រាជរដ្ឋាភិបាលកម្ពុជា យកទុកដាក់ស្វែងរកអាហារូបករណ៍ជូននិសិ្សត និងមន្ត្រីរាជការ ទៅសិក្សានៅក្រៅប្រទេស ដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធនមនុស្សនៅកម្ពុជា
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តែងយកចិត្តទុកដាក់ ក្នុងការស្វែងរកអាហារូបករណ៍ជូនដល់និសិ្សត និងមន្ត្រីរាជការកម្ពុជា ទៅសិក្សានៅក្រៅប្រទេស ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធនមនុស្សនៅក្នុងប្រទេស ។
នេះជាការបញ្ជាក់របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសអនុញ្ញាតឱ្យនិស្សិតជ័យលាភីចំនួន ២៤រូប មកពីក្រសួង/ស្ថាប័ន ចំនួន១៥ ដែលប្រលងជាប់អាហារូបករណ៍អភិវឌ្ឍន៍ ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន (Japan Development Scholarship – JDS) សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រយៈពេល២ឆ្នាំ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ នៅទីស្តីការក្រសួង។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអបអរសាទរ និងបានផ្តាំផ្ញើឱ្យបន្តខិតខំរៀនសូត្រយកចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗ ដើម្បីរួមចំណែកសំខាន់ដល់ការជួយអភិវឌ្ឍជាតិមាតុភូមិកម្ពុជា នៅពេលត្រឡប់មកប្រទេសវិញ។
ឯកឧត្តម ក៏បានផ្តល់អនុសាសន៍សំខាន់ៗដល់និស្សិតជ័យលាភី ពីស្ថានភាពទូទៅរបស់ប្រទេស និងប្រជាជនជប៉ុន របៀបរបបនៃការរស់នៅទីនោះ និងចែករំលេក អំពីទំនាក់ទំនងកម្ពុជា-ជប៉ុន។ សំណូមពរឱ្យនិស្សិត និងពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅប្រទេសជប៉ុន ត្រូវធ្វើការទំនាក់ទំនងជាប្រចាំ ជាមួយស្ថានទូតខ្មែរនៅទីនោះ ដើម្បីសុំជំនួយលើការងារកុងស៊ុលផ្សេងៗពីស្ថានទូត។

តំណាងនិស្សិតជ័យលាភី បានលើកឡើងថា និស្សិតទាំង២៤នាក់នេះ គឺជាមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុប១៤ស្ថាប័ន។ មុខជំនាញដែលត្រូវសិក្សានោះមាន ៨ជំនាញដូចជា៖ ១-អភិវឌ្ឍន៍ហេដ្ឋានរចនាសម្ពន្ធ ២-អភិវឌ្ឍន៍វិស័យឯកជន ៣-លើកកម្ពស់គុណអប់រំ ៤-អភិវឌ្ឍន៍កសិកម្ម និងអភិវឌ្ឍន៍ជនបទ ៥-លើកកម្ពស់បរិស្ថានរស់នៅទីក្រុង ៦-លើកម្ពស់ប្រព័ន្ធថែទាំសុខភាព និងសន្តិសុខសង្គម ៧-លើកកម្ពស់មុខងាររដ្ឋបាលសាធារណៈ និង៨-កសាងទំនាក់ទំនងអន្តរជាតិ។ តំណាងនិស្សិតជ័យលាភី បានប្តេជ្ញាចិត្តខិតខំសិក្សារៀនសូត្រ ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ល្អៗ និងរួមចំណែកសកម្មក្នុងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជារវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត។

សូមជម្រាបថា ចាប់តាំងពីការដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០០០ គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ឬហៅថា «JDS» បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ អស់រយៈពេលជាង ២០ឆ្នាំ JDS បានផ្តល់អាហារូបករណ៍ដល់មន្រ្តីកម្ពុជាប្រមាណ ៥០០នាក់ ។ ជាងនេះទៅទៀត រដ្ឋាភិបាលជប៉ុន បានផ្តល់ដល់ប្រទេសកម្ពុជានូវគំរោងអាហារូបករណ៍និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លីដ៏ទៃទៀត ដែលបានរួមចំណែកយ៉ាងសំខាន់ដល់តម្រូវការរបស់យើង ក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលមានគុណភាព សមត្ថភាព និងផលិតភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមរបស់ប្រទេសកម្ពុជា ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