អ៊ុយក្រែនបាត់បង់កងទ័ពជាង២ម៉ឺននាក់ គិតត្រឹមខែកក្កដា

មូស្គូ៖ ប្រមុខការពារជាតិរុស្ស៊ីថ្លែងថា អ៊ុយក្រែនបានបាត់បង់កងទ័ពអស់ជិត ២១,០០០នាក់ គិតត្រឹមក្នុងខែកក្កដាប៉ុណ្ណោះ។

រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក សឺហ្គេ ស៊យហ្គូ នៅថ្ងៃចន្ទនេះ បាននិយាយថា កងកម្លាំងរុស្ស៊ីបានបញ្ឈប់ការវាយបកដ៏ច្រើនសន្ធឹកសន្ធាប់របស់អ៊ុយក្រែន ដោយបានធ្វើឱ្យកងទ័ពអ៊ុយក្រែនបាត់បង់ជីវិតរាប់ម៉ឺននាក់។

ថ្លែងនៅចំពោះមេបញ្ជាការយោធារុស្ស៊ីជាន់ខ្ពស់ជាច្រើនរូប លោក ស៊យហ្គូ បានគូសយ៉ាងដូច្នេះថា អ៊ុយក្រែនកំពុងអស់សង្ឃឹមក្នុងការបញ្ជូនកងកម្លាំងថ្មី ដើម្បីវាយលុកទីតាំងរបស់យើង ប៉ុន្តែយោធារុស្ស៊ីបានរារាំងរាល់ការប៉ុនប៉ងទាំងនោះ ដោយពឹងផ្អែកលើការការពារយ៉ាងល្អ និង ការស៊ូទ្រាំរបស់មន្រ្តីយោធា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងភាពជោគជ័យនេះ។

បើតាមលោក ស៊យហ្គូ ជាលទ្ធផល ក្នុងខែកក្កដា អ៊ុយក្រែនបានបាត់បង់កងទ័ពប្រមាណ ២០,៨២៤នាក់ និងយោធូបករណ៍ ២,២២៧គ្រឿង ក្នុងនោះរួមមានរថក្រោះខ្លារខិន Leopard ផលិតដោយអាល្លឺម៉ង់ចំនួន ១០គ្រឿង, រថពាសដែក Bradley ផលិតដោយអាមេរិកចំនួន ១១គ្រឿង និងកាំភ្លើងយន្ត ៥០ដើម បញ្ជូនមកពីបណ្តាប្រទេសលោកខាងលិចមួយចំនួន។

ប្រមុខការពារជាតិរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា លទ្ធផលខាងលើនេះបានបង្ហាញយ៉ាងច្បាស់ណាស់ថា សព្វាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិចបានបរាជ័យ ក្នុងការជួយឱ្យអ៊ុយក្រែនទទួលជ័យជំនះនៅលើសមរភូមិ ផ្ទុយទៅវិញ វាគ្រាន់តែជាការអូសបន្លាយជម្លោះយោធាប៉ុណ្ណោះ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner