របបយោធាមីយ៉ាន់ម៉ា បន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ពន្យារពេលបោះឆ្នោតតាមការសន្យាក្រោយរដ្ឋប្រហារ
ណៃពិដោ៖ របបយោធាមីយ៉ាន់ម៉ា បានប្រកាសបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេលប្រាំមួយខែទៀត ដែលជាសញ្ញានៃការពន្យារពេលបោះឆ្នោត តាមការសន្យាទុកក្រោយរដ្ឋប្រហារនៅដើមខែកុម្ភៈឆ្នាំ ២០២១។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ការប្រកាសកាលពីថ្ងៃចន្ទ ធ្វើឡើងខណៈដែលក្រុមយោធាមីយ៉ាន់ម៉ា នៅតែបន្តប្រយុទ្ធប្រកបដោយការបង្ហូរឈាមទូទាំងប្រទេស ជាមួយកងកម្លាំងក្រុមតស៊ូផ្សេងៗដែលប្រឆាំងនឹងរដ្ឋប្រហារ ដែលទម្លាក់មេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុង សានស៊ូជី កាលពី២ឆ្នាំមុន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ប្រមុខរដ្ឋាភិបាលលោក មីន អ៊ុងឡាង បានទទួលស្គាល់ថា ប្រជាជាតិភាគច្រើនមិនស្ថិតនៅក្រោមការគ្រប់គ្រងដោយយោធាពេញលេញនោះទេ។
ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិ (NDSC) ដែលបង្កើតឡើងដោយរដ្ឋាភិបាលយោធា បានយល់ព្រមពន្យារពេលដាក់ប្រទេសក្នុងគ្រាអាសន្ន ខណៈមីយ៉ាន់ម៉ាស្ថិតនៅក្រោមស្ថានភាពអាសន្នចាប់តាំងពីរដ្ឋាប្រហារមក។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីប្រធានាធិបតីស្តីទី លោក Myint Swe ដែលបាននិយាយថា ៖ «ស្ថានភាពអាសន្ននឹងត្រូវបន្តរយៈពេលប្រាំមួយខែទៀត ចាប់ពីថ្ងៃទី១ ខែសីហាទៅ»។
បើតាមរដ្ឋធម្មនុញ្ញឆ្នាំ ២០០៨ ដែលព្រាងដោយក្រុមយោធា និងនៅតែប្រើជាធរមាន អាជ្ញាធរត្រូវរៀបចំការបោះឆ្នោតថ្មី ក្នុងរយៈពេលប្រាំមួយខែ បន្ទាប់ពីស្ថានភាពអាសន្នត្រូវបានដកចេញ។ កន្លងមករបបយោធាធ្លាប់បានសន្យារៀបចំការបោះឆ្នោតថ្មី នៅខែសីហាឆ្នាំនេះ។
យ៉ាងណាមិញ លោក មីន អ៊ុងឡាង បាននិយាយថា ការប្រយុទ្ធគ្នានៅតែបន្តនៅក្នុងតំបន់ Sagaing Magway Bago និងTanintharyi ក៏ដូចជារដ្ឋខារិន រដ្ឋកាយាហ៍ រដ្ឋឈីន។ លោកបន្តថា៖ «យើងត្រូវការពេលវេលា ដើម្បីបន្តកាតព្វកិច្ចរបស់យើងសម្រាប់ការរៀបចំជាប្រព័ន្ធ ព្រោះយើងមិនគួររៀបចំការបោះឆ្នោតខាងមុខ ដោយប្រញាប់ប្រញាល់នោះទេ»។
គួររំឭកថា របបយោធាបានពន្យារស្ថានភាពអាសន្នរបស់ប្រទេសក្នុងឆ្នាំនេះរួចម្ដងហើយ កាលពីខែកុម្ភៈ ពោលគឺមួយថ្ងៃបន្ទាប់ពី NDSC បាននិយាយថា ស្ថានភាពមិនទាន់វិលមករកភាពប្រក្រតីវិញនៅឡើយ។ លោក មីន អ៊ុងឡាង បាននិយាយកាលពីពេលនោះថា ទីប្រជុំជនច្រើនជាង១/៣របស់មីយ៉ាន់ម៉ា ស្ថិតនៅក្រៅការគ្រប់គ្រងរបស់ក្រុមយោធា៕ ប្រែសម្រួល៖ ហួន ឌីណា