ប្រទេស​ដាណឺម៉ាក កំពុងស្វែង​រក​មធ្យោបាយ​ផ្លូវ​ច្បាប់ ​ដើម្បី​ទប់ស្កាត់​ការ​ដុត​គម្ពីរ​កូរ៉ាន

ដាណឺម៉ាក៖ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក ឡាស​ ឡូកេ រ៉ាសមូសេន (Lars Lokke Rasmussen) បានប្រាប់ឱ្យដឹងថា រដ្ឋាភិបាលប្រទេសដាណឺម៉ាក នឹងព្យាយាមស្វែងរកមធ្យោបាយខាងផ្លូវច្បាប់ ដើម្បីអាចអនុញ្ញាតឱ្យអាជ្ញាធរទប់ស្កាត់មិនឱ្យមានការដុតគម្ពីរកូរ៉ាន នៅមុខស្ថានទូតរបស់ប្រទេសដទៃនៅក្នុងប្រទេសដាណឺម៉ាកនោះទេស។​

លោក រ៉ាសមូសេន បានមានប្រសាសន៍ថា ៖ «ការដុតគម្ពីរគឺជាអំពើដែលប្រមាថយ៉ាងខ្លាំងបំផុត ដែលបានប្រព្រឹត្តិដោ​យបុគ្គលមួយចំនួនតូច។ បុគ្គលមួយចំនួនតូចនេះ មិនបានតំណាងឱ្យគុណតម្លៃដែលសង្គមដាណឺម៉ាកបានបង្កើតឡើ​ងនោះទេ»។​ដូច្នេះ រដ្ឋាភិបាលដាណឺម៉ាកនឹងស្វែងរកលទ្ធភាពធ្វើអន្តរាគមន៍ទៅក្នុងករណីពិសេសៗបែបនេះ ពោ​លគឺនៅពេលដែលប្រទេស វប្បធម៌ និងសាសនាផ្សេងទៀតកំពុងត្រូវបានប្រមាថ។ ហើយការប្រមាថនេះ អាចផ្តល់ផ​លអវិជ្ជមានយ៉ាងខ្លាំងនៅក្នុងប្រទេសដាណឺម៉ាក និងអាចពាក់ព័ន្ធនឹងបញ្ហាសន្តិសុខផងដែរ។​

គួរដឹងដែរថា ប្រទេសដាណឺម៉ាក និងស៊ុយអែត បានធ្វើឱ្យអន្តរជាតិមានការចាប់អារម្មណ៍ជាខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ​ បន្ទាប់ពីមានការតវ៉ាប្រឆាំងសាសនាអ៊ីស្លាម តាមរយៈការដុតបំផ្លាញគម្ពីរកូរ៉ាន ដែលជាសៀវភៅដ៏ពិសិដ្ឋរបស់សា​សនាមួយនេះ។​

កាលពីថ្ងៃអាទិត្យ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាយករដ្ឋមន្ត្រីស៊ុយអែត លោក អ៊ូហ្វ គ្រីស្ទឺសិន (Ulf Kristersson) បានឱ្យដឹងថា លោកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសមភាគីដាណឺម៉ាកលោក មេតេ ហ្វ្រេដឺរីកសិន (Mette Frederiksen) ហើយលោកបានលើកឡើងថា ប្រទេសស៊ុយអែតក៏កំពុងស្វែងរកមធ្យោបាយផ្លូវច្បាប់ដូចទៅនឹងប្រទេសដាណឺម៉ាកផងដែរ។​

សូម​រំឭកដែរ​ថា កាលពីដើមខែនេះ សកម្មជនស្តាំនិយមជ្រុលបានធ្វើការដុតសៀវភៅគម្ពីររបស់សាសនាឥស្លាមនៅទីសាធារណៈ ពោលគឺនៅមុខស្ថានទូតអ៊ីរ៉ាក់ អេហ្ស៊ីប និងតួកគី ដែលស្ថិតនៅក្នុងរដ្ឋធានីដាណឺម៉ាកតែម្ដង។​

