មន្ត្រីសមាគមស្បៀងអាហារ៖ វៀតណាមគ្មានផែនការរឹតបន្តឹងការនាំចេញអង្ករនោះទេ

ហាណូយ៖ មន្ត្រីជាន់ខ្ពស់នៃសមាគមស្បៀងអាហាររបស់ប្រទេសវៀតណាម បានបញ្ជាក់កាលពីថ្ងៃចន្ទថា ប្រទេសវៀតណាមមិនមានផែនការរឹតបន្តឹងការនាំចេញអង្កររបស់ខ្លួននោះទេ។ ការលើកឡើងនេះ គឺបន្ទាប់ពីឥណ្ឌាបានប្រកាសរឹតបន្តឹងការនាំចេញរបស់ខ្លួន បង្កឱ្យពិភពលោកមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់អង្ករជាសកល។

គួរដឹងដែរថា សមាគមស្បៀងអាហារវៀតណាមនេះ ធ្វើការជាតំណាងឱ្យក្រុមហ៊ុនកែច្នៃ និងអ្នកនាំចេញអង្កររបស់វៀតណាមផ្ទាល់ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលផងដែរ។ មន្ត្រីនៅសមាគមនេះមួយរូប សុំមិនបញ្ចេញឈ្មោះបាននិយាយថា ៖ «នៅពេលនេះ ក្រុមហ៊ុនវៀតណាមកំពុងនាំចេញអង្ករជាធម្មតា»។

ការផ្គត់ផ្គង់អង្ករនៅលើពិភពលោក ប្រទេសឥណ្ឌាបានរួមចំណែករហូតដល់ទៅ ៤០ ភាគរយនៃការនាំចេញអង្កររបស់ពិភពលោកសរុប។

ដោយឡែកកាលពីជាងមួយសប្តាហ៍មុន ឥណ្ឌាបានបញ្ជាឱ្យផ្អាកការនាំចេញប្រភេទអង្ករសំខាន់ៗមួយចំនួនរបស់ខ្លួន ដើម្បីរក្សាតម្លៃក្នុងស្រុក ដែលបានកើនឡើងដល់កម្រិតខ្ពស់មួយក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ជាពិសេសក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារតែអាកាសធាតុប្រែប្រួលខ្លាំង ដែលជាការគំរាមកំហែងដល់វិស័យកសិកម្ម។

មន្ត្រីរបស់សមាគមស្បៀងអាហារវៀតណាមខាងលើបានរំលេចថា តម្លៃអង្ករវៀតណាមបានកើនឡើងចាប់តាំងពីឥណ្ឌាផ្លាស់ប្តូរគោលនយោបាយកាលពីថ្ងៃទី២០ ខែកក្កដា។ លោកបានបន្ថែមថា ការប្រមូលផលស្រូវរដូវក្តៅ និងរដូវស្លឹកឈើជ្រុះ កំពុងតែបន្តនៅក្នុងប្រទេសវៀតណាម។ គួរដឹងដែរថា វៀតណាមជាប្រទេសនាំចេញអង្ករធំជាងគេទីបីរបស់ពិភពលោក បន្ទាប់ពីឥណ្ឌា និងថៃ។

ប្រភេទអង្ករខូចនៅប្រទេសវៀតណាមមានប្រមាណជា ៥ ភាគរយ ហើយតម្លៃរបស់វាបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ២០១១ មក ពោលគឺកើនឡើងដល់ ៥៥០ ដុល្លារទៅ ៥៧៥ ដុល្លារក្នុងមួយតោន។

គួរកត់សម្គាល់ថា មុនពេលដែលឥណ្ឌាដាក់ចេញវិធានការរឹតបន្តឹងការនាំចេញអង្ករ តម្លៃប្រភេទអង្ករនេះកើនឡើងត្រឹមតែចន្លោះពី ៥១៥ ដុល្លារទៅ ៥២៥ ដុល្លារអាមេរិកប៉ុណ្ណោះ។

មួយថ្ងៃបន្ទាប់ពីការប្រកាសរឹតបន្តឹងការនាំចេញរបស់ឥណ្ឌា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានអំពាវនាវឱ្យសមាគមធានាការផ្គត់ផ្គង់អង្ករក្នុងស្រុកឱ្យបានគ្រប់គ្រាន់ដើម្បីជៀសវាងបញ្ហាសន្តិសុខស្បៀងកើតឡើង ហើយបានស្នើឱ្យពាណិជ្ជករធ្វើតុល្យភាពរវាងការនាំចេញ និងការលក់ក្នុងស្រុក ដើម្បីរក្សាស្ថិរភាពតម្លៃក្នុងស្រុកផងដែរ។

ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ ការនាំចេញអង្ករពីប្រទេសវៀតណាម ត្រូវបានគេប៉ាន់ប្រមាណថាបានកើនឡើងប្រហែល ១៨,៧ ភាគរយ ស្នើនឹង ៤,៨៤ លានតោន ធៀបនឹងឆ្នាំមុន នេះបើយោងតាមទិន្នន័យបឋមរបស់រដ្ឋាភិបាល។ ប្រាក់ចំណូលបានមកពីការនាំចេញអង្ករក្នុងអំឡុងពេលនេះត្រូវបានគេមើលឃើញថា បានកើនឡើង ២៩,៦ ភាគរយស្មើនឹង ២,៥៨ ប៊ីលានដុល្លារ។

កាលពីថ្ងៃសុក្រ ប្រទេសអេមីរ៉ាតអារ៉ាប់រួមបានប្រកាសថា ខ្លួននឹងហាមឃាត់ការនាំចេញអង្ករ និងការនាំចេញឡើងវិញសម្រាប់រយៈពេល ៤ ខែ រួមទាំងអង្ករដែលមានដើមកំណើតពីប្រទេសឥណ្ឌាផងដែរ៕ ប្រែសម្រួល៖ ធា សុណា

ads banner