តាលីបង់ អំពាវនាវឱ្យដកការបង្កកលើមូលនិធិធនាគាររបស់អាហ្វហ្គានីស្ថាន បញ្ចប់ការរឹតត្បឹតផ្សេងៗ ក្នុងជំនួបជាមួយអ្នកការទូតអាមេរិក
កាប៊ុល៖ រដ្ឋបាលអាហ្វហ្គានីស្ថានរបស់ពួកតាលីបង់ បាននិយាយកាលពីថ្ងៃទី៣១ ខែកក្កដាថា ខ្លួនបានជួបតំណាងពិសេសរបស់សហរដ្ឋអាមេរិកលោក Tom West នៅក្នុងប្រទេសកាតា ហើយបានពិភាក្សាអំពីការដកការបង្កកលើមូលនិធិនៅបរទេសរបស់ធនាគារធនាគារកណ្តាលអាហ្វហ្គានីស្ថាននិងការដកការរឹតត្បឹងលើការធ្វើដំណើរ និងផ្សេងៗទៀតចំពោះមេដឹកនាំតាលីបង់។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
អ្នកនាំពាក្យក្រសួងការបរទេសអាហ្វហ្គានីស្ថានលោក Qahar Balkhi បាននិយាយក្នុងសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេសថា «IEA (អេមីរ៉ាតអ៊ិស្លាមអាហ្វហ្គានីស្ថាន)បានរំឭកឡើងវិញថា វាមានសារៈសំខាន់ណាស់សម្រាប់ការកសាងទំនុកចិត្តថាបញ្ជីខ្មៅត្រូវបានដកចេញហើយទុនបម្រុងធនាគារមិនត្រូវបានបង្កក ដូច្នេះអាហ្វហ្គានីស្ថានអាចបង្កើតសេដ្ឋកិច្ចដែលមិនពឹងផ្អែកលើជំនួយបរទេស»។
លោក Balkhi បាននិយាយថា គណៈប្រតិភូ IEA ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសស្តីទី លោក Mawlawi Amir Muttaqi រួមទាំងមន្ត្រីធនាគារកណ្តាល និងក្រសួងហិរញ្ញវត្ថុរបស់អាហ្វហ្គានីស្ថាន បានជួបលោកខាងលិច និងគណៈប្រតិភូសហរដ្ឋអាមេរិកចំនួន១៥ នាក់ មកពីនាយកដ្ឋានផ្សេងៗក្នុងរយៈពេល២ថ្ងៃនៅទីក្រុងដូហា ប្រទេសកាតា។ ជុំវិញកិច្ចពិភាក្សានេះ សហរដ្ឋអាមេរិកមិនបានធ្វើអត្ថាធិប្បាយយ៉ាងណាភ្លាមៗនោះទេ។
គួរបញ្ជាក់ថា ពួកតាលីបង់បានវិលចូលកាន់អំណាចនៅអាហ្វហ្គានីស្ថានវិញ នៅខែសីហាឆ្នាំ២០២១ បន្ទាប់ពីកងកម្លាំងបរទេសបានបញ្ចប់វត្តមានរយៈពេល២០ឆ្នាំរបស់ខ្លួនក្នុងប្រទេសនេះ។ ប៉ុន្តែរដ្ឋាភិបាលដែលបង្កើតឡើងដោយចលនាអ៊ិស្លាមនិយម ដែលហៅខ្លួនឯងថា អេមីរ៉ាតអ៊ិស្លាមអាហ្វហ្គានីស្ថាន (IEA) មិនទាន់ទទួលបានការទទួលស្គាល់ពីរដ្ឋណាមួយនៅឡើយទេ ហើយថែមទាំងប្រឈមមុខនឹងការដាក់ទណ្ឌកម្មលើការធ្វើដំណើរ និងហិរញ្ញវត្ថុទៀតផង។
មេដឹកនាំតាលីបង់ភាគច្រើនទាមទារការអនុញ្ញាតពីអង្គការសហប្រជាជាតិដើម្បីធ្វើដំណើរទៅក្រៅប្រទេសអាហ្វហ្គានីស្ថាន ខណៈវិស័យធនាគាររបស់ប្រទេសនេះ ត្រូវជាប់គាំងដោយសារទណ្ឌកម្មហិរញ្ញវត្ថុរបស់បរទេស។
មូលនិធិធនាគារកណ្តាលអាហ្វហ្គានីស្ថានប្រហែល ៧ ប៊ីលានដុល្លារ ត្រូវបានបង្កកនៅក្នុងធនាគារកណ្តាល ក្រុងញូវយ៉កក្នុងខែសីហាឆ្នាំ ២០២១ បន្ទាប់ពីពួកតាលីបង់ឡើងកាន់អំណាច។
ពាក់កណ្តាលនៃមូលនិធិទាំងនោះ ស្ថិតនៅក្នុងមូលនិធិអាហ្វហ្គានីស្ថានដែលមានមូលដ្ឋាននៅប្រទេសស្វីស។ យ៉ាងណាមិញ ថ្មីៗនេះ សវនកម្មដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក របស់ធនាគារកណ្តាលអាហ្វហ្គានីស្ថាន បានបរាជ័យក្នុងការសម្រេចបានការគាំទ្រពីទីក្រុងវ៉ាស៊ីនតោនដើម្បីទទួលបានទ្រព្យសម្បត្តិទាំងនោះមកវិញ៕ ប្រែសម្រួល៖ ហួន ឌីណា