កាលពីថ្ងៃចន្ទ សមាជិកពីរនាក់នៃក្រុមអ្នកស្នេហាជាតិដាណឺម៉ាកជ្រុលនិយម បានដើរជាន់លើច្បាប់ចម្លងនៃគម្ពីរកូរ៉ាន ហើយបានដុតគម្ពីរនោះនៅលើថាសសំណមួយ និងភ្ជាប់ជាមួយនឹងទង់ជាតិអ៊ីរ៉ាក់ទៀតផង។ កាលពីដើមខែនេះ ពលរដ្ឋអ៊ីរ៉ាក់ដែលរស់នៅក្នុងប្រទេសស៊ុយអែត ឈ្មោះថា សាល់វ៉ាន ម៉ូមីកា (Salwan Momika) អាយុ ៣៧ឆ្នាំម្នាក់ បានដើរជាន់លើសៀវភៅគម្ពីរនេះ ហើយបានដុតទំព័រជាច្រើនសន្លឹកទៀតផង។​

ការដុតគម្ពីរកូរ៉ានជាសាធារណៈនៅក្នុងបណ្តាប្រទេសស៊ុយអែត ដាណឺម៉ាក និង ន័រវែស បានបង្កឱ្យមានការផ្ទុះកំហឹងយ៉ាងខ្លាំង ជាពិសេសប្រទេសដែលមានប្រជាជនកាន់សាសនាអ៊ីស្លាមច្រើន ក្នុងនោះរួមមានអារ៉ាប៊ីសាអូឌីត តួកគី អេមីរ៉ាតអារ៉ាប់រួម អ៊ីរ៉ង់ ម៉ារ៉ុក កាតា និងយេម៉ែន។ ជាការឆ្លើយតប ប្រជាជនមូស្លីមនៅតាមបណ្ដាប្រទេសទាំងអស់នោះក៏បានចេញធ្វើបាតុកម្មផងដែរ។

ទន្ទឹមនឹងនេះ ប្រទេសស៊ុយអែត និងដាណឺម៉ាក បានលើកឡើងថា ពួកគេមិនពេញចិត្តចំពោះការដុតគម្ពីរកូរ៉ាននោះទេ ប៉ុន្តែពួកគេមិនអាចរារាំងដោយប្រើប្រាស់ច្បាប់របស់ពួកគេឡើយ ដោយសារតែច្បាប់នៅក្នុងប្រទេសទាំងអស់នេះ មានការការពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិយ៉ាងខ្ជាប់ខ្ជួន។​

ដោយឡែក កាលពីដើមខែកក្កដានេះ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ឬហៅកាត់ថា UNHRC បានអនុម័តលើដំណោះស្រាយមួយ ស្តីពីការស្អប់ខ្ពើមសាសនា និងការរើសអើង បន្ទាប់ពីមានព្រឹត្តិការណ៍ដុតបំផ្លាញគម្ពីរកូរ៉ាននេះបានកើតឡើង។​

ប្រទេសប៉ាគីស្ថាន រួមជាមួយនឹងបណ្ដាប្រទេសផ្សេងទៀត បានគាំទ្រចំពោះដំណោះស្រាយនេះ ខណៈដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានជំទាស់ ដោយសារតែពួកគេព្រួយបារម្ភអំពីសេរីភាពនៃការបញ្ចេញមតិ។ លោក រ៉ាសមូសេន បានសង្កត់ធ្ងន់ថា «ធ្វើអ្វីក៏ដោយ យើងគួរតែគោរពសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាជនដាណឺម៉ាកដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ»៕

​ប្រែសម្រួល៖ធា សុណា

ប្រភពព័ត៌មាន៖ Al Jazeera

Denmark to seek legal means to prevent Quran burnings

https://www.aljazeera.com/news/2023/7/30/denmark-to-seek-legal-means-to-prevent-quran-burnings

ads banner