អង្គការសមាគមអភិរក្សសត្វព្រៃ ៖សត្វខ្សឹបញីមួយក្បាលមានភាពប្រសើរឡើងវិញ ក្រោយទទួលបានការជួយសង្រ្គោះពីក្រុមអ្នកជំនាញ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អង្គការសមាគមអភិរក្សសត្វព្រៃ(WCS)បានប្រកាសឱ្យដឹងថា សត្វខ្សឹបញីមួយក្បាលដែលជាប្រភេទសត្វជិតផុតពូជបំផុតលើពិភពលោក ហើយមានសភាពខ្សោយអស់កំលាំង និងមិនអាចហើរបាននោះ បច្ចុប្បន្នមានសភាពល្អប្រសើរឡើងវិញហើយ ក្រោយទទួលបានការជួយសង្រ្គោះពីក្រុមអ្នកជំនាញ។

យោងតាម WCS នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែកក្កដាកន្លងទៅកសិករឈ្មោះ ជិន សុធា ដែលរស់នៅក្នុងភូមិស្រះសំបួរ ឃុំពង្រ ស្រុកតាំងគោក ខេត្ដកំពង់ធំ បានជួយសង្គ្រោះសត្វខ្សឹបញីមួយក្បាលដែលជាប្រភេទសត្វជិតផុតពូជបំផុតលើពិភពលោក ហើយនៅកម្ពុជាវាមានវត្តមាន នៅតែតំបន់វាស្មៅលិចទឹក នៃទំនាបបឹងទន្លេសាបប៉ុណ្ណោះ»។

WCS បានបន្តថា ៖ «សត្វបក្សីដែលត្រូវបានគេជួយសង្រ្គោះនេះ គឺមានសភាពខ្សោយអស់កំលាំង និងមិនអាចហើរបាន គាត់បានយកវាមកផ្ទះរបស់ខ្លួន រួចក៏រាយការណ៍ ដល់ក្រុមការងារនៃគម្រោងរបស់អង្គការ WCS ប្រចាំតំបន់ទេសភាពទន្លេសាប ដើម្បីធ្វើការជួយសង្គ្រោះបន្ទាន់នៅថ្ងៃបន្ទាប់»។

ប្រភពដដែលបានបញ្ជាក់ថា ក្រុមការងារអង្គការ WCS បានសហការជាមួយមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ដែលមានមូលដ្ឋាន នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដើម្បីធ្វើការជួយសង្គ្រោះ និងស្តារនីតិសម្បទា សត្វនេះឡើងវិញ។

អង្គការ WCS បានបន្ថែមថា ៖ «សត្វខ្សឹបញីមួយក្បាល នេះត្រូវបានបញ្ជូនដល់មណ្ឌលសង្គ្រោះនៅម៉ោង ១១ យប់នាថ្ងៃទី២៦ ខែកក្កដា។ បន្ទាប់ពីទទួលការព្យាបាល និងថែទាំពីក្រុម ពេទ្យសត្វជំនាញរបស់អង្គការ ACCB សត្វមួយក្បាលនេះ មានភាព ប្រសើរឡើងគួរអោយកត់សំគាល់ តែជើងទាំងពីររបស់វានៅមិនទាន់អាចដើរបាននៅឡើងទេ ដែលទាមទាការពិនិត្យតាមដានជាបន្តផងដែរ»។

ជាមួយគ្នានេះ អង្គការ WCS ក៏បានធ្វើការថ្លែង អំណរគុណដល់ប្រជាពលរដ្ឋដែលមានការយល់ដឹង ស្រលាញ់ និងចូលរួមយ៉ាងសកម្មក្នុងការអភិរក្សធនធានធម្មជាតិ និងសត្វព្រៃដ៏កម្រទាំងអស់គ្នាថែមទៀត។

ជុំវិញរឿងនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ក្នុងនាមជាអ្នកអភិរក្ស លោកពិតជាមានក្តីរំភើប និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានសហការចូលរួមអភិរក្សសត្វខ្សឹប។លោកក៏បានជំរុញឱ្យប្រជាពលរដ្ឋបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ការពារសត្វខ្សឹបដែលជាសត្វកម្ររបស់ពិភពលោកនេះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។

ឯកឧត្តម នេត្រ ភក្រ្តា បានប្រាប់ថា ៖ «នេះគឺជាកាយវិការមួយដែលបានចូលរួមក្នុងការពារសត្វខ្សឹបដែលជាប្រភេទសត្វកម្រជិតដាច់ពូជនៅលើពិភពលោក ហើយមានតែនៅប្រទេសកម្ពុជាតែមួយគត់ ហើយផ្នែកព្យាបាលឱ្យជាឡើងវិញនេះ គឺឆ្លុះបញ្ចាំងពីសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់មន្រ្តីបស្សុសត្វ និងក្រុមអភិរក្សក្នុងការចូលរួមចំណែកការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានប្រសើរឡើងវិញ»។

តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ ឯកឧត្តម នេត្រ ភក្ត្រា បានបង្ហាញការជឿជាក់ថានឹងធ្វើឱ្យចំណេះដឹងក្នុងការចូលរួមអភិរក្សសត្វកម្រៗពីប្រជាពលរដ្ឋកម្ពុជាមានការកើនឡើងនេះ ដែលជាផ្នែកជួយជំរុញឱ្យមានកំណើនប្រភេទសត្វកម្រមួយនេះ ក៏ដូចជាប្រភេទសត្វកម្រដទៃទៀតមានការកើនឡើង និងអាចមានលទ្ធភាពបន្តពូជជាបន្តបន្ទាប់បាន។

បើតាមក្រសួងបរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្នតំបន់ការពារទេសភាពខាងជើងបឹងទន្លេសាប គឺជាទីជម្រកតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលកំពុងមានវត្តមានសត្វខ្សឹបដ៏កម្ររបស់ពិភពលោកនេះ។ សត្វខ្សឹបជាសត្វកម្រ និងស្ថិតនៅក្នុងប្រភេទសត្វស្លាបដែលគ្រោះថ្នាក់បំផុតជិតផុតពូជពីលើពិភពលោកយើងនេះដែលទាមទារជាចាំបាច់ការចូលរួមការពារនិងអភិរក្សពីគ្រប់ភាគីពាក់ព័ន្ធនានាជាពិសេសពីប្រជាពលរដ្ឋនៅក្នុងតំបន់ដែលជាទីជម្រកសត្វខ្សឹបរស់នៅពងកូន៕ ដោយ៖ បូរ ពេជ្យហ្សាលីន

ads banner