បានសរសេរសារនៅលើបណ្ដាញតេឡេក្រាមថា ៖ «យើងកំពុងចាប់ផ្តើមកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកនៅសប្តាហ៍នេះ»។
លោកបានបន្ថែមថា ៖ «ការធានាសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែន នឹងក្លាយទៅជារឿងការពិតជាក់ស្តែង និងជាកាតព្វកិច្ចរយៈពេលវែងមួយក្នុងការធានានូវសមត្ថភាពរបស់អ៊ុយក្រែនក្នុងការវាយកម្ចាត់រុស្ស៊ី និងទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ីនាពេលអនាគត។ យន្តការទាំងនេះ នឹងត្រូវបានព្រាងចេញជាបន្តបន្ទាប់ដើម្បីគាំទ្រអ៊ុយក្រែន»។
លោក យឺម៉ាក បានសង្កត់ធ្ងន់ថា ការធានាសន្តិសុខរបស់អ៊ុយក្រែននឹងនៅតែបន្តរហូតដល់អ៊ុយក្រែនបានចូលជាសមាជិកភាពណាតូជាធរមាន។
គួររំឭកថា នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ដែលបានធ្វើឡើងនៅទីក្រុងវីលនីញូស (Vilnius) លោកខាងលិចបានបង្ហាញពីគោលជំហរគាំទ្រដល់អ៊ុយក្រែន ក្នុងការទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីអស់រយៈពេលជាង ១៧ ខែមកនេះ ហើយប្រទេសនីមួយៗ បានសន្យាថានឹងផ្ដល់អាវុធថ្មីដល់អ៊ុយក្រែន ប៉ុន្តែពួកគេមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ជុំវិញការអនុញ្ញាតឱ្យអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូនោះទេ ដរាបណាសង្រ្គាមនៅតែបន្ត។
ជាថ្មីម្ដងទៀត សមាជិកក្រុមប្រទេស G7 បានសហការគ្នា យល់ព្រមចរចារលើកិច្ចព្រមព្រៀងផ្សេងៗ ដើម្បីផ្តល់ការធានាសន្តិសុខ និងជួយអ៊ុយក្រែនពង្រឹងកម្លាំងយោធាដើម្បីទប់ទល់ជាមួយកម្លាំងទាហានរបស់រុស្ស៊ី។
នៅក្នុងការអត្ថាធិប្បាយរបស់លោក យឺម៉ាក លោកបានរំលេចថា ប្រទេសជាង ១០ ផ្សេងទៀត ក៏បានចូលរួមជាមួយសេចក្តីប្រកាសរបស់ក្រុមប្រទេស G7 ហើយអ៊ុយក្រែនក៏បានចរចាលក្ខខណ្ឌមួយចំនួនដើម្បីធានាសន្តិសុខនាពេលអនាគត ជាមួយប្រទេសនីមួយៗផងដែរ៕
ប្រែសម្រួល៖ធា សុណា
ប្រភពព័ត៌មាន៖ Channel News Asia
Ukraine to start talks with US on security guarantees: Senior official